៥តិចនិក ដើម្បីទារលុយមិត្តភ័ក្ដិដែលជំពាក់លុយស្ពឹក
- 2017-06-14 01:55:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥តិចនិក ដើម្បីទារលុយមិត្តភ័ក្ដិដែលជំពាក់លុយស្ពឹក
បញ្ហាទារលុយមិត្តភ័ក្ដិ ឬមនុស្សជិតស្និទ្ធនេះក៏ជារឿងលំបាកមួយដែរ ព្រោះថាមិត្តខ្លះបើយើងមិនទារញាប់គឺមិនឲ្យ មិត្តខ្លះបើយើងហាមាត់ទារចំៗ គឺអាចធ្វើឲ្យគេខ្មាសអៀន មិត្តខ្លះក៏ខឹង ថាយើងហ្នឹងមិនទុកចិត្តគេ -ល- ដែលទាំងនេះសុទ្ធតែអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាព។ ក៏ប៉ុន្តែបើគេជំពាក់យើងហើយមិនសង ហើយយើងក៏មិនទារដោយខ្លាចគេអន់ចិត្តនោះ ក៏មិនត្រូវ ព្រោះសម័យនេះលុយមិនមែនស្រួលរកឯណា បើវាជាកម្លាំងញើសឈាមរបស់យើង ឬអាណាព្យាបាលរបស់យើង គឺមិនអាចបណ្ដោយឲ្យខ្ចីបាត់ៗនោះទេ។ ដូច្នេះហើយតើធ្វើម៉េចដើម្បីទារលុយមិត្តបាន ដោយមិនឲ្យប៉ះពាល់ដល់ទំនាក់ទំនង? Kanha មានចម្លើយ៖
៥. សួរពីថ្ងៃកំណត់សងលុយឲ្យច្បាស់លាស់ ពេលខ្ចី
អ្នកអាចសួរសំណួរបែបស្រាលៗ ដើម្បីឲ្យភាគីម្ខាងទៀតកំណត់ពេលត្រូវសងលុយវិញយ៉ាងច្បាស់លាស់ នៅពេលដែលគេសុំខ្ចីលុយ ឬប្រសិនបើខ្ចីរួចរាល់ហើយក៏ដោយ ក៏ត្រូវតាមសួររកថ្ងៃកំណត់ណាមួយដែលគេនឹងអាចសង ដើម្បីឲ្យមានភាពច្បាស់លាស់ទាំងអស់គ្នា។
៤. មិនទារប៉ុន្តែឲ្យជួយចេញលុយជំនួស
ប្រសិនបើលុយដែលគេសុំខ្ចីនោះមានចំនួនតិចតួច ដូចជាមិនដល់ ៥ដុល្លារ ឬជាង ១០ដុល្លារ ប្រិយមិត្តក៏អាចផ្លាស់ប្ដូរឲ្យមិត្តដែលជំពាក់លុយនោះប៉ាវបាយ ឬញ៉ាំអីនៅពេលដែលមានឱកាសទៅណាមកណាជាមួយគ្នា ដែលនេះនឹងជាវិធីសាស្ត្រដែលធ្វើឲ្យគេអាចសងលុយយើងវិញដោយមិនដឹងខ្លួន។
៣. ប្រើបណ្ដាញសង្គមជួយ
មិនថាការផ្ញើសារតាម Facebook Messenger ឬ Line គឺសុទ្ធតែមាន Sticker ឬ Emotion ស្អាត Cute Cute សម្រាប់តុបតែងសាររបស់យើងឲ្យមើលទៅគួរឲ្យស្រឡាញ់ មានអារម្មណ៍ចង់សងលុយ។ អ្នកអាចប្រើវិធីទាំងនេះជំនួសការនិយាយ ដើម្បីកុំឲ្យការទារលុយរបស់យើងមើលទៅមិនធ្ងន់ធ្ងរខ្លាំងពេក។
២. រំឭករឿងលុយតែបញ្ចប់ដោយពាក្យ "បើមិនទាន់មាន ក៏មិនអីដែរ"
អ្នកអាចប្រើប្រយោគនេះដែលមិនបង្ហាញថាយើងកំពុងទារលុយមិត្ត ប៉ុន្តែគ្រាន់តែជាការដាស់តឿនសតិ សម្រាប់មិត្តណាដែលចូលចិត្តបន្លំធ្វើជាភ្លេច ធ្វើជារវល់នេះរវល់នោះមិនបានយកលុយមកសង។
១. ដ្រាម៉ា
នៅពេលធ្វើគ្រប់វិធីហើយ នៅតែមិនបានផល ក៏ដល់ពេលដែលត្រូវប្រើល្បិច Drama ទឹកភ្នែកទឹកសម្បោរខ្លះ ដើម្បីដាក់សម្ពាធលើភាគីម្ខាងទៀត ដូចជាធ្វើដូចជាអ្នកផ្ទះកំពុងផ្ដាច់លុយ គ្មានសូម្បីតែលុយទិញបាយហូប ឬត្រលប់ទៅផ្ទះវិញ ឬអាចគ្រាន់តែប្រើហេតុផល ដាច់ខែដាច់ខ្យល់ ទៅទារលុយនៅពេលចុងខែក៏បាន។
អ្នកណាមានតិចនិកល្អៗជាងនេះទៀតជួយចែករំលែកផងណា!