ក្រោយ​អាយុ​២៥ ​បើ​មិន​បាន​រៀប​ការ​នឹង​បុរស​ប្រភេទ​នេះ​ ស្រី​ៗ​សុខ​ចិត្ត​នៅ​លីវ

  • 2017-07-11 00:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​២៥​ឆ្នាំ នាង​អាច​ស្រលាញ់​បុរស​ម្នាក់​ដែល​សង្ហា និង​ថ្នាក់​ថ្នម​នាង។ តែ​ក្រោយ​២៥​ឆ្នាំ បុរស​នោះ​ត្រូវ​តែ "បាន​ការ" មាន​ន័យ​ថា បុរស​នោះ​ត្រូវ​មាន​អ្វី​សមរម្យ​ដើម្បី​ធ្វើ​ឲ្យ​នាង​ស្ងប់​ចិត្ត នៅ​ពេល​ប្រគល់​ជីវិត​របស់​ខ្លួន​ទៅ​ឲ្យ​គេ។

បុរស​ណា​ដែល​រៀបការ​ជាមួយ​ប្រពន្ធ​នៅ​ពេល​ដែល​នាង​មាន​អាយុ​ក្រោម​២៥​ឆ្នាំ​ពិត​ជា​សំណាង​ខ្លាំង​ណាស់ ព្រោះ​នាង​មិន​ទាន់​ចាស់​គំនិត និង​មាន​ក្រសែ​ភ្នែក​មុត​មើល​សង្គម​នេះ​ច្បាស់​លាស់​គ្រប់​គ្រាន់​ទេ។ ដូច​នេះ​ហើយ​នាង​នៅ​មាន​ភាព​ឆោត ងាយ​ត្រូវ​គេ "បោក"។

តែ​ចំពោះ​នារី​ដែល​មាន​អាយុ​លើស​២៥​ឆ្នាំ​គឺ​ខុស​គ្នា ចង់​រៀបការ​នឹង​នាង​គឺ​ពិបាក​ខ្លាំង​ណាស់។ កុំ​គិត​ថា​នារី​ក្រោយ​អាយុ​នេះ​គឺ​ចាស់ ហើយ​អ្នក​ណា​ចង់​យក​ក៏​បាន ឲ្យ​តែ​មាន​អ្នក​យក​គឺ​ជា​សំណាង​របស់​នាង​នោះ។ នេះ​គ្រាន់​តែ​ជា​ការ​គិត​របស់​នារី​ដែល​ប្រញាប់​ការ​តែ​ប៉ុណ្ណោះ។ ចំពោះ​ស្រី​ៗ​ដែល​ឯករាជ្យ និង​ធ្លាប់​ឆ្លង​កាត់​រឿង​ច្រើន​នោះ វា​ជា​រឿង​មួយ​ផ្សេង​ទៀត។ នាង​នឹង​ចូល​រោង​ការ​នោះ​ឡើយ ប្រសិន​បើ​រក​មិន​ទាន់​ឃើញ​បុរស​ដែល "បាន​ការ"។

មក​ដល់​អាយុ​នេះ ស្ដង់ដា​របស់​នាង​គឺ​ខ្ពស់​ខ្លាំង​ណាស់។ ទោះ​បី​ជា​ប៉ាម៉ាក់​រំអុក មិត្តភ័ក្ដិ​ណែ​នាំ​យ៉ាងណា តែ​នាង​នៅ​រឹង​រូស​រឿង​ស្នេហា។ សម្រាប់​រឿង​មនោសញ្ចេតនា នាង​លែង​គិត​ថា​វា​មាន​ពណ៌​ផ្កា​ឈូក​ដូច​កាល​អាយុ​២០​ឆ្នាំ​ទៀត​ហើយ។ នាង​ខ្លាច​ពាក្យ​ផ្អែម​ល្ហែម ពាក្យ​ស្បថស្បែ​របស់​បុរស។ នាង​ខ្លាច​ពាក្យ "ជា​រៀង​រហូត" ព្រោះ​ការ​ពិត​ទៅ "ជា​រៀង​រហូត" មាន​ន័យ​ថា​តែ​ប៉ុន្មាន​ខែ ឬ​យ៉ាង​យូរ​ប៉ុន្មាន​ឆ្នាំ​តែ​ប៉ុណ្ណោះ។

សម្រាប់​នារី​អាយុ​២៥​ឆ្នាំ រឿង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់ (ការ​ពិត​ទៅ​នៅ​អាយុ​ណា​ក៏​រឿង​នេះ​សំខាន់​ដែរ)។ នាង​សុខ​ចិត្ត​យឺត​បន្តិច គ្រាន់​បើ​ជាង​ខុស​មួយ​ជីវិត។ នៅ​ក្នុង​វ័យ​នេះ នាង​ឆ្លាត​ដល់​ថ្នាក់​គួរ​ឲ្យ​ខ្លាច ដូច​នេះ​ហើយ​ដើម្បី​បាន​នាង​ជា​កម្មសិទ្ធិ អ្នក​ត្រូវ​តែ​មាន​អ្វី​ពិត​ប្រាកដ​ដើម្បី​ឲ្យ​នាង​ទុក​ចិត្ត​ទើប​បាន៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម