១០​អាថ៌កំបាំង​​ចង​ចិត្ត​ស្វាមី​ពី​​ភរិយា​មហាសេដ្ឋី​ Jack Ma

  • 2017-07-10 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​គូ​ ក្រៅ​ពី​ការ​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​ដោយ​ក្ដី​ស្រឡាញ់ គឺ​ត្រូវ​មាន​​ការ​យោគយល់​ឲ្យ​គ្នា​ទៀត​ទើប​អាច​រួមរស់​ជាមួយ​គ្នា​មាន​ក្ដី​សុខ។ ថ្ងៃ​នេះ Kanha សូម​ដក​ស្រង់​ពាក្យ​សម្ដី​ដាស់​តឿន​ស្មារតី​សម្រាប់​ស្ត្រី​គ្រប់​រូប ពី​លោក​ស្រី Zhang Ying ជា​​ភរិយា​របស់​កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ចិន Jack Ma ចំនួន​១០​ចំណុច សម្រាប់​ប្រិយមិត្ត​បាន​ស្វែងយល់​ទាំង​អស់​គ្នា​ដូច​ត​ទៅ៖

“ខ្ញុំ​និង​ Jack Ma គឺ​ជា​មិត្ត​រៀន​ជាមួយ​គ្នា​កាល​ពី​រៀន​មហាវិទ្យាល័យ។ បន្ទាប់​ពី​រៀន​ចប់ ខ្ញុំ​ក៏​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គាត់។ Jack Ma មិន​មែន​ជាមនុស្ស​សង្ហា​អី​ទេ ​មាន​តែ​អាក្រក់​ជាង​មនុស្ស​ទូទៅ​ផង ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​តួ​ខ្លួន​គាត់​ គឺ​គាត់​អាច​ធ្វើ​អ្វី​បាន​ច្រើន​ក្នុង​ខណៈ​ដែល​មនុស្ស​ប្រុស​សង្ហា​ទាំង​ឡាយ​មិន​ចាប់​អារម្មណ៍​នឹង​ធ្វើ។  

ខ្ញុំ​សម្រេច​ចិត្ត​មិន​ខុស​ទេ មុខ​ជំនួញ​ Alibaba របស់​គាត់​បាន​ក្លាយ​ជា​​រឿង​អច្ឆរិយ​ក្នុង​វិស័យ​ជំនួញ​អនឡាញ ហើយ​អ្នក​ណា​ៗ​ក៏​ហៅ​គាត់​ថា “បិតា​នៃ​ការ​បង្កើត​មុខ​ជំនួញ”។ នេះ​​គឺ​ជា​មោទនភាព​យ៉ាង​ខ្លាំង​របស់​ខ្ញុំ។

១០​ចំណុច​ខាង​ក្រោម​នេះ នាង​ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​នារី​​ទាំង​ឡាយ​ដើម្បី​ពិគ្រោះ ពិចារណា​ជា​ផល​ប្រយោជន៍​​ទាំង​អស់​គ្នា៖

១. ក្រោយ​រៀបការ អ្នក​នឹង​ផ្លាស់​ប្ដូរ​ឋានៈ​មក​ជា​ភរិយា​និង​ម្ដាយ​​របស់​គេ ដូច្នេះ​កុំ​តាម​តែ​ចិត្ត​ខ្លួន​ឯង​ដូច​កាល​ពី​មិន​ទាន់​រៀបការ ត្រូវ​មើល​ថែ​កូន ​និង​ចាំ​ជួយ​គាំទ្រ​​ដល់​ស្វាមី។

២. ប្រសិន​បើ​ស្រឡាញ់​​ប្ដី​របស់​យើង គឺ​ត្រូវ​ស្រឡាញ់​ឪពុក​ម្ដាយ​របស់​គាត់​សិន បើ​គ្មាន​ឪពុក​ម្ដាយ​របស់​គាត់ នោះ​ក៏​គ្មាន​គាត់​ដើម្បី​ឲ្យ​យើង​ស្រឡាញ់​នោះ​ដែរ។ កុំ​យក​អ្វី​ដែល​ឪពុក​ម្ដាយ​ក្មេក​ធ្វើ​និង​គិត​ចំពោះ​យើង ទៅ​ប្រៀបធៀប​ជាមួយ​អ្វី​ដែល​យើង​ទទួល​បាន​ពី​ឪពុក​ម្ដាយ​បង្កើត​យើង​ឲ្យ​សោះ។

៣. កុំ​ជជីក​សួរ​ប្ដី​គ្រប់​រឿង​​គ្រប់​យ៉ាង ចំណុច​ខ្លះ​គឺ​ជា​នយោបាយ​ ឬ​វិធីសាស្ត្រ​ផ្ទាល់​ខ្លួន​របស់​គាត់​ក្នុង​ការ​ធ្វើ​ការ ដែល​មិន​ចាំបាច់​ត្រូវ​ពន្យល់​យើង​ឲ្យ​យល់​គ្រប់​រឿង​នោះ​ទេ។ រង់​ចាំ​ផ្ដល់​កម្លាំង​ចិត្ត និង​ការ​ជ្រោមជ្រែង​គឺ​​គ្រប់គ្រាន់​ហើយ។ ត្រូវ​ចាំ​ជួយ​គាត់ មិនមែន​ចាំ​រំខាន​ការងារ​គាត់​នោះ​ឡើយ។  

៤. ស្វាមី​ដែល​ត្រូវ​​ចង​ឃុំ នឹង​ល្អ​ជាមួយ​អ្នក​តែ​មាត់ ប៉ុន្តែ​ស្វាមី​ដែល​ត្រូវ​មន្ត​ស្នេហ៍ នឹង​ល្អ​ជាមួយ​អ្នក​ដោយ​ចេញ​ពី​ចិត្ត។ ផ្ដល់​ក្ដី​ស្រឡាញ់​​ និង​ទំនុក​ចិត្ត​ទៅ​លើ​គាត់​ឲ្យ​បាន​ច្រើន ហើយ​បើ​នៅ​ជាមួយ​មិត្តភ័ក្ដិ​គឺ​មិន​ត្រូវ​និយាយ​ដើម​គាត់ ឲ្យ​មិត្តភ័ក្ដិ​ស្ដាប់​ដាច់​ខាត។

៥. កុំ​គិត​ចង់​​ផ្លាស់​ប្ដូរ​គាត់ ប៉ុន្តែ​ត្រូវ​កសាង​កម្លាំង​ជំរុញ​ទឹក​ចិត្ត​ឲ្យ​គាត់។ ចរិត​ទូទៅ​របស់​មនុស្ស​ប្រុស​តែង​បង្ហាញ​ភាព​ខ្ជិល​ច្រអូស​ មិន​សូវ​ចូលចិត្ត​ភាព​ស្អាត​ប៉ុន្មាន​ទេ ដូច្នេះ​ការងារ​តូចតាច​ក្នុង​ផ្ទះ មិន​ចាំបាច់​ទាមទារ​ឲ្យ​គាត់​ត្រូវ​តែធ្វើ​នោះ​ទេ គួរ​បណ្ដោយ​ឲ្យ​គាត់​ប្រើ​សមត្ថភាព​​ក្នុង​រឿង​​រក​ស៊ី​ឲ្យ​បាន​ពេញ​ទំហឹង​វិញ​ល្អ​ជាង។

៦. នៅ​ពេល​ប្ដី​ត្រលប់​មក​ផ្ទះ​វិញ ប្រពន្ធ​ក៏​គួរ​តែ​នៅ​ផ្ទះ។ ស្វាមី​ត្រលប់​ពី​ធ្វើ​ការ​តែង​ចង់​ឃើញ​មុខ​ប្រពន្ធ ចង់​ឮ​សំឡេង​របស់​​ប្រពន្ធ សួរ​នាំ​ដោយ​ការ​យល់​ចិត្ត​យល់​ថ្លើម តែ​មិនមែន​សំឡេង​រអ៊ូ​ទេ។

៧. កុំ​យក​ការ​សង្ស័យ​របស់​ខ្លួន​មក​ធ្វើ​ការ​វិនិច្ឆ័យ កុំ​គិត​ឯង​ ថា​ឯង​ដាច់​ខាត។ កុំ​យក​ការ​សង្ស័យ​មក​គិត​ស្មុគស្មាញ​​ដូច​ជា​រឿង​ពិត។ នេះ​គឺ​ជា​ការ​​ផ្ដល់​អារម្មណ៍​​មិន​ល្អ​ចំពោះ​ស្វាមី ហើយ​ក៏​បង្ហាញ​ថា​អ្នក​ជា​ភរិយា​​ដែល​គ្មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ដែរ។

៨. កុំ​ធ្វើ​ខ្លួន​ជា​អ្នក​រិះគន់ ពូកែ​ស្ដី​បន្ទោស បន្តុះ​បង្អាប់​ប្ដី ព្រោះ​​នឹង​គ្មាន​ស្វាមី​ឯណា​ចង់​នៅ​ជាមួយ​អ្នក​ឡើយ ប្រៀបដូច​ជា​ភ្លើង​និង​ចំបើង​​គឺ​មិន​អាច​នៅ​ជាមួយ​គ្នា​​បាន។

៩. កុំ​មើល​ងាយ ជេរ​ប្រមាថ​ប្ដី។ ការ​ជេរ​ប្រមាថ​ប្ដី មិន​ថា​ជេរ​ខុស​ ឬ​ជេរ​ត្រូវ គឺ​នឹង​មាន​ការ​​ប្រមាថ​​​ជះ​ត្រលប់​មក​អ្នក​វិញ​មិន​ខាន។

១០. ក្ដី​ស្រឡាញ់​ប្រៀប​ដូច​ជា​គ្រប់​ខ្សាច់ អាច​ចាប់​បាន​តែ​ចង​ឲ្យ​ជាប់​គ្នា​មិន​ឡើយ។ ការ​ចង​ជើង​អាច​បាន​ខ្លួន​គាត់ តែ​បើ​អាច​ចង​ចិត្ត​គាត់​បាន​វា​នឹង​មាន​ភាព​ស្ថិតស្ថេរ​ជាង។ បង្រៀន​កូន​មុខ​អ្នក​ដទៃ​បាន ប៉ុន្តែ​ចំពោះ​ស្វាមី នៅ​ក្រោយ​ខ្នង​អ្នក​ដទៃ​សឹម​ផ្ដល់​ការ​ណែនាំ ហាម​បំបាក់​មុខ​គាត់​នៅ​មុខ​អ្នក​ដទៃ​ដាច់​ខាត។ បុរស​ដែល​ធ្វើ​ការ​មាន​មុខ​ក្នុង​សង្គម របស់​ដែល​​សំខាន់​បំផុត​គឺ​មុខ​មាត់ និង​កិត្តិយស ហើយ​មនុស្ស​ប្រុស​គ្រប់​គ្នា​គឺ​បារម្ភ​ពី​រឿង​ទាំង​នេះ​ខ្លាំង​ណាស់។    ភរិយា​ដែល​រៀប​ចំ​ខ្លួន​បាន​ល្អ ជីវិត​នឹង​មាន​ក្ដី​សុខ​ ប៉ុន្តែ​ភរិយា​ដែល​មិន​ចេះ​ស្កប់ស្កល់ នឹង​ពិបាក​រក​ក្ដី​ស្ងប់​ក្នុង​ជីវិត ៕

ប្រភព៖ Kaijeaw ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម