សំបុត្រមួយច្បាប់ បានធ្វើឲ្យខ្ញុំស្គាល់ច្បាស់ពីប្រពន្ធដើមខ្ញុំ ថានាងជាមនុស្សបែបណា?
- 2017-05-12 07:11:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំបុត្រមួយច្បាប់ បានធ្វើឲ្យខ្ញុំស្គាល់ច្បាស់ពីប្រពន្ធដើមខ្ញុំ ថានាងជាមនុស្សបែបណា?
[...] នៅដើមឆ្នាំ២០១៣ ខ្ញុំក៏បានសុំសង្សារខ្ញុំដែលបានទាក់ទងគ្នាជិត២ឆ្នាំរៀបការ ព្រោះនាងក៏មានការងារនាង គឺជាអ្នកគូរប្លង់ ហើយខ្ញុំក៏មានការងារ នាងក៏យល់ព្រម រួចពួកយើងក៏បានរៀបការទៅ តាមច្បាប់ ទៅតាមប្រពៃណី។ រៀបការហើយពួកយើងក៏បានទៅដើរលេងនៅទីក្រុងប៉ារីស ១ អាទិត្យ ព្រោះពេលដែលនៅជាសង្សារនាងប្រាប់ថានាងចង់ទៅទីនោះ។ នាងពិតជាមនុស្សស្រីស្រួលខ្លាំងណាស់ មិនសូវចេះស៊ាំញ៉ាំ ហើយតែងតែសម្របខ្លួនជាមួយខ្ញុំគ្រប់ពេល។
ត្រឡប់មកវិញពួកយើងចាប់ផ្ដើមចូលធ្វើការវិញ ហើយគឺរវល់ជាងមុនព្រោះការងារមានច្រើន ហើយអ្វីដែលអាណិតជាងគេគឺប្រពន្ធខ្ញុំ នាងតែងតែនៅដាច់យប់ស្ទើររាល់ថ្ងៃ ហើយនៅឆ្លៀតរៀបចំបាយទឹកឲ្យខ្ញុំទៀត ពេលខ្លះខ្ញុំក៏មិនឲ្យនាងធ្វើដែរ គឺខ្ញុំអ្នកធ្វើឲ្យនាងញ៉ាំវិញ។ រៀបការអស់រយៈពេលជិត២ ឆ្នាំ ម្ដាយខ្ញុំបានសុំឲ្យខ្ញុំយកកូនមួយទៅក្រែងគាត់បានពរចៅនឹងគេ ខ្ញុំក៏បានពិភាក្សារឿងនោះជាមួយប្រពន្ធខ្ញុំ នាងក៏មិនថាអីដែរ។ ប៉ុន្តែ ជាអកុសលជិតកន្លះឆ្នាំក្រោយនេះ ពួកយើងនៅតែគ្មានកូន ខ្ញុំពិតជាអាណិតប្រពន្ធខ្ញុំណាស់ នាងពិបាកចិត្តខ្លាចគ្មានកូននឹងគេ ហើយប៉ាម៉ាក់ខ្ញុំរឹតតែបារម្ភ រីឯខ្ញុំវិញក៏មិនស្រណុកចិត្តដែរ។ ដោយហេតុមិនអស់ចិត្តពួកយើងក៏បានទៅជួបពិគ្រោះជាមួយគ្រូពេទ្យ តែអ្វីដែលទទួលបានគឺដោយសារប្រពន្ធខ្ញុំ។
[...] ចាប់តាំងពីដឹងរឿងនេះមកប្រពន្ធខ្ញុំស្រងូតស្រងាត់ខ្លាំងណាស់ ហើយខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចឲ្យនាងឈប់គិតទៀតដែរ ខ្ញុំមិនបានប្រាប់រឿងនេះទៅប៉ាម៉ាក់ខ្ញុំទេ ហើយប៉ាម៉ាក់ខាងប្រពន្ធខ្ញុំក៏គាត់មិនដឹងដែរ។ ប៉ុន្មានខែចុងក្រោយនេះនាងចាប់ផ្ដើមប្លែកខ្លាំងណាស់ នាងមិនដែលនៅធ្វើការយប់ដូចមុនទៀតឡើយ គឺមិនមកផ្ទះតែម្ដង ពេលដែលខ្ញុំសួរនាងក៏ប្រាប់ថានៅគេងផ្ទះមិត្តភក្តិ ហើយខែខ្លះទៀតនាងក៏ប្រាប់ថាចុះទៅធ្វើការតាមខេត្ត ដើម្បីទៅមើលទីតាំង មើលដីឲ្យគេ។ ខ្ញុំក៏មិនបានហាមនាងដែរព្រោះគិតថានាងជាមនុស្សដែលចេះគិតច្រើនហើយ។
តែថ្ងៃមួយខ្ញុំបានឃើញនាងនៅជាមួយប្រុសម្នាក់ក្នុងហាងកាហ្វេដែលពួកយើងបានស្គាល់គ្នា ខ្ញុំដើរចូលបានពាក់កណ្ដាលក៏ឈប់ហើយចាំមើលទៀត ពួកគេហាក់មានភាពស្និទ្ធស្នាលនឹងគ្នាណាស់ ខ្ញុំឃើញបែបនោះឈឺចិត្តខ្លាំងណាស់ ព្រោះនាងប្រាប់ថាទៅខេត្ត តែបែរជាមកកៀកកើយជាមួយប្រុសនៅទីនេះទៅវិញ។ ខ្ញុំមិនបានមាត់ក៏អ្វីនោះទេ ហើយរង់ចាំដល់នាងត្រឡប់មកផ្ទះខ្លួនឯង។
« ទៅខេត្តហត់ទេ?»ខ្ញុំសួរទាំងមើលមុខនាងស្មើ
« ហត់តើ។» នាងឆ្លើយហើយក៏ដើរចេញ
« ហេតុអីអូនធ្វើបែបហ្នឹងដាក់បង? ហ្អាស!» ខ្ញុំចាប់ដៃនាងជាប់ ហើយស្រែកទាំងកំហឹង
« ធ្វើរឿងអី?» នាងមើលមុខខ្ញុំសួរដូចមិនដឹងរឿងអីទាំងអស់
«អូនប្រាប់បងថាទៅខេត្ត តែអូនបែរជានៅជាមួយប្រុសកាន់ដៃកាន់ជើងគ្នា។ អូននៅធ្វើអត់ដឹងទៀត» ខ្ញុំនិយាយទាំងចង់យំ ព្រោះមិនសឹងជឿភ្នែកខ្លួនឯង
« ល្អ! បើបងដឹងហើយ អីចឹងខ្ញុំក៏មិនចង់និយាយអីច្រើនទៀតដែរ ហើយខ្ញុំក៏មិនចង់នៅទីនេះទៀតដែរ។» នាងនិយាយហើយក៏ដើរឡើងទៅលើបាត់
ក្រោយមកនាងក៏បានរើឥវ៉ាន់ចេញទៅ ហើយប្រាប់ខ្ញុំថានាងគឺជាមនុស្សបែបហ្នឹង ដូច្នេះគេប្រាប់ឲ្យខ្ញុំល្មមដឹងខ្លួនហើយ។
ទោះបីខ្ញុំព្យាយាមឃាត់នាងនិយាយហេតុផលជាមួយគ្នាយ៉ាងណាក៏នាងមិនព្រម ហើយថែមទាំងរើយករូបថតនិង អ្វីដែលធ្លាប់ធ្វើរួមគ្នាអស់ពីផ្ទះ ហើយថែមទាំងឲ្យខ្ញុំលែងលះជាមួយនាងទៀត។
[...] តាំងពីថ្ងៃនោះមកខ្ញុំខូចចិត្តខ្លាំងណាស់ លែងចង់ធ្វើការលែងចង់ធ្វើអីទាំងអស់ ខ្ញុំចាប់ផ្ដើមដូចជាមនុស្សប៉ោឡែ គិតតែពីផឹកស៊ីមិនចូលផ្ទះ ហើយដើរលេងគ្មានគិតអីទាំងអស់។ ខ្ញុំនឹកប្រពន្ធខ្ញុំណាស់ ហើយហេតុអីនាងទៅជាអីចឹង? ជីវិតនេះលែងមានន័យអីទៀតហើយ។ ប្រហែលជាងកន្លះឆ្នាំ ខ្ញុំមិនដែលទទួលបានដំណឹងពីប្រពន្ធខ្ញុំឡើយ ហើយប៉ាម៉ាក់ខ្ញុំគាត់ពិបាកចិត្តណាស់គាត់អង្វរឲ្យខ្ញុំឈប់ផឹកស៊ីដើរលេង ហើយគាត់ចង់ឲ្យខ្ញុំរៀបការម្ដងទៀត ដើម្បីកុំឲ្យគ្រួសារគ្មានអ្នកបន្តវេន តែត្រូវខ្ញុំបដិសេធន៍។ ម្ដងជាពីរដងគាត់នៅតែទទូច និង អង្វរខ្ញុំ ដោយហេតុអាណិតគាត់ទាំងពីរចាស់ៗអស់ទៅហើយ ថែមទាំងមានតែខ្ញុំម្នាក់ទៀត ដូច្នេះខ្ញុំក៏ព្រមតាមការរៀបចំរបស់គាត់។
[...] ខ្ញុំបានរៀបការជាមួយនារីម្នាក់ទៀតដែលម៉ាក់បានរៀបចំឲ្យ ហើយក៏មានកូនប្រុសម្នាក់ទៀតផង ហើយថ្ងៃនេះពួកយើងក៏បានរៀបចំការញ៉ាំអីតិចតួចដើម្បីអបអរដែលខ្ញុំទទួលបានកូនប្រុសម្នាក់នេះ។
ប៉ាម៉ាក់ខ្ញុំគាត់សប្បាយចិត្តខ្លាំងណាស់ គាត់ពរចៅមិនព្រមដាក់ចុះសោះ ខ្ញុំឃើញបែបនោះក៏សប្បាយចិត្តទៅតាមហ្នឹងដែរ។ បន្តិចក្រោយមកក៏មានគេបានយកកាដូធំមួយមកឲ្យខ្ញុំ ហើយប្រាប់ថាគឺជាអ្នកស្គាល់គ្នា។ ខ្ញុំទទួល លុះពេលដែលចប់ការជប់លៀង ខ្ញុំក៏បានបើកមើលព្រោះមិនដឹងថាជាអ្នកណាឲ្យ ខ្ញុំឃើញក្នុងនោះមានខោអាវកូនក្មេងជាច្រើន ថែមទាំងមានស្បែកជើង និង ស្រោមដៃ ហើយក៏មានសំបុត្រមួយច្បាប់ផងដែរ។ ក្នុងសំបុត្រនោះ ៖
«អបអរសាទរបងសម្លាញ់ទីបំផុតបងមានកូនម្នាក់ដ៏គួរឲ្យស្រឡាញ់ហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់ តែស្ដាយណាស់ដែលកូននោះមិនមែនជាកូនពួកយើង អូនសុំទោសដែលធ្វើឲ្យបងខូចចិត្ត តែអូនមិនចង់ឲ្យបងអស់អនាគតត្រឹមអូននោះទេ បងជាកូនទោលក្នុងគ្រួសារនេះ ហើយប៉ាម៉ាក់បងក៏គាត់សង្ឃឹមលើបងដែរ មកពីអូនគ្មានសមត្ថភាពអាចបង្កើតកូនឲ្យបង ទើបខ្ញុំធ្វើបែបនេះ ពេលនេះបងមានក្ដីសុខហើយអូនក៏ស្ងប់ចិត្តដែរ ព្រោះអ្វីដែលអូនលះបង់មិនអត់ប្រយោជន៍នោះទេ បងត្រូវថែរក្សាគ្រួសារមួយនេះឲ្យបានល្អណា ហើយត្រូវស្រឡាញ់ប្រពន្ធបងដូចពេលដែលបងស្រឡាញ់អូនអីចឹង រឿងកន្លងពួកយើងបំភ្លេចចោលទៅ។ ពីអូន អតីតប្រពន្ធ!»
