សុំ​លែង​គ្នា​ព្រោះ​ប្ដី​ក្រ​ ៦​ឆ្នាំ​ក្រោយ យក​លុយ​មក​ជះ​សុំ​ត្រូវ​គ្នា​វិញ តែ​ត្រូវ​ប្ដី​និយាយ​ថា...

  • 2017-06-06 10:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុង ​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់​ដែល​មាន​មុខ​របរ​ជា​មន្ត្រី​រាជការ​ថ្នាក់​ទាប ជីវភាព​រស់​នៅ​ក៏​មាន​កម្រិត ប្រាក់​ខែ​ក៏​មិន​បាន​ច្រើន។ ពេល​មួយ​គេ​បាន​ទៅ​ពិធី​ជប់លៀង​មិត្ត​រួម​ជំនាន់​ហើយ​ក៏​បាន​ជួប​នឹង​នារី​ម្នាក់​ឈ្មោះ មៀវ។ នាង​ជា​មនុស្ស​ស្រី​ដែល​មាន​រូបរាង មុខ​មាត់​ស្រស់​ស្អាត។ ក្រោយ​រាប់​អាន​គ្នា​មួយ​រយៈ អ្នក​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រៀបការ ប៉ុន្តែ​ដោយ​សារ​ឋានៈ​របស់​ពួក​គេ​ខុស​គ្នា ដែល​អ្នក​ផ្ទះ​របស់ មៀវ មាន​ឋានៈ​ខ្ពង់ខ្ពស់ ឪពុក​ម្ដាយ​របស់​នាង​មាន​មុខ​ជំនួញ​ផ្ទាល់​ខ្លួន មាន​ផ្ទះ​ធំ​កណ្ដាល​ក្រុង ចំណែក​ សុង ជា​បុគ្គល​ធម្មតា ទើប​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​នាង​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ​ជាមួយ​អាពាហ៍ពិពាហ៍​មួយ​នេះ។ ប៉ុន្តែ​ទី​បំផុត​ឪពុក​ម្ដាយ​ខាង​ស្រី​ក៏​យល់​ព្រម​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀបការ​ជាមួយ​គ្នា។

ក្នុង​ពិធី​មង្គលការ​របស់​ពួក​គេ ឪពុក​ម្ដាយ​ខាង​ស្រី​ត្រូវ​ការ​ពិធី​អធិកអធម ទើប​សុំ​ឲ្យ​មាន​រថយន្ត​ដង្ហែ​បណ្ណាការ​ចំនួន​១៨គ្រឿង ឯ​ពិធី​ជប់លៀង​ពេល​ល្ងាច​ត្រូវ​រៀប​ចំ​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ចិញ្ចៀន​រៀបការ​ត្រូវ​ជា​ចិញ្ចៀន​ពេជ្រ​គ្រាប់​ធំ ប៉ុន្តែ​ដោយ​សារ​ សុង មាន​ប្រាក់​មិន​ច្រើន​ដល់​ថ្នាក់​នោះ ទើប​សុំ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្លួន​ជួយ។ ឪពុក​ម្ដាយ​របស់​គេ​ក៏​បាន​យក​លុយ​ចូលនិវត្តន៍​​ដែល​ពួក​គាត់​សន្សំ​ចេញ​មក និង​ខ្ចី​គេ​បង្គ្រប់​ខ្លះ​ ដើម្បី​ឲ្យ​មង្គលការ​កូន​ប្រុស​ប្រព្រឹត្ត​ទៅ​បាន​រលូន។​​​

