មាន​​សញ្ញា​​ទាំង​​៤​​នេះ បញ្ជាក់​ថា​គេ​​លែង​​ស្រលាញ់​​យើង​ហើយ

  • 2017-05-17 09:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនោសញ្ចេតនា​គឺ​ជា​រឿង​ដែល​មិន​អាច​និយាយ​មុន នៅ​ពេល​ដែល​គេ​ចង់​ដោះដៃ​ហើយ បើ​ទោះ​ជា​អ្នក​ព្យាយាម​អូស​ទាញ​យ៉ាង​ណា​ក៏​លែង​បាន​ដែរ។ ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​បុរស​មាន​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា​គេ​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នឹង​ចំណង​ស្នេហ៍​មួយ​នេះ​ហើយ។

អ្នក​លែង​ជា​បុគ្គល​សំខាន់​ជាង​គេ​រាល់​ពេល​គិត​ដល់

កាល​ពី​មុន នៅ​ពេល​មាន​អ្វី​សប្បាយ​ចិត្ត គេ​នឹង​យក​មក​ប្រាប់​អ្នក​មុន​គេ។ ពេល​របស់​ញ៉ាំ​ឆ្ងាញ់ ក៏​នឹង​ទុក​មួយ​ចំណែក​សម្រាប់​អ្នក។ ស្គាល់​កន្លែង​ដើរ​លេង​ណា​សប្បាយ នឹង​នាំ​អ្នក​ទៅ​មុន​គេ។ រីឯ​ពេល​នេះ​វិញ ប្រាកដ​ហើយ​ថា​អ្នក​លែង​បាន​ទទួល​កាដូ​តូចតាច​ទៀត​ហើយ ហើយ​អ្នក​ក៏​មិន​ចាំ​ដែរ​ថា ការ​ដើរ​លេង​លើក​ចុង​ក្រោយ​របស់​អ្នក​ទាំង​២​នៅ​ពេល​ណា​នោះ​ឡើយ។

រូបតំណាង

**ពេល​ខ្លះ​អ្នក​ប្រៀប​ដូច​ជា​ប្រឡា​ក្នុង​កែវ​ភ្នែក​របស់​គេ**

យើង​ធ្វើ​អី​ក៏​គេ​មិន​ពេញ​ចិត្ត។ គ្រាន់​តែ​អ្នក​លេង​សើច​បន្តិច​បន្តួច គេ​ស្រាប់​តែ​មួម៉ៅ​បើ​ទោះ​បី​ជា​ការ​ពី​មុន​គេ​ចូល​ចិត្ត​លលេង​ជាមួយ​អ្នក​ក៏​ដោយ។ នៅ​ពេល​ដែល​មនោសញ្ចេតនា​រីង​ស្ងួត​ហើយ រាល់​សកម្មភាព​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ធុញ​ថប់។

លែង​ចំណាយ​ពេល​នៅ​ក្បែរ​អ្នក​ពេល​ទំនេរ

គេ​នឹង​ទម្លាក់​លើ​ការងារ​ថា​​រក​ពេល​ដក​ឃ្លា​អត់​បាន ត្រូវ​ទៅ​ជួប​អតិថិជន ត្រូវ​ចំណាយ​ពេល​រៀន​ច្រើន​មុន...។ និយាយ​រួម​ទៅ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​ពេល​វេលា​នៅ​ក្បែរ​អ្នក​តែ​ម្ដង។ ដោយ​សារ​តែ​អស់​ចិត្ត​ហើយ ដូច​នេះ​គេ​ក៏​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ដែរ​នៅ​ពេល​នៅ​តែ​២​នាក់​ជាមួយ​យើង។

គេ​លែង​ចង់​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក

គេ​តែង​និយាយ​ថា៖ "បើ​នៅ​ឈ្លោះ​គ្នា គឺ​នៅ​ស្រលាញ់​គ្នា"។ ដូច្នេះ បើ​សិន​ជា​ដល់​ដំណាក់កាល​មួយ​ដែល​គេ​លែង​ចង់​ប្រកែក​ជាមួយ​អ្នក​ហើយ មាន​ន័យ​ថា​អ្នក​ចង់​គិត​អី​គិត​ទៅ គេ​លែង​ខ្វល់​ហើយ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ ដេត ធន្នី