ចង់ឲ្យភ្នែកនៅមើលឃើញច្បាស់ ញ៉ាំអាហារ៧មុខនេះឲ្យបានច្រើន
- 2017-07-03 14:00:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យភ្នែកនៅមើលឃើញច្បាស់ ញ៉ាំអាហារ៧មុខនេះឲ្យបានច្រើន
ប្រិយមិត្តមួយចំនួនប្រហែលជាធ្លាប់មានអារម្មណ៍ថា ភ្នែកខ្លួនឯងដូចជាមិនសូវមើលច្បាស់ជាងមុន។ កាលពីក្មេងមានអារម្មណ៍ថាមើលបានច្បាស់ សូម្បីតែនៅចម្ងាយឆ្ងាយៗ ប៉ុន្តែច្រើនឆ្នាំក្រោយមក ដោយសារតែសកម្មភាពប្រចាំថ្ងៃ និងការវិវត្តនៃបច្ចេកវិទ្យាផង ធ្វើឲ្យរាល់ថ្ងៃនេះហាក់មើលអ្វីលែងច្បាស់ ១០០%សូម្បីតែនៅជិតប៉ុណ្ណាក៏ដោយ។ ពិតណាស់បើយើងព្រងើយកន្តើយមិនថែរក្សាសុខភាពភ្នែក គឺនឹងធ្វើឲ្យភ្នែកយើងកាន់តែខ្សោយទៅៗ។ ដូច្នេះដើម្បីចៀសវាងគ្រប់យ៉ាងកាន់តែអាក្រក់ អ្នកគួរចាប់ផ្ដើមកែប្រែទម្លាប់ខ្លះៗដែលធ្វើឲ្យភ្នែកមានបញ្ហា ដូចជាការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរសព្ទក្នុងរយៈពេលយូរ ឬនៅទីកន្លែងដែលគ្មានពន្លឺគ្រប់គ្រាន់ជាដើម។ ជាមួយគ្នានេះដែរ អ្នកក៏គួរជ្រើសរើសអាហារដែលមានគុណតម្លៃច្រើនសម្រាប់ជំនួយភ្នែកដូចជា៖
១. ការ៉ុត
ក្រៅពីសម្រស់ទាក់ទាញ និងរសជាតិឆ្ងាញ់ ការ៉ុតគឺជាបន្លែដែលសម្បូរទៅដោយជាតិបេតាខេរ៉ូអ៊ីន ដែលត្រូវបម្លែងជាវីតាមីន E ដើម្បីជំនួយដល់សុខភាពភ្នែក។ បើសិនជាអាចទទួលទានឆៅនោះនឹងអាចទទួលបាននូវប្រយោជន៍ពេញតែម្ដងពីការ៉ុត ព្រោះថាបើចម្អិនឲ្យឆ្អិនពេកនោះនឹងធ្វើឲ្យសារធាតុចិញ្ចឹមរបស់វាកាន់តែថយចុះ។
២. ផ្កាខាត់ណាខៀវ (Broccoli)
ប្រូខូលី មិនត្រឹមតែមានរសជាតិឆ្ងាញ់ ប៉ុន្តែក៏មានផលល្អច្រើនយ៉ាងដែរ ដោយមានទាំងវីតាមីន B, និងជាតិលូទីន (lutein) រួមជាមួយសារធាតុ ហ្សេហ្សាធីន (zeaxanthin) ដែលជំនួយដល់សុខភាពភ្នែក រួមជាមួយខួរក្បាលផងដែរ។ ដើម្បីទទួលបានផលប្រយោជន៍ពេញលេញ អ្នកមិនគួរចម្អិនវាឲ្យឆ្អិនពេកនោះទេ គឺគ្រាន់តែឆ្អិនតិចៗគឺគ្រប់គ្រាន់ហើយ។
៣. សាច់ត្រី
ជាតិខ្លាញ់ក្នុងសាច់ត្រីជាច្រើនប្រភេទ គឺសម្បូរទៅដោយសារធាតុមេហ្កា 3 ដែលអាចជួយទប់ស្កាត់ការបំផ្លាញសុខភាពភ្នែកដែលបង្កដោយការកើនឡើងកម្ដៅក្នុងរាងកាយ និងបញ្ហាភ្នែកស្ងួត ដែលភាគច្រើនបណ្ដាលមកពីការប្រើ Contact Lenses។ វិធីចម្អិនដែលអាចឲ្យអ្នកទទួលបានផលប្រយោជន៍ច្រើនបំផុតពីសាច់ត្រី គឺការអាំង និងដុត។
៤. គ្រាប់ធញ្ញជាតិ
ដូចជាសាច់ត្រីដែរ គ្រាប់ធញ្ញជាតិដូចជា គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី... ក៏មានសារធាតុអូមេហ្កា 3 ដែលជំនួយដល់សមត្ថភាពមើលឃើញរបស់ភ្នែកយើងដែរ។ ក៏ប៉ុន្តែអ្វីដែលសំខាន់គឺត្រូវញ៉ាំគ្រាប់ធញ្ញជាតិដែលស្រស់ ចៀសវាងឆ្លងកាត់ការកែច្នៃ ឬផ្សំគ្រឿងបន្ថែមដែលធ្វើឲ្យបាត់បង់សារធាតុចិញ្ចឹម។
៥. ប៊ើរី
ពពួកផ្លែឈើប៊ើរី ក្រៅពីមានរសជាតិឆ្ងាញ់ត្រូវចិត្តមនុស្សភាគច្រើនហើយ ក៏សម្បូរទៅដោយជាតិវីតាមីន និងជាតិរ៉ែជាច្រើនទៀត ដែលនឹងជួយឲ្យសុខភាពភ្នែកមានភាពប្រសើរ។ ក្រៅពីនេះវាក៏ជួយបម្រុងដល់សរសៃឈាមទូទាំងរាងកាយផងដែរ។
៦. ផ្លែឈើក្រៀម
យកទំពាំងបាយជូរក្រៀម ឬផ្លែល្វាត្រាំទឹកមួយយប់ ហើយយកវាមកញ៉ាំនៅពេលពោះទទេនៅព្រឹកបន្ទាប់។ បរិមាណហ្វាយប៊ើ និងវីតាមីនខ្ពស់ក្នុងផ្លែឈើក្រៀមទាំងនេះ នឹងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានលឿន និងជម្រុះជាតិពុលចេញពីរាងកាយ ហើយក៏ជួយដោះស្រាយបញ្ហាភ្នែករបស់យើងបានដែរ។
៧. ផ្លែប័រ (Avocado)
Avocado គឺជាផ្លែឈើមួយប្រភេទទៀតហើយដែលសម្បូរដោយជាតិលូទីន និងបេតាខេរ៉ូទីន ព្រមទាំងវីតាមីនជាច្រើនប្រភេទដូចជា B, C និង E។ ដូចដែលបានរៀបរាប់ខាងលើ សារធាតុលូទីន គឺល្អបំផុតសម្រាប់សុខភាពភ្នែក និងជួយឲ្យភ្នែករបស់យើងមើលឃើញបានច្បាស់បានយូរអង្វែង ៕