៦តិចនិកដើម្បីអានសៀវភៅឲ្យចាំជាប់ក្នុងខួរក្បាល គ្មានថ្ងៃភ្លេច
- 2017-06-29 04:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦តិចនិកដើម្បីអានសៀវភៅឲ្យចាំជាប់ក្នុងខួរក្បាល គ្មានថ្ងៃភ្លេច
ជារឿងធម្មតាទៅហើយសម្រាប់សិស្សនិស្សិតភាគច្រើន ដែលខំសម្រុកអានសៀវភៅខ្លាំងបំផុត ក្នុងអំឡុងពេលប៉ុន្មានថ្ងៃមុនប្រឡង ដែលអ្នកខ្លះខំអានដល់យប់ជ្រៅ អ្នកខ្លះខំងើបតាំងពីមេឃមិនទាន់ភ្លឺដើម្បីអាន ប៉ុន្តែពេលខ្លះក៏មានអារម្មណ៍ថាអានមុខភ្លេចក្រោយ អានក្រោយភ្លេចមុខ។ អ្នកដែលមានបញ្ហាបែបនេះសូមកុំបារម្ភ ដោយថ្ងៃនេះ យើងនឹងបង្ហាញពីតិចនិកអានសៀវភៅចំនួន ៦សម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលកំពុងត្រៀមប្រឡង ឬចង់ឲ្យការអានទូទៅរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព។
១. អាននៅពេលដែលរាងកាយត្រៀមរួចរាល់
សម្រាប់ការអានសៀវភៅ រឿងដែលសំខាន់លំដាប់ទីមួយគឺរាងកាយរបស់យើងនេះឯង នៅពេលដែលរាងកាយរបស់យើងមានភាពរួចរាល់ក្នុងអាន នោះវានឹងជួយឲ្យយើងអាចទទួលយកខ្លឹមសារក្នុងសៀវភៅកាន់តែច្រើន និងអាចចងចាំបានច្រើនជាងការដែលអានទាំងបង្ខំ ដូចជាអាននៅពេលដែលរាងកាយយើងនឿយហត់ ឬមិនស្រួលខ្លួន ព្រោះវានឹងធ្វើឲ្យការអានសៀវភៅរបស់យើងគ្មានប្រសិទ្ធភាព និងធ្វើឲ្យសុខភាពរបស់យើងកាន់តែមានបញ្ហាថែមទៀតផង។
២. រកកន្លែងអានសៀវភៅដែលស្ងប់ស្ងាត់
ក្រោយពីការត្រៀមរាងកាយឲ្យបានរួចរាល់ហើយ ទីកន្លែងក៏ជាចំណុចចាំបាច់ខ្លាំងដែរសម្រាប់ការអានសៀវភៅ ដោយអ្នកគួរជ្រើសរើសទីកន្លែងណាដែលស្ងប់ស្ងាត់បំផុត ព្រោះវានឹងធ្វើឲ្យយើងអាចសមាធិក្នុងការអានបានកាន់តែច្រើន មិនបែកអារម្មណ៍។ ទូរសព្ទដៃ វិទ្យុ ទូរទស្សន៍ផ្សេងៗ គួរបិទទុកសិន និងតាំងចិត្តអានសៀវភៅដោយយកចិត្តទុកដាក់។
៣. អានច្បោលៗម្ដងសិន ដើម្បីឲ្យបានយល់ខ្លះ
ការអានសៀវភៅ ឬមេរៀនឲ្យចប់មួយសាសិនគឺជាការស្វែងខ្លឹមសារសំខាន់ដែលត្រូវអាន និងបន្ថែមភាពច្បាស់លាស់ ចៀសវាងមានការយល់ខុស។ ការអានសៀវភៅឲ្យចងចាំល្អ មិនចាំបាច់ត្រូវអានគ្រប់ពាក្យគ្រប់តួអក្សរនោះទេ ប៉ុន្តែគួរអានតែខ្លឹមសារដែលយើងត្រូវការគឺគ្រប់គ្រាន់ហើយ។
៤. ហាយឡាយចំណុចដែលសំខាន់
វិធីមួយទៀតដែលអាចជួយឲ្យយើងចងចាំបានគឺការហាយឡាយចំណុចណាដែលសំខាន់ ដោយការប្រើ Highlighter ដែលមានពណ៌ភ្លឺ ដើម្បីឲ្យខ្លឹមសារទាំងនោះទាក់ទាញភ្នែកយើងមុនគេពេលយើងយកសៀវភៅមកអានឡើងវិញ ហើយវាក៏ធ្វើឲ្យខួរក្បាលរបស់យើងឆាប់ចងចាំខ្លឹមសារទាំងនោះបានល្អដែរ។
៥. សរសេរសង្ខេបខ្លឹមសារក្រោយអានចប់
បន្ទាប់ពីបានអានសៀវភៅ និងហាយឡាយចំណុចសំខាន់ៗរួចហើយ យើងក៏គួរនាំខ្លឹមសារសំខាន់ៗទាំងនោះមកសរសេរសង្ខេបចូលក្នុងសៀវភៅសរសេរយើងម្ដងទៀត ដោយប្រើប៊ិចពណ៌ផ្សេងក្រៅពណ៌ខៀវ ដើម្បីឲ្យមានភាពទាក់ភ្នែក ហើយបើអានសៀវភៅបរទេស គឺគួរតែសង្ខេបឡើងវិញជាភាសាខ្មែរ ដើម្បីងាយស្រួលឲ្យយើងចងចាំខ្លឹមសារក្នុងសៀវភៅច្រើនជាង។
៦. បើមានចំណុចណាមិនយល់ គួរកត់ត្រាទុក
ពិតណាស់ នៅពេលអានសៀវភៅ យើងរមែងមានចម្ងល់ សង្ស័យផុសឡើងត្រង់ចំណុចណាមួយ ហេតុដូច្នេះយើងត្រូវកត់ត្រាសំណួរ ឬចម្ងល់ទាំងនោះទុក ដើម្បីទុកស្វែងរកចម្លើយនាពេលបន្តទៀត ព្រោះការដែលមានចម្ងល់ ចង់ចេះ ចង់ដឹងនេះហើយដែលជាវិធីសាស្ត្រមួយទៀតដើម្បីឲ្យការយល់ដឹងរបស់យើងកាន់តែរីកចម្រើន។
ប្រិយមិត្តមានតិចនិកល្អៗក្រៅពីនេះ កុំភ្លេចជួយចែករំលែកក្នុង Comment ផងណា!!