ឈឺចិត្តស្ទើរឆ្កួតពេលប្ដីនាំស្រីថ្មីមកសុំលែងលះ តែ១០ឆ្នាំក្រោយកាន់តែរន្ធត់ចិត្តក្រោយដឹងថា...
- 2017-06-15 02:15:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈឺចិត្តស្ទើរឆ្កួតពេលប្ដីនាំស្រីថ្មីមកសុំលែងលះ តែ១០ឆ្នាំក្រោយកាន់តែរន្ធត់ចិត្តក្រោយដឹងថា...
យប់មួយ ប្ដីសួរប្រពន្ធថា៖ “អ្វីទៅដែលធ្វើឲ្យមនុស្សស្រីមានទុក្ខបំផុត?”
ប្រពន្ធឆ្លើយ៖ “ការបែកពីមនុស្សដែលខ្លួនស្រឡាញ់”
ប្ដីសួរបន្ត៖ “ហើយអ្វីដែលធ្វើឲ្យមនុស្សស្រីមានក្ដីសុខបំផុត?”
ប្រពន្ធឆ្លើយ៖ “ការបានរស់នៅជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់ដូចជាពេលនេះ អូនបានគេងកើយស្មាបងរាល់ថ្ងៃ”
ទឹកភ្នែករបស់បុរសជាប្ដីក៏ចាប់ផ្ដើមស្រក់មក ក្នុងយប់ដ៏ងងឹតនោះ។ គេលួចជូតទឹកភ្នែកស្ងាត់ៗ រួចសួរបន្តថា៖ “ចុះអូនដឹងទេ ថាអ្វីដែលធ្វើឲ្យមនុស្សប្រុសមានក្ដីសុខបំផុត និងមានទុក្ខបំផុត?”
នារីប្រពន្ធគ្រវីក្បាល។
ប្ដីក៏និយាយបន្តថា៖ “ក្រៅពីឪពុកម្ដាយ ក្ដីសុខធំបំផុតរបស់មនុស្សប្រុសគឺការធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់មានក្ដីសុខបានមួយជីវិត ចំណែកក្ដីទុក្ខបំផុតនោះ គឺការដែលមិនបានរស់នៅជាមួយនាង”។ ប្រពន្ធសំឡឹងមើលមុខប្ដីដោយមិនដឹងរឿងអ្វីទាំងអស់។
ថ្ងៃបន្ទាប់មក បុរសជាប្ដីក៏ប្រាប់ប្រពន្ធថាគេត្រូវទៅក្រៅប្រទេសមួយរយៈ ហើយមិនឲ្យប្រពន្ធជូនដំណើរនោះទេ។ មួយខែក្រោយមក គេក៏ត្រលប់មកវិញ ថែមទាំងនាំមនុស្សស្រីមុខមាត់ស្អាតម្នាក់មកជាមួយផង។
ប្រពន្ធសំឡឹងមើលមុខនារីម្នាក់នោះ ហើយក៏សួរថាជាមិត្តរួមការងារជាមួយគ្នាមែនទេ។ ប្ដីសំឡឹងមើលកែវភ្នែកដ៏ភ័យខ្លាចរបស់ប្រពន្ធរួចឆ្លើយថា៖ “ទេ នេះជាមនុស្សស្រីដែលខ្ញុំស្រឡាញ់”។
ប្រពន្ធចាប់ផ្ដើមស្លេកស្លាំង ស្រក់ទឹកភ្នែក។ បុរសជាប្ដីរាងទន់ចិត្ត ចង់ប្រាប់នាងរឿងមួយ ប៉ុន្តែក៏សុខចិត្តមិននិយាយ រួចហើយនិយាយជាមួយនាងដោយសម្ដីទន់ភ្លន់ថា៖ “យើងបែកគ្នាទៅ”។
មនុស្សស្រីដែលគេនាំមកជាមួយនោះក៏និយាយថា៖ “ខ្ញុំគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់ មិនមែននាងនោះទេ”។ រួចហើយនារីស្រស់ស្អាតម្នាក់នោះក៏គេចខ្លួនចូលទៅក្នុងផ្ទះបាត់ទៅ។ ប្រពន្ធនិយាយដោយហាក់មិនជឿអ្វីដែលខ្លួនបានឃើញ៖ “បងធ្លាប់ប្រាប់ថា ស្រឡាញ់ខ្ញុំមួយជីវិត ម៉េចក៏...”
ប៉ុន្តែទីបំផុតនាងក៏សុខចិត្តរៀបចំអីវ៉ាន់ចាកចេញពីផ្ទះ។ មុនចាកចេញទៅនាងបានហុចថ្នាំបំបាត់ឈឺពោះកំប៉ុងថ្មីឲ្យប្ដី និងនិយាយថា៖ “ខ្ញុំទិញមកឲ្យបង កុំភ្លេចលេបផង”។ បុរសជាប្ដីធ្វើជានៅស្ងៀម ងើយមុខមើលទៅពិតាន ចំណែកប្រពន្ធនិយាយបណ្ដើរយំបណ្ដើរ៖ “មិនប៉ុន្មានថ្ងៃផង ហេតុអីក៏បងផ្លាស់ប្ដូរខ្លាំងយ៉ាងនេះ? បងដូចជាមនុស្សថ្មីទៅហើយ។” និយាយចប់ នាងក៏បើកទ្វារចេញពីផ្ទះទៅ។ បុរសជាប្ដីយកដៃខ្ទប់មាត់ខ្លួនឯង ទាំងទឹកភ្នែកស្រក់មកមិនឈប់។ នារីស្រស់ស្អាតម្នាក់នោះក៏យកកូនកន្សែងមកឲ្យគេជូតទឹកភ្នែក រួចនិយាយថា៖ “ទៅតាមនាងទៅ ទៅតាមប្រាប់ការពិតដល់នាង”។ បុរសប្ដីគ្រវីក្បាល។
បីខែក្រោយមក អ្នកទាំងពីរក៏ទៅធ្វើសំបុត្រលែងលះគ្នា រួចហើយបុរសជាប្ដីក៏បាត់ខ្លួនចាប់ពីពេលនោះ។
ការពិតទៅពេលនោះ ជំងឺមហារីកក្រពះរបស់បុរសប្ដីឈានដល់ដំណាក់កាលចុងក្រោយហើយ រាល់ថ្ងៃគេត្រូវលេបថ្នាំដើម្បីបន្តជីវិត។ គ្រប់ពេលដែលជំងឺនេះរើឡើង គេមានអារម្មណ៍ឈឺចាប់ខ្លាំងរហូតលែងចង់រស់ ចំណែកនារីស្រស់ស្អាតម្នាក់នោះគឺជាគ្រូពេទ្យព្យាបាលគេប៉ុណ្ណោះ។
បុរសស្វាមីនិយាយថា៖ “នាងនឹងរីករាយក្នុងការលក់ទ្រព្យសម្បត្តិដើម្បីព្យាបាលខ្ញុំ តែមានប្រយោជន៍អីទៅ ខ្ញុំសុខចិត្តផ្ដាច់ទំនាក់ទំនងជាមួយនាងក្នុងពេលនេះ រួចហើយចាកចេញដោយស្ងប់ស្ងាត់ល្អជាង”។
គេគេងទាំងរងទុក្ខវេទនានៅលើគ្រែអ្នកជំងឺ គេងមមើនឹកដល់ឈ្មោះប្រពន្ធមិនបាត់ពីមាត់។ អ្នកគ្រូពេទ្យសួរគេថា នៅមានអ្វីដែលជាប់ជំពាក់ក្នុងចិត្តគេទៀតដែរឬទេ។ គេនិយាយថា ចង់ជួបមុខភរិយាម្ដងទៀតជាលើកចុងក្រោយ។
អ្នកគ្រូពេទ្យឲ្យមនុស្សទៅតាមរកនាង ប៉ុន្តែនាងក៏មិនបាននៅទីក្រុងទៀតឡើយ។ គ្មានអ្នកណាដឹងថានាងផ្លាស់ទៅរស់នៅទីណានោះទេ។ ១០ឆ្នាំកន្លងមក នារីប្រពន្ធក៏បានជួបនឹងមនុស្សដែលស្រឡាញ់នាង ហើយនាងក៏យល់ព្រមស្រឡាញ់គេ ហើយពួកគេថែមទាំងមានកូនតូចម្នាក់ជាមួយគ្នាផង។ ថ្ងៃមួយនាងបានត្រលប់មកទីកន្លែងដែលធ្វើឲ្យចិត្តរបស់នាងខ្ទេចខ្ទាំម្ដងទៀត ហើយទីបំផុតនាងក៏បានជួបនឹងនារីស្រស់ស្អាតនោះជាថ្មី។ អ្នកគ្រូពេទ្យម្នាក់នោះស្រាប់តែស្រក់ទឹកភ្នែកនៅពេលដែលបានជួបនាង ដោយមិនបាននិយាយអ្វី មុននឹងនាំនាងទៅកាន់ទីកន្លែងដ៏ស្ងប់ស្ងាត់មួយកន្លែង រួចក៏ចង្អុលទៅស្លាកមួយ និងនិយាយប្រាប់នាងថា៖ “គាត់បានគេងលក់នៅទីនេះ ១០ឆ្នាំមកហើយ”។
អ្នកគ្រូពេទ្យនិយាយថា៖ “ខ្ញុំគឺជាគ្រូពេទ្យដែលព្យាបាលឲ្យប្ដីរបស់អ្នកស្រីប៉ុណ្ណោះ នៅពេលដែលស្វាមីអ្នកស្រីទទួលការព្យាបាល គាត់ក៏បានដឹងថាខ្លួនឯងរស់នៅមិនបានយូរទៀតនោះទេ គាត់មិនចង់ឲ្យអ្នកស្រីត្រូវមករងបន្ទុកដើម្បីព្យាបាលរោគរបស់គាត់ និងមិនចង់ឲ្យអ្នកស្រីត្រូវនឹកដល់គាត់រហូតមិនអាចដើរបន្តទៅមុខទៀតបាន គាត់ក៏សុខចិត្តអង្វរខ្ញុំឲ្យបន្លំខ្លួនធ្វើជាជនទីបីក្នុងគ្រួសាររបស់អ្នកស្រី”។
នាងសំឡឹងមើលស្លាកមុខផ្នូរប្ដីទាំងទឹកភ្នែកហូរមិនឈប់។ រហូតដល់ពេលនេះទើបនាងយល់សម្ដីរបស់ប្ដីដែលនិយាយថា៖ “ក្ដីសុខបំផុតរបស់មនុស្សប្រុស គឺបានធ្វើឲ្យមនុស្សដែលខ្លួនស្រឡាញ់មានក្ដីសុខមួយជីវិត ចំណែកក្ដីទុក្ខខ្លាំងបំផុតគឺការមិនបានរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់”។
ថ្នាក់ថ្នមថែរក្សាមនុស្សជាទីស្រឡាញ់របស់អ្នកឲ្យបានល្អ ទាន់អ្នកនៅមានពេលអាចធ្វើបាន ៕
ចង់អានរឿងអប់រំផ្សេងៗទៀត ចុចនៅទីនេះ