បន្ទាប់​ពី​រៀបការ មៀវ ក៏​ចេះ​តែ​សួរ​ថា ពេល​ណា​ទើប​ទិញ​ផ្ទះ​ផ្ទាល់​ខ្លួន​បាន ព្រោះ​នាង​ចង់​នៅ​ផ្ទះ​បែក​គ្នា​ពី​ឪពុក​ម្ដាយ ប៉ុន្តែ​ សុង ដឹង​ច្បាស់​ថា គេ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់ ទើប​បាន​ត្រឹម​តែ​លួងលោម​នាង​ថា ត្រជាក់​ចិត្ត​សិន​ទៅ និង​បាន​ប្រាប់​ឲ្យ​នាង​ចេញ​រក​ការងារ​ធ្វើ កុំ​សម្ងំ​តែ​ចាយ​លុយ​ខ្ជះខ្ជាយ​រាល់​ថ្ងៃ ប៉ុន្តែ​នាង​ក៏​ប្រាប់​ប្ដី​វិញ​ថា​មិន​ដែល​ចេញ​ទៅ​ធ្វើ​ការ​ឯណា​ផង ដូច្នេះ​មិន​ដឹង​ថា​ធ្វើ​អ្វី​បាន​ទេ។

ការ​នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ​​ក្មេក​ធ្វើ​ឲ្យ​នាង​មាន​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​កាន់​តែ​ញឹកញាប់។ នាង​ពូកែ​ចាយ​លុយ ឲ្យ​តែ​ជិត​ដល់​ចុង​ខែ​ពេល​ណា​នាង​ក៏​រអ៊ូ​តវ៉ា​ចំ​ៗ​មុខ​ឪពុក​ម្ដាយ​ក្មេក​ថា​ប្ដី​ក្រ​​នៅ​តែ​ក្រ គិត​ខុស​ស្រឡះ​ដែល​មក​រៀបការ​ជាមួយ​មនុស្ស​បែប​នេះ។ ក្រោយ​រៀបការ​ជាមួយ​គ្នា​បាន​មួយ​ឆ្នាំ ពួក​គេ​ទាំង​ពីរ​ក៏​ត្រូវ​លែងលះ​គ្នា។ នៅ​ថ្ងៃ​លែងលះ មៀវ ក៏​បាន​រើ​ឥវ៉ាន់​របស់​នាង​ចេញ​ពី​ផ្ទះ​និង​ឡើង​រថយន្ត​ទំនើប​ចេញ​ទៅ​បាត់​ទៅ។​

​ក្រោយ​មក ពូ​របស់​ សុង បាន​ណែនាំ​ឲ្យ​គេ​ស្គាល់​គ្នា​ជាមួយ​នារី​ជនបទ​ម្នាក់ មាន​ឈ្មោះ​ថា សៀវ ឈីង។ នាង​ជា​មនុស្ស​ស្រី​ធម្មតា​ប៉ុន្តែ​​ចំណុច​ល្អ​របស់​នាង គឺ​នាង​មាន​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ជានិច្ច។ លើក​ដំបូង​ដែល​បាន​ជួប​មុខ​នាង គេ​មាន​អារម្មណ៍​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ឡើយ ព្រោះ​សម្រស់​នាង​ចាញ់​ឆ្ងាយ​បើ​ប្រៀបធៀប​នឹង​ប្រពន្ធ​ដើម​របស់​គេ។

ប៉ុន្តែ​គេ​ក៏​ដឹង​ខ្លួន​ថា នេះ​ជា​ការ​រៀបការ​លើក​ទី​ពីរ ដូច្នេះ​មិន​អាច​រើស​ច្រើន​​ពេក​នោះ​ទេ។ នៅ​ពេល​គ្រប់​គ្នា​ឲ្យ​គេ​សាក​ល្បង​រាប់​អាន​មើល​ចិត្ត​ជាមួយ​នាង គេ​ក៏​យល់​ព្រម​សាក​ល្បង​មើល។

នាង​ធ្វើ​ការ​ជា​អ្នក​មើល​ក្មេង​នៅ​ក្នុង​សហគមន៍។ កាល​នោះ​គេ​មាន​អារម្មណ៍​ថា​ខ្មាស​គេ​បន្តិច​ចំពោះ​ការងារ​ដែល​នាង​ធ្វើ ព្រោះ​គេ​គិត​ថា នាង​អាយុ​ ២៧ឆ្នាំ​ទៅ​ហើយ ហេតុ​អ្វី​នៅ​តែ​ធ្វើ​ជា​អ្នក​មើល​ក្មេង​ ហើយ​ថែម​ទាំង​នៅ​ស្រុក​ភូមិ​ជាមួយ​គ្នា​ទៀត។ គ្រប់​ពេល​ដែល​គេ​ឃើញ​នាង មិន​ថា​នៅ​ទី​ណា គេ​តែង​តែ​គេច​មុខ​ជានិច្ច។ រហូត​ដល់​ថ្ងៃ​មួយ ​ម្ដាយ​របស់​ សុង ខ្យល់​គ ប៉ុន្តែ​សំណាង​ល្អ​ សៀវ ឈិង ក៏​បាន​មក​ជួយ​ទាន់​ពេល។ នាង​បាន​នាំ​ម្ដាយ​របស់​គេ​ទៅ​មន្ទីរ​ពេទ្យ និង​ចាំ​មើល​ថែ​មិន​ហ៊ាន​ទៅ​ណា​សោះ។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​ពេញ​ចិត្ត​លើ​រូប​នាង។

បន្ទាប់​ពី​នោះ​គេ​ក៏​ចាប់​ផ្ដើម​មើល​ឃើញ​ពី​ចំណុច​ល្អ​របស់​នាង​បន្តិច​ម្ដង​ៗ។ នាង​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ល្អ។ ពេល​វេលា​កន្លង​ផុត ពួក​គេ​ក៏​បាន​យល់​ព្រម​រួមរស់​ជាមួយ​គ្នា ហើយ​ក៏​មាន​កូន​ប្រុស​ជាមួយ​គ្នា​ម្នាក់​ទៀត។ នាង​មើល​ថែ​ការងារ​ផ្ទះ​គ្រប់​សព្វ​គ្មាន​ចន្លោះ ត្បិត​តែ​នាង​មិន​សូវ​ស្អាត តែង​ខ្លួន​ធម្មតា​ៗ ប៉ុន្តែ​ពេល​នេះ​នាង​គឺ​ជា​ដុំ​ពេជ្រ​សម្រាប់​គេ​យ៉ាង​ពិត​ប្រាកដ។​

៦​ឆ្នាំ​ក្រោយ​មក អតីត​ភរិយា​របស់​គេ​ក៏​ទូរសព្ទ​មក​ដើម្បី​សុំ​ជួប​ជាមួយ​គេ។ នាង​និយាយ​ថា ពេល​នេះ​នាង​បាន​បើក​ជំនួញ​ផ្ទាល់​ខ្លួន ទិញ​ផ្ទះ ទិញ​ឡាន​ដោយ​ខ្លួន​ឯង​បាន​ហើយ និង​សុំ​ឲ្យ​គេ​ចេញ​មក​ជួប​ជាមួយ​នាង។ គេ​មាន​អារម្មណ៍​ទើសទាល់​យ៉ាង​ខ្លាំង។ មៀវ ក៏​និយាយ​ថា​បើ​គេ​មិន​មក​ជួប​នាង​ៗ​នឹង​ទៅ​រក​គេ​ដល់​ផ្ទះ។ ទី​បំផុត​គេ​ក៏​យល់​ព្រម។ នៅ​ថ្ងៃ​ដែល​គេ​ចេញ​ទៅ​ជួប​នាង គេ​ក៏​បាន​នាំ​កូន​ និង​ប្រពន្ធ​ទៅ​ជាមួយ​ដែរ។

ពេល​ទៅ​ដល់ មៀវ ក៏​ផ្លាស់​ប្ដូរ​ទឹក​មុខ​ភ្លាម​ៗ ព្រោះ​នាង​គិត​មិន​ដល់​ឡើយ​ថា គេ​នឹង​នាំ​កូន​និង​ប្រពន្ធ​មក​ជាមួយ។ នាង​ហៅ​ស្រា​មក​ផឹក។ នៅ​ពេល​ចាប់​ផ្ដើម​ស្រវឹង នាង​ក៏​ចេះ​តែ​និយាយ​ថា​ តាំង​ពី​បែក​គ្នា​មក នាង​នៅ​តែ​នឹក​ដល់​គេ​ជានិច្ច មិន​ចង់​ឲ្យ​គេ​មក​រស់​នៅ​ជាមួយ​នាង​ម្ដង​ទៀត និង​សុំ​ឲ្យ​គេ​បែក​គ្នា​ជាមួយ​ប្រពន្ធ​ថ្មី។ ក្រោយ​ពី​គ្រប់​គ្នា​ទទួលទាន​អាហារ​រួច​រាល់ ក៏​ដល់​ពេល​ត្រូវ​គិត​លុយ នៅ​ពេល​នោះ សុង និង មៀវ ក៏​ដណ្ដើម​គ្នា​ចេញ​លុយ រហូត​សុខ​ៗ​នាង​ក៏​ទាញ​លុយ​ចេញ​ពី​កាបូប​ហើយ​ក៏​ជះ​ទៅ​លើ​គេ និង​ស្រែក​ថា "នេះ​ហើយ​អ្វី​ដែល​ខ្ញុំ​មាន ខ្ញុំ​មាន​លុយ បើ​បង​ត្រូវ​ការ​អ្វី ខ្ញុំ​អាច​ឲ្យ​បង​បាន​គ្រប់​យ៉ាង ត្រលប់​មក​រក​ខ្ញុំ​វិញ​មក​ណា"។​

ក្រោយ​ពី​សំឡឹង​មើល​លុយ​ដែល​រសាត់​ធ្លាក់​​យឺត​ៗ​មក​លើ​កម្រាល​ឥដ្ឋ គេ​ក៏​កាន់​ដៃ​ប្រពន្ធ​ជាប់ ហើយ​និយាយ​ថា "សំណាង​ល្អ​ណាស់ ដែល​ពេល​នោះ​នាង​សុំ​ខ្ញុំ​លែងលះ មនុស្ស​ខ្លះ​ស្អាត​តែ​រូប តែ​ខាង​ក្នុង​មើល​មិន​យល់ ហើយ​ក៏​សុំ​អរគុណ​ដែល​នាង​ដៀល​ខ្ញុំ​ដោយ​សារ​ខ្ញុំ​ក្រ ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជួប​មនុស្ស​ស្រី​ដ៏​សែន​ល្អ​ម្នាក់​នេះ"។

អ្នក​ទាំង​ពីរ​កាន់​ដៃ​គ្នា​ចេញ​ពី​ហាង​ទៅ។ ត្បិត​តែ​ភរិយា​របស់​គេ​តែង​ខ្លួន​ធម្មតា មិន​ដែល​ចាយ​លុយ​ខ្ជះខ្ជាយ ក៏​ប៉ុន្តែ​នាង​តែង​ផ្ដល់​ឲ្យ​កូន​ប្រុស​នូវ​របស់​ល្អ​ៗ​ជានិច្ច។ ការ​ពិត​នាង​មិន​មែន​មិន​ស្អាត​ទេ ប៉ុន្តែ​គឺ​ដោយ​សារ​គេ​មិន​បាន​សង្កេត​មើល​ពី​សម្រស់​ពិត​របស់​នាង​ទៅ​វិញ​ទេ។​

ក្រៅ​ពី​រូប​​សម្រស់​ស្រស់​ស្អាត​ នៅ​មាន​បច្ច័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដែល​​ត្រូវ​ពិចារណា​ក្នុង​ការ​រើស​ដៃ​គូ​ជីវិត។ ជឿជាក់​ថា​មនុស្ស​ប្រុស​ទាំង​ឡាយ​ក៏​មិន​ចង់​បាន​ភរិយា​ដូចជា មៀវ ដែរ ៕

ប្រភព៖ bomb01 ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន