សេដ្ឋីចិត្តល្អឲ្យលុយអ្នកសុំទាន ១ពាន់ដុល្លារ សង្ស័យថាចាញ់បោក ក៏តាមមើល រហូតដឹងថា...
- 2017-05-04 04:17:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេដ្ឋីចិត្តល្អឲ្យលុយអ្នកសុំទាន ១ពាន់ដុល្លារ សង្ស័យថាចាញ់បោក ក៏តាមមើល រហូតដឹងថា...
ថៅកែ ស៊ិន អាយុ ៥០ឆ្នាំប្លាយ គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ជាសេដ្ឋីមានប្រាក់រាប់សិបលាន។ មនុស្សម្នាជាច្រើននាក់លួចច្រណែនគាត់ ប៉ុន្តែមួយរយៈនេះគាត់មានបញ្ហាត្រូវឈឺក្បាលជាខ្លាំង ខណៈកូនប្រុសតែមួយគ្រាប់របស់គាត់ ដែលមានអាយុ ២២ឆ្នាំ មិនស្ដាប់បង្គាប់ មិនព្រមរៀនសូត្រ មួយថ្ងៃៗគិតតែពីដើរលេងជាមួយមិត្តភ័ក្ដិ។ ប្រមាណជា៦ខែមុនគេត្រូវប៉ូលិសចាប់ដោយសារប្រើប្រាស់ថ្នាំញៀននៅក្នុងបារ និងទើបតែត្រូវដោះលែងកាលពីអាទិត្យមុន។ គ្រាន់តែចេញពីគុកភ្លាម គេក៏សុំលុយឪពុកទៅដើរលេងទៀត។ ថៅកែ ស៊ិន ខឹងខ្លាំងក៏ដកហូតកាតក្រេឌីតទាំងអស់របស់កូនប្រុស រួចហើយក៏បង្ខាំងគេទុកក្នុងផ្ទះ។ កូនប្រុសវិញក៏ខឹងឆេវឆាវដែលឪពុកមិនធ្វើតាមចិត្តខ្លួន និងគំរាមថានឹងលួចយកឡានទៅលក់។ ថៅកែក៏ប្រាប់កូនដោយសម្ដីទន់ភ្លន់ថា “អាទិត្យក្រោយប៉ានឹងទៅលេងស្រុកកំណើត បើកូនទៅជាមួយប៉ាហើយធ្វើតាមអ្វីដែលប៉ាប្រាប់គ្រប់យ៉ាង ពេលត្រលប់មកវិញ កូនត្រូវការអី ក៏ប៉ាឲ្យដែរ”។ កូនប្រុសឮឪពុកនិយាយដូច្នេះ ក៏ញញឹមហើយយល់ព្រមភ្លាម។ ៣ថ្ងៃក្រោយមក ថៅកែ ស៊ិន ក៏នាំកូនប្រុសជិះរថភ្លើងទៅស្រុកកំណើត។ ដំបូងកូនប្រុសក៏ឆ្ងល់ថាហេតុអ្វីមិនជិះយន្តហោះ ប៉ុន្តែពេលគិតដល់ខសន្យាជាមួយឪពុក គេក៏មិននិយាយអ្វី ដោយអង្គុយស្ងៀមលើកៅអីរឹងៗ មុនលង់ខ្លួនដេកលក់ទៅ។ ថៅកែ ស៊ិន សម្លឹងមុខកូនប្រុស ហើយដកដង្ហើមធំ។ គាត់នឹកឃើញ កាលគាត់មានអាយុស្របាលកូន គឺបានចេញទៅធ្វើការរកលុយបាត់ទៅហើយ។ គាត់ចាំបានថា កាលនោះគាត់បានមកហាត់ការងារនៅរោងចក្រគ្រឿងចក្រមួយកន្លែង។ រាល់ថ្ងៃត្រូវធ្វើការជាង ១៥ម៉ោង ថែមទាំងត្រូវមេស្ដីឲ្យញឹកញាប់ទៀត។ ៣ឆ្នាំបន្ទាប់ ទើបគាត់បានក្លាយជាបុគ្គលិកពេញសិទ្ធរបស់រោងចក្រ។ រថភ្លើងបន្តដំណើរឆ្ពោះទៅមុខកាត់ផ្ទៃមេឃដែលរៀបនឹងធ្លាក់ងងឹត អមដោយសំឡេងកង់ទង្គិចជាមួយផ្លូវដែក លាន់ស្នូរ “គឹងៗ”។ ថៅកែសំឡឹងមើលទៅឆ្ងាយហើយក៏នឹកឃើញដល់ខ្លួនឯងកាលពីមុន។ ពេលនៅជាយុវវ័យ ជីវិតរបស់គាត់លំបាកលំបិនខ្លាំងណាស់ ម្ល៉ោះហើយក៏ព្យាយាមធ្វើយ៉ាងណាឲ្យកូនប្រុសរស់នៅបានស្រណុកបំផុត ស្មានមិនដល់ថាកូនប្រុសបែរជាធ្វើខ្លួនជាកូនសេដ្ឋីគ្មានបានការ មួយថ្ងៃៗក្រៅពីប្រណាំងឡានម៉ូតូ និងញ៉ែស្រី ក៏ចេះត្រឹមតែនាំមិត្តភ័ក្ដិទៅផឹក។ ព្រឹកឡើង រូបភាពដែលនៅខាងក្រៅបង្អួចរថភ្លើងក៏ក្លាយជាវាលស្រែលឿងទុំដាច់កន្ទុយភ្នែក។ កូនប្រុសសេដ្ឋីភ្ញាក់ឡើង មិននិយាយអ្វី ក៏ស្រែកឮៗដាក់ឪពុកថា “ឃ្លានណាស់ប៉ា!”។ ថៅកែស៊ិន ក៏លូកដៃចូលកាបូបទាញដំឡូងស្ងោរចេញមកពីរដុំដាក់ពីមុខកូន។ កូនប្រុសមិននិយាយច្រើន ក៏ទាញដំឡូងយកមកហូបយ៉ាងទំនងឆ្ងាញ់។ ថៅកែស៊ិនញញឹមតិចៗ ហើយក៏សំឡឹងមើលទៅក្រៅបង្អួចបន្ត និងពិសារដំឡូងមួយដុំដែរ។ ព្រះអាទិត្យចាប់ផ្ដើមលិចម្ដងទៀត កូនប្រុសត្រូវភាពចុករោយធ្វើទុក្ខរហូតភ្ញាក់ដឹងខ្លួនពីដំណេក ចំណែកពោះក៏កូរគ្រូកៗ។ គេសំឡឹងមើលមីកំប៉ុងក្នុងដៃអ្នកដែលអង្គុយក្បែរនោះព្រមទាំងលេបទឹកមាត់។ បុរសពិសារមីដែលស្លៀកសំលៀកបំពាក់កម្មករចាស់ៗ និងមើលទៅស្រម៉េមស្រម៉ាមឃើញដូច្នេះក៏ញញឹមដាក់គេ គេក៏បែរធ្វើជាសំឡឹងទៅជ្រុងម្ខាងទៀត។ ថៅកែឃើញអាកប្បកិរិយារបស់កូនប្រុសដូច្នេះក៏គ្រវីក្បាល ហើយយកដំឡូងស្ងោរចេញមកម្ដងទៀត កូនប្រុសក៏ទាញទៅហូបយកៗ។ អាហារពេលបន្តបន្ទាប់ក៏ដូចគ្នា ឪពុកនិងកូនមានតែដំឡូងស្ងោរប៉ុណ្ណោះដើម្បីរម្ងាប់ភាពឃ្លាន។ ទីបំផុតរថភ្លើងក៏ឈប់នៅទីក្រុងយ៉ានឈួន។ ថៅកែស៊ិនក៏ហៅកូនប្រុសចេញពីរថភ្លើង ដើរចេញមកមិនឆ្ងាយប៉ុន្មាន ក៏ឃើញមនុស្សមួយក្រុមកំពុងឱនមើលអ្វីមួយ។ ពីរនាក់ឪពុកកូនចូលទៅមើលដែរ ក៏ឃើញមនុស្សស្រីអាយុប្រមាណ ៣០ឆ្នាំ ពរកូនប្រុសពិការដៃអង្គុយនៅចិញ្ចើមផ្លូវ។ នៅខាងមុខនាងមានប្រអប់មួយដែលមានក្រដាសលុយបន្តិចបន្តួច និងមានក្រដាសសរសេរថា នាងត្រូវការប្រាក់ដើម្បីព្យាបាលកូន ព្រមជាមួយលេខទូរសព្ទ និងលេខអត្តសញ្ញាណប័ណ្ណរបស់នាងជាមួយនោះដែរ។ កូនប្រុសពេលឃើញស្ត្រីដែលអង្គុយផ្ទាល់ដីនោះ ក៏ខ្សឹបប្រាប់ឪពុកថាស្រីម្នាក់នេះគឺជាពួកបោកប្រាស់ប្រាកដណាស់ ស្ថានីយរថភ្លើងណាក៏មានដែរ អ្នកសុំទានបោកប្រាស់បែបនេះ។ ថៅកែស៊ិនសំឡឹងមើលលេខអត្តសញ្ញាណប័ណ្ណនោះយូរបន្តិច កូនប្រុសដែលពិការដៃក៏ងើយមុខមកសំឡឹងមុខគាត់ គាត់ក៏នឹកឃើញដល់កាលគាត់នៅតូច មិនថានៅផ្ទះក្រលំបាកប៉ុណ្ណា ប៉ុន្តែពេលម្ដាយគាត់ឃើញស្ត្រីពរកូនមកសុំទាន ម្ដាយគាត់ក៏ស្រក់ទឹកភ្នែក និងយកបាយឲ្យអ្នកសុំទានម្នាក់នោះហូប។ ថៅកែស៊ិនឱនទៅអង្អែលក្បាលកូនតូចនោះ កូនតូចនោះក៏សើចដាក់គាត់។ គាត់ក៏លូកកាបូបលុយទាញប្រាក់ចេញមក១ពាន់ដុល្លារ ធ្វើឲ្យអ្នកនៅជុំវិញនោះបង្ហាញទឹកមុខ និងសំឡេងភ្ញាក់ផ្អើលគ្រប់ៗគ្នា។ នាងពរកូនដៃម្ខាង ដៃម្ខាងទៀតក៏ក្រាបសំពះថៅកែស៊ិនដល់ដី ថៅកែក៏ជួយទាញនាងឲ្យងើបមកវិញ មុននិយាយតិចៗថា ប្រញាប់ទៅទិញអីឲ្យកូនហូប ហើយដើរចេញពីហ្វូងមនុស្ស។ កូនប្រុសឃើញបែបនេះក៏ជឿជាក់ថាឪពុកត្រូវគេបោកមែនទែនហើយ។ ស្ត្រីម្នាក់នោះប្រហែលជាបានជប់លៀងធំហើយនៅថ្ងៃនោះ ព្រោះបានលុយរហូតដល់មួយពាន់ដុល្លារ។ ថៅកែស៊ិន និយាយប្រាប់កូនថា ពីរនាក់ម្ដាយកូននេះមើលទៅមិនទំនងជាអ្នកបោកប្រាស់ទេ អ្នកបោកប្រាស់ឯណាដែលមានអាកប្បកិរិយាខ្លាចរអែងពេលបានលុយដូច្នេះ? កូនប្រុសមិននិយាយអ្វីទៀត ក៏ដើរតាមពីក្រោយឪពុក មកដល់ផ្ទះនៅភូមិក៏ត្រូវធ្វើការងារច្រើនយ៉ាងលំបាក មួយថ្ងៃៗមានតែបាយជាមួយជ្រក់ត្រសក់ប៉ុណ្ណោះជាអាហារ។ ស្នាក់នៅបាន ៦ថ្ងៃ ថៅកែស៊ិនក៏នាំកូនប្រុសទៅស្ថានីយរថភ្លើង ត្រៀមខ្លួនត្រលប់ទៅផ្ទះវិញ។ ពេលពីរនាក់ឪពុកកូនមកដល់ស្ថានីយរថភ្លើង ក៏បានជួបស្ត្រីសុំទានម្នាក់នោះដដែល តែអ្វីដែលប្លែកនោះគឺក្មេងដែលនៅជាមួយនាងក៏ប្រែជាក្មេងស្រីក្រងសក់។ កូនប្រុសចង្អុលទៅស្ត្រី ម្នាក់នោះ រួចប្រាប់ឪពុកថា “ប៉ាមើលទៅ ខ្ញុំប្រាប់ហើយថាប៉ាចាញ់បោកគេទេ ស្រីម្នាក់នេះជាអ្នកបោកប្រាស់”។ កូនប្រុសទាញទូរសព្ទចេញមករៀបនឹងប្ដឹងប៉ូលិស ថៅកែស៊ិនក៏ឃាត់កូនប្រុស ហើយក៏បបួលកូនប្រុសតាមមើលស្ត្រីម្នាក់នេះឲ្យបានច្បាស់សិន បើយ៉ាងណាៗ សឹមប្ដឹងប៉ូលិស។ មេឃចាប់ផ្ដើមងងឹត ស្រ្តីម្នាក់នោះក៏ងើបឈរ រើឥវ៉ាន់ និងពរក្មេងស្រីនោះចេញទៅទាំងទឹកមុខញញឹមញញែម។ ថៅកែនិងកូនប្រុសក៏លួចដើរតាមពីក្រោយ។ ១០នាទីក្រោយមក ស្ត្រីម្នាក់នោះក៏ឈប់នៅមុខរបងផ្ទះចាស់មួយ។ នាងលូកដៃទាញកូនសោរមកចាក់បើកទ្វារ ដើរចូលក្នុង ចំណែកពីរនាក់ឪពុកកូនក៏លបៗចូលតាមក្រោយ។ នៅខាងមុខផ្