ភ្ញាក់ខ្លួនឡើង! ៥ វិធីដើម្បីកាត់ចិត្តពី “អ្នកមានម្ចាស់”
- 2017-07-08 07:05:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ខ្លួនឡើង! ៥ វិធីដើម្បីកាត់ចិត្តពី “អ្នកមានម្ចាស់”
គ្មាននរណាដែលមិនដឹងនោះទេ ថាការស្រឡាញ់អ្នកមានម្ចាស់គឺជាទង្វើមិនគប្បី ហើយនាំតែទុក្ខដល់ខ្លួនឯង ប៉ុន្តែវាមិនមែនជារឿងងាយនោះទេ នៅពេលដែលខួរក្បាលរបស់យើងចង់បំភ្លេចគេឲ្យបាន ប៉ុន្តែបេះដូងយើងនៅតែរឹងទទឹង។ បើសិនកំពុងជួបបញ្ហានេះ អាចសាកល្បងវិធីខាងក្រោមនេះលមើល ក្រែងលោមានប្រសិទ្ធភាព៖
១. ទន្ទេញពាក្យថា “ការលួចស្នេហាអ្នកដទៃគឺជារឿងបាប”
បាបណា! នៅពេលដែលយើងមិនអាចឃាត់ចិត្តយើងបាន ក៏គួរកុំភ្លេចគិតដល់រឿងបាបបុណ្យគុណទោស។ ត្រូវគិតថាគេមានម្ចាស់រួចទៅហើយ ហើយការដែលទៅដណ្ដើមរបស់គេវាគឺជាអំពើបាប ដែលធ្វើឲ្យមនុស្សស្រីម្នាក់ទៀតត្រូវឈឺចាប់ បើយើងជាគេក៏គង់ឈឺចាប់ដូចគ្នា។ បើប៉ះប្ដីគេទៀត នោះជារឿងខុសច្បាប់តែម្ដង។
២. គិតថាបើគេស្រឡាញ់យើងបាន គេក៏ទៅស្រឡាញ់អ្នកផ្សេងបានដែរ
ការដែលគេព្រមបោះបង់គូស្នេហ៍ចាស់របស់គេដើម្បីមកស្រឡាញ់យើង ក៏ជាការស្ដែងឲ្យឃើញថា ថ្ងៃណាមួយគេក៏អាចបោះបង់យើង ទៅស្រឡាញ់នារីផ្សេងដូចគ្នា ដូច្នេះហើយស្រីៗដែលចង់កាត់ចិត្តពីអ្នកមានម្ចាស់ ក៏គួរតែរំឭកខ្លួនឯងពីចំណុចនេះផង។
៣. គិតថាឪពុកម្ដាយនឹងខូចចិត្តប៉ុណ្ណា
គ្មានឪពុកម្ដាយឯណាដែលសប្បាយចិត្តដែលកូនស្រីរបស់ខ្លួនទៅដណ្ដើមប្ដី ឬសង្សារអ្នកដទៃនោះទេ។ ការគិតដល់អារម្មណ៍ឪពុកម្ដាយនៅពេលដែលដឹងថាខ្លួនយើងធ្វើអ្វីមួយខុស នឹងធ្វើឲ្យយើងអាចកាត់ចិត្តនិងដកខ្លួនបានកាន់តែងាយមួយកម្រិត។
៤. នឹកស្រមៃដល់ថ្ងៃដែលគូស្នេហ៍របស់គេទូរសព្ទមកជេរ
ប្រសិនបើគិតដល់រឿងផ្សេងៗហើយនៅតែមិនអាចកាត់ចិត្តពីគេបាន អាចសាកល្បងនឹកដែលថ្ងៃមួយដែលគូស្នេហ៍របស់គេដឹងការពិត ហើយទូរសព្ទមកឈ្លោះ ឬជេរស្ដីយើង។ សាកគិតទៅមើលថាយើងនឹងមានអារម្មណ៍ឈឺចាប់ និងខ្មាសអៀនប៉ុណ្ណា ហើយនារីម្នាក់នោះក៏គង់ឈឺចាប់មិនចាញ់យើងនោះឡើយ។
៥. គិតថាយើងនៅមានឱកាសជួបមនុស្សល្អៗបានច្រើនទៀត
កុំគិតថាបុរសម្នាក់នេះជាមនុស្សចុងក្រោយ ហើយបើមិនបានស្រឡាញ់គេ យើងនឹងមិនអាចស្រឡាញ់អ្នកដទៃបានទៀត។ ត្រូវជឿថាយើងអាចជួបនឹងមនុស្សល្អៗទៀតជាច្រើនអ្នកទៀតដែលគេមិនទាន់មានម្ចាស់ ដូច្នេះហើយត្រូវអត់ធ្មត់រង់ចាំគូព្រេងរបស់យើង ប្រសើរជាងទៅ លះបង់គ្រប់យ៉ាងដើម្បីគេម្នាក់នោះ ៕
ប្រិយមិត្តណាមានវិធីល្អៗលើសពីនេះទេ?