គ្រាន់តែអានសំបុត្រនេះហើយបេះដូងខ្ញុំស្ទើរតែប្រេះបែកជាពីរ ទឹកភ្នែកខ្ញុំស្រក់ចុះដូចទឹកភ្នែកមនុស្សស្រី ខ្ញុំបានរត់ទៅសួរប៉ាម៉ាក់ខ្ញុំពីរឿងនេះ ការពិតពួកគាត់បានដឹងរឿងនេះហើយ ព្រោះគាត់ក៏បានទៅអង្វរប្រពន្ធមុនខ្ញុំឲ្យខ្ញុំយកប្រពន្ធមួយទៀត តែនាងមិនបាននិយាយអីទាំងអស់។ អ្វីដែលហួសចិត្តទៅទៀតមនុស្សដែលខ្ញុំឃើញនៅជាមួយនាងគឺជាបងប្រុសមិត្តភក្តិនាងដែលនាងរៀបចំដើម្បីឲ្យខ្ញុំអាចស្អប់នាង ហើយអាចឲ្យខ្ញុំយកប្រពន្ធថ្មីដោយស្របច្បាប់។ នាងលះបង់ច្រើនពេកហើយ គឺឲ្យខ្ញុំរកពាក្យនិយាយមិនរួច នាងសុខចិត្តលំបាកម្នាក់ឯង ហើយសុខចិត្តដើរចេញពីមនុស្សដែលនាងស្រឡាញ់បំផុតក៏ព្រោះតែចង់ឲ្យខ្ញុំល្អ ខ្ញុំរន្ធត់ចិត្តណាស់ តើនាងអាចលះបង់បែបនេះយ៉ាងម៉េចទៅ? ហើយថ្ងៃក្រោយនាងនឹងទៅជាយ៉ាងណា? តើជីវិតគ្រួសារពិតជាត្រូវការកូនខ្លាំងបែបនេះមែនទេ? ហេតុអី?
ខ្ញុំជាមនុស្សដែលអត់បានការម្នាក់ដែលសុខចិត្តលែងលះជាមួយប្រពន្ធមុនខ្ញុំដោយសារតែការយល់ខុស ហើយឲ្យនាងលំបាកតែឯង ខ្ញុំអាចមានគ្រួសារថ្មី ខ្ញុំអាចមានកូន ចុះនាង តើនាងអាចទេ? ឬក៏ត្រូវទទួលរងភាពឈឺចាប់នេះអស់មួយជីវិត? ហេតុអីមនុស្សស្រីម្នាក់នេះអាចធ្វើទៅរួច? ខ្ញុំសឹងតែមិនជឿថាក្នុងលោកនេះមានរឿងនេះកើតឡើង ទាំងវាមិនមែនជារឿងកុន។
[...] តាំងពីដឹងរឿងទាំងនេះមកខ្ញុំព្យាយាមទាក់ទងទៅប្រពន្ធមុនខ្ញុំ ហើយសុំឲ្យនាងទទួលរាប់អានជាមួយខ្ញុំវិញ មុនដំបូងនាងបដិសេធព្រោះខ្លាចប៉ះពាល់ដល់ប្រពន្ធក្រោយរបស់ខ្ញុំ តែដោយហេតុប្រពន្ធក្រោយខ្ញុំជួយនិយាយ ពេលនេះពួកយើងក៏ដូចជាបងប្អូននឹងគ្នា ហើយពួកយើងពិតជាអាចបំភ្លេចនូវរឿងរ៉ាវពីមុនមែន ទោះបីពេលខ្លះវារត់ចូលក្នុងខួរក្បាលពួកយើងក៏ដោយក៏ពួកយើងនៅតែអាចមានស្នាមញញឹមឲ្យគ្នា។