តិចនិកកោរ និងគូរចិញ្ចើមឲ្យបានស្អាត ត្រឹមត្រូវតាមទម្រង់មុខ
- 2017-07-08 05:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកកោរ និងគូរចិញ្ចើមឲ្យបានស្អាត ត្រឹមត្រូវតាមទម្រង់មុខ
ចិញ្ចើមគឺជាចំណុចដ៏សំខាន់មួយសម្រាប់ផ្ទៃមុខរបស់យើង ដែលអាចនិយាយបានថាពេលខ្លះមិនចាំបាច់ផាត់មុខ ឲ្យតែគូរចិញ្ចើមឲ្យបានស្អាត ក៏មើលទៅគ្រាន់បើដែរ ហើយបើគូរឲ្យស៊ីគ្នានឹងទម្រង់មុខទៀត ក៏រឹតតែមើលទៅស្រស់ស្អាត។ ប្រិយមិត្តជាច្រើនប្រហែលត្រូវពឹងជាងផាត់មុខគ្រប់ពេលដើម្បីកោរ និងគូរចិញ្ចើមនេះ ដោយមិនហ៊ានធ្វើខ្លួនឯងខ្លាចខូច។ ប៉ុន្តែប្រសិនបើមិនចង់ចំណាយពេល ចំណាយលុយទៅហាង ក៏បានដែរ ដោយថ្ងៃនេះ Kanha នឹងបង្ហាញពីរបៀបកោរចិញ្ចើម និងគូរចិញ្ចើមឲ្យបានត្រឹមត្រូវតាមទម្រង់មុខ ដែលប្រិយមិត្តអាចយកទៅអនុវត្តសាកល្បងបានដោយខ្លួនឯង។
ជ្រើសរើសម៉ូដចិញ្ចើម តាមទម្រង់មុខ៖
១. មុខរាងពងក្រពើ
អ្នកដែលមានទម្រង់បែបនេះចាត់ទុកថាមានសំណាង ព្រោះអាចធ្វើសក់ម៉ូដអ្វីក៏មើលទៅស្អាត ហើយចិញ្ចើមក៏ដូចគ្នា។ ប៉ុន្តែបើចង់ឲ្យសក្ដិសមបំផុត គឺគួរជ្រើសរើសម៉ូដចិញ្ចើមរាងកោងបន្តិច ឲ្យមើលទៅបែបធម្មជាតិ។
២. ទម្រង់មុខវែង
ម៉ូដចិញ្ចើមដែលត្រូវបំផុតជាមួយទម្រង់មុខនេះ គឺម៉ូដត្រង់ៗ ដែលអាចឲ្យមុខយើងមើលទៅមាន Balance ម្យ៉ាងងាយគូរបំផុត។
៣. ទម្រង់មុខមូល
អ្នកមានមុខមូល ថ្ពាល់ច្រើន គួរជ្រើសរើសចិញ្ចើមរាងកោងល្មមៗ នោះនឹងជួយឲ្យមុខមើលទៅស្រួចបន្តិច ប៉ុន្តែត្រូវប្រយ័ត្នកុំគូរកោងពេកព្រោះអាចធ្វើឲ្យមុខយើងមើលទៅកាន់តែមូល។
៤. ទម្រង់មុខរាងបេះដូង
បើអ្នកមានទម្រង់មុខរាងបេះដូងនោះមានន័យថាអ្នកមានចង្កាស្រួច ដូច្នេះដើម្បីឲ្យមុខមើលទៅស្រួចពេក អ្នកអាចជ្រើសរើសគូរចិញ្ចើមរាងកោង ហើយបើចង់បានមុខរាងវែងបន្តិច អាចគូរឲ្យកោងខ្លាំងបន្តិច។
៥. ទម្រង់មុខជ្រុង ថ្គាមខ្លា
ចិញ្ចើមដែលត្រូវនឹងទម្រង់មុខបែបនេះ គឺចិញ្ចើមកោងដែលរាងក្រាស់បន្តិច។
៦. ទម្រង់មុខរាងគ្រាប់ពេជ្រ
ទម្រង់មុខបែបនេះគឺមានន័យថាមានឆ្អឹងថ្ពាល់ធំបន្តិច ដូច្នេះចិញ្ចើមរាងកោងគឺសក្ដិសមបំផុត។
វិធីកោរចិញ្ចើមដោយខ្លួនឯង
ឧបករណ៍ដែលត្រូវមាន
• កាំបិត ឬឡាមកោរ
• ជក់ផាត់ចិញ្ចើម
• កន្ត្រៃសម្រាប់តម្រឹមចិញ្ចើម
#1. ចាប់ផ្ដើមដំបូង ដោយការគូរទម្រង់ចិញ្ចើមដែលយើងចង់បានដោយប្រើខ្មៅដៃគូរចិញ្ចើម
#2. ចាប់ផ្ដើមកោរចិញ្ចើមម្ដងមួយផ្នែកៗ ចាប់ផ្ដើមពីខាងលើ ទៅកន្ទុយចិញ្ចើម និងខាងក្រោមតាមលំដាប់។ ដំណាក់កាលនេះត្រូវប្រយ័ត្ន ចៀសវាងកោរប្រញាប់ៗអាចនាំឲ្យខូច។
#3. បន្ទាប់មកយើងអាចយកជក់ និងក្រាស់ មកសិតចិញ្ចើមឲ្យឃើញរោមចិញ្ចើមវែងល្អ ហើយរោមណាដែលវែងហួសគំនូស យើងអាចប្រើកន្ត្រៃតម្រឹម។
#4. អាចសារ៉េផ្នែកខាងលើបន្តិចដើម្បីឲ្យមើលទៅកាន់តែស្អាត។
#5. ចុងក្រោយក៏យកខ្មៅដៃមកគូរតាមចិញ្ចើមដែលកោរហើយ នោះជាការស្រេច ៕