រឿង​មួយ​ចំនួន​ដែល​អ្នកប្រហែល​​មិន​ទាន់​ដឹង​ពី​ភរិយា​ប្រធានាធិបតី​ថ្មី​របស់​បារាំង

  • 2017-05-11 03:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រៅ​ពី​​នយោបាយ​ រឿង​ស្នេហា​របស់​លោក​ Emmanuel Macron ​ប្រធានាធិបតី​ថ្មី​របស់​បារាំង​ និង​អ្នក​ស្រី Brigitte Trogneux ​​ក៏​បាន​ធ្វើ​ឲ្យ​ល្បី​រន្ទឺ​មិន​ស្ទើរ​ដែរ​ព្រោះ​អ្នក​ទាំង​ពីរ​មាន​អាយុ​ខុស​គ្នា​ដល់​ទៅ​២៤​ឆ្នាំ​ឯណោះ។ ទោះ​យ៉ាងណា​ ​ប្ដី​ប្រពន្ធ​​មួយ​គូ​នេះ​នៅ​តែ​ជម្នះ​ការ​រិះគន់​បាន។​​​​ ខាង​ក្រោម​នេះ​គឺ​ជា​រឿង​មួយ​ចំនួន​ពី​អ្នក​ស្រី​ Trogneux ដែល​អ្នក​ប្រហែល​មិន​ទាន់​ដឹង៖

១. អ្នក​ស្រី​ Trogneux ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន​របស់​លោក​ Macron ៖ អ្នក​ស្រី​បង្រៀន​នៅ​ទីក្រុង​ Amiens ភាគ​ខាង​ជើង​ប្រទេស​បារាំង​ ជា​កន្លែង​ដែល​អ្នក​ស្រី​បាន​ជួប​​នឹង​ក្មេង​ប្រុស​ Macron។​

២. មិន​មាន​នរណា​ដឹង​ថា​ពួក​គេ​ក្លាយ​ជា​គូស្នេហ៍​តាំង​ពី​ពេល​ណា​​ទេ៖ ព្រោះ​អ្នក​ទាំង​ពីរ​មិន​ដែល​បង្ហាញ​វា​ជា​សាធារណៈ។​ ទោះ​យ៉ាង​ណា​ លោក​ Macron ធ្លាប់​និយាយ​ថា​លោក​សារភាព​ស្នេហ៍​ទៅ​អ្នក​គ្រូ Trogneux ​​តាំង​ពី​លោក​អាយុ​ ១៧​ ឆ្នាំ​ម្ល៉េះ។​ ​ទោះឪពុក​ម្ដាយមិន​ពេញ​ចិត្ត​​តែ​លោកនៅ​តែ​ជម្នះ​ដោយ​​ប្រាប់​ទៅ​អ្នក​គ្រូ​ Trogneaux​ ថា​ «ទោះ​មាន​រឿង​អ្វី​កើន​ឡើង​ ខ្ញុំ​នឹង​រៀប​ការ​ជាមួយ​អ្នក​ឲ្យ​បាន»។ ​​

៣. អ្នក​ស្រី​បាន​លែង​លះ​ស្វាមី​​ដើម្បី​លោក​ Macron៖ ការលែងលះ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​ ២០០៦ដែល​ពេល​នោះ​អ្នក​ស្រី​មាន​កូន​បី​នាក់​រួច​ទៅ​ហើយ។​ មួយ​ឆ្នាំ​ក្រោយ​មក​ អ្នក​ស្រី​បាន​រៀប​ការ​ជាមួយ​លោក​ Macron ។​ អ្នក​ស្រី​បាន​ផ្លាស់​មក​រស់​នៅ​ទីក្រុង​ ប៉ារីស​ និង​បន្ត​បង្រៀន​នៅ​ទីនេះ​រហូត​ដល់​ឆ្នាំ ២០១៥​ ទើប​អ្នក​ស្រី​ឈប់​បង្រៀន​​ដើម្បី​ចំណាយ​ពេល​​ជួយ​​កិច្ច​ការ​ស្វាមី​ដែល​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​នៅ​ពេល​នោះ​​។​

៤. អ្នក​ស្រី​ជា​អ្នក​ជ្រោមជ្រែង​សំខាន់​បំផុត​​ក្នុង​ការ​ដណ្ដើម​ដំណែង​ប្រធានាធិបតី​នេះ៖ នៅ​បារាំង​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ​ដែល​ភរិយា​បេក្ខភាព​ប្រធានាធិបតី​ចេញ​មុខ​ជ្រោមជ្រែង​ស្វាមី​​ច្រើន​បែប​នេះ។​ អ្នក​ស្រី​បាន​ជួយ​រៀប​ចំ​សន្ទរកថា​របស់​លោក​ Macron ហើយ​ថែម​ទាំង​ជួយ​រៀប​ចំ​ឫកពា​ក្នុង​ពេល​បង្ហាញ​វត្ត​មាន​ម្ដង​ៗ​ផង​ដែរ។​ ​

៥. កូន​របស់​អ្នក​ស្រី​ក៏​បាន​ចូលរួម​ជួយ​​លោក​​​ Macron​ ដែរ៖ កូន​ដើម​ទាំង​បី​នាក់​​ត្រូវ​បាន​អះអាង​ថា​តែង​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ Macron។ ពួក​គេ​តែង​មាន​មុខ​នៅ​កន្លែង​លោក​ Macron ថ្លែង​សន្ទរកថា​ជា​និច្ច៕

ប្រភព៖ marieclaire ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម