ឈប់បានឈប់ទៅ! ទម្លាប់អាក្រក់៥យ៉ាងដែលធ្វើឲ្យអ្នករៀនមិនចេះ
- 2017-06-02 06:42:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់បានឈប់ទៅ! ទម្លាប់អាក្រក់៥យ៉ាងដែលធ្វើឲ្យអ្នករៀនមិនចេះ
កុំចេះតែបន្ទោសថាយើងជាក្មេងដែលមានខួរក្បាលមិនឆ្លាត រៀនយ៉ាងណាក៏មិនពូកែ អានសៀវភៅយ៉ាងណាក៏មិនចូល មិនចាំសោះ ប្រសិនបើមិនបានងាកត្រលប់មកមើលខ្លួនឯងថា ចុះពេលយើងលេងហ្គេម ស្ដាប់ចម្រៀង មើលរឿង ម៉េចក៏យើងធ្វើ និងចាំបានល្អម្ល៉េះ។ នោះគឺដោយសារ “ការតាំងចិត្ត” នៅពេលដែលយើង តាំងចិត្ត ឬយកចិត្តទុកដាក់លើអ្វីមួយពិតប្រាកដ យើងនឹងអាចធ្វើវាបានល្អ។ ប៉ុន្តែទម្រាំទទួលបានជោគជ័យវាអាចនឹងយឺតពេលបន្តិច ប្រសិនបើយើងនៅតែមានទម្លាប់ ៥យ៉ាងខាងក្រោមនេះនៅក្នុងខ្លួន៖
១. ចាំចម្លងកិច្ចការផ្ទះពីមិត្តភ័ក្ដិ
មានគ្នាយើងច្រើនណាស់ដែលប្រញាប់ទៅសាលារៀនតាំងពីព្រឹកដើម្បីសុំមិត្តភ័ក្ដិចម្លងកិច្ចការដែលលោកគ្រូ អ្នកគ្រូដាក់ឲ្យធ្វើនៅផ្ទះ ដោយមិនសាកល្បងប្រើប្រាស់ការព្យាយាមរបស់ខ្លួន។ កិច្ចការដែលគ្រូដាក់ឲ្យ គឺដើម្បីឲ្យដឹងថាមេរៀនដែលបានរៀននោះ យើងយល់ឬមិនយល់ប៉ុណ្ណឹងឯង ហើយការដែលលួចចម្លងការងារផ្ទះនេះនឹងធ្វើឲ្យខួរក្បាលរបស់យើងមិនបានគិត ឬចំណាំមេរៀនផ្សេងៗបាន។ ដូច្នេះបើមិនអាចធ្វើបានទេ គួរពឹងឲ្យមិត្តភ័ក្ដិជួយពន្យល់ ឬបង្រៀនល្អជាង ចាំតែចម្លងគេ។
២. អានសៀវភៅតែពេលជិតប្រឡង
ឡើងចឹង! មានពេលឡើងយូរអត់រំឭក តែបែរជាមករំឭកមេរៀននៅក្នុងបន្ទប់ប្រឡង ចឹងៗអីឲ្យចាំមេរៀនទាំងអស់យ៉ាងម៉េចកើត? មួយវិញទៀត ដើម្បីឲ្យចាំមេរៀនមួយបានល្អ គឺទាមទារឲ្យយើងយល់មេរៀននោះជាមុនសិន ដូច្នេះគួរចំណាយពេលអានបណ្ដើរៗមួយថ្ងៃមួយមេរៀន គឺអាចនឹងយល់បានល្អជាង។
៣. មិនយល់មេរៀន ក៏មិនសួរគ្រូ
ចាត់ទុកថាជារឿងដ៏ចាំបាច់ នៅពេលដែលយើងមិនយល់មេរៀនណាមួយ គឺត្រូវប្រញាប់សួរគ្រូឲ្យបានលឿន ដើម្បីឲ្យអស់សង្ស័យ។ កុំបណ្ដោយឲ្យនៅតែឆ្ងល់ ព្រោះថាបើទុកយូរៗទៅចម្ងល់កាន់តែច្រើនឡើងៗ នោះនឹងកាន់តែពិបាក និងលែងមានអារម្មណ៍ចង់រៀន។
៤. បោះការងារក្រុមឲ្យមិត្តភ័ក្ដិធ្វើ
នេះគឺជាទម្លាប់អាក្រក់មួយទៀតហើយ។ ការដែលគ្រូដាក់ការងារក្រុមឲ្យធ្វើ នោះក៏គឺដើម្បីឲ្យបានជួយគ្នាធ្វើ ជួយគ្នាគិត និងបានយល់ពីការងារដែលគ្រូដាក់ឲ្យព្រមៗគ្នា ដូច្នេះត្រូវបញ្ឈប់ទម្លាប់កេងកម្លាំងមិត្តភ័ក្ដិទៀតទៅ ប៉ុន្តែត្រូវមើលមិត្តភ័ក្ដិជាឧទាហរណ៍ថា ការដែលគេពូកែ គឺដោយសារការតាំងចិត្ត ស្រវាស្រទេញស្វែងរកព័ត៌មាន មិនមែននៅស្រួលៗ ហើយក្លាយជាសិស្សពូកែបានទេ។
៥. យកថ្នាក់រៀនធ្វើជាបន្ទប់គេង
មូលហេតុមួយទៀតដែលធ្វើឲ្យការរៀនរបស់យើងកាន់តែខ្សោយ គឺការចូលគេងយប់ជ្រៅ មិនថាដោយសារលេងហ្គេម មើលរឿងភាគ និយាយទូរស័ព្ទ លេងហ្វេសប៊ុក គឺសុទ្ធតែធ្វើឲ្យយើងងងុយគេងនៅក្នុងថ្នាក់រៀនទាំងអស់។ ដូច្នេះត្រូវបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ជាពិសេសប្អូនៗសិស្សវិទ្យាល័យ ដែលកំពុងពេញវ័យសិក្សា និងជាវ័យដែលត្រូវការសម្រាកឲ្យបានយ៉ាងហោចណាស់៨ម៉ោងក្នុងមួយថ្ងៃ ៕