នៅពេលគេមិនស្រលាញ់យើងពិតប្រាកដ មានន័យថាយើងមានឱកាសដើម្បីរកសុភមង្គលផ្សេង
- 2017-07-10 02:07:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅពេលគេមិនស្រលាញ់យើងពិតប្រាកដ មានន័យថាយើងមានឱកាសដើម្បីរកសុភមង្គលផ្សេង
តាមពិតទៅ នៅពេលដឹងថាគេមិនបានស្រលាញ់អ្នកពិតប្រាកដ ក៏គ្មានអ្វីធំដុំដែរ។ អ្នកគ្រាន់តែជាជម្រើសមួយរបស់គេ តែអ្នកនៅមានជម្រើសជាច្រើនទៀតនៅក្រៅ។
នៅពេលដឹងថាគេមិនស្រលាញ់យើង ក៏មិនអី ព្រោះព្រះអាទិត្យនៅតែរះ។ អ្នកនៅតែត្រូវទៅធ្វើការ នៅតែបំពេញរាល់កិច្ចការរបស់ខ្លួនបើមិនចង់ត្រូវគេបញ្ឈប់ការងារ។ ផ្លូវដែលរាល់ថ្ងៃយើងជិះកាត់ក៏គ្មានអ្វីផ្លាស់ប្ដូរ។ ដើមឈើ និងស្លឹកនៅតែខៀវស្រងាត់។
រីឯរឿងអ្វីគ្រប់យ៉ាងក្នុងជីវិតអ្នកគឺនៅដូចដើម។ ដូចនេះហើយ នៅពេលដឹងថាអ្វីដែលយើងខំផ្ដល់ឲ្យគេ តែទទួលមកវិញមិនស័ក្ដិសម គ្រាន់តែញញឹមបន្តិចរួចសឹមទាត់គេចេញពីជីវិតអ្នកជាការស្រេច។
គ្មានបាយញ៉ាំ ទឹកផឹក ខោអាវស្លៀក លុយចាយ ទើបស្លាប់ តែបើគ្មានបុរស នៅតែរស់បានដោយគ្មានបញ្ហា។
ប្រាកដហើយ មិនអាចបដិសេធបានទេថាអ្នកនឹងឈឺចាប់ នឹងវិលវល់ខ្លាំងណាស់។ លះបង់ស្នេហាសម្រាប់គេធំដល់ប៉ុណ្ណេះទៅហើយ។ តែអ្វីៗនឹងឆ្លងផុតទៅ គ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ។ អ្នកត្រូវសួរខ្លួនឯងថាបុរសម្នាក់នោះសមនឹងឲ្យអ្នកលះបង់យុវភាព និងមនោសញ្ចេតនាឲ្យគេឬអត់។ បើសិនជាចម្លើយគឺសម អូខេបន្តឈឺចាប់បន្តទៀតចុះ ព្រោះមានអ្នកណាសិទ្ធិហាមឃាត់អ្នកនោះ។ តែបើចម្លើយថាទេ អ្នកដឹងខ្លួនហើយថាត្រូវកាត់ផ្ដាច់ចំណងមួយនេះឲ្យដាច់ស្រេច។
អ្នកសោកស្ដាយនូវអ្វីដែលខ្លួនលះបង់តែមិនអាចទទួលបានមកវិញ តែអ្នកមានធ្លាប់គិតទេថា បើសិនជាយើងផ្ដល់អ្វីទាំងនេះ ដល់អ្នកដែលស័ក្ដិសមនឹងទទួលវាជាងនេះ អ្នកនឹងមានសុភមង្គលទ្វេដង? ហេតុអ្វីផ្លូវទូលាយមួយគំនរមិនដើរ បែរជាបោរចូលច្រកតូចដ៏ឈឺចាប់មួយនេះ។
ត្រូវចងចាំថា នៅពេលគេមិនស្រលាញ់ពិតប្រាកដ មានន័យថាគេកំពុងផ្ដល់ឱកាសឲ្យអ្នកទៅរកសុភមង្គលដែលល្អប្រសើរជាងនេះហើយ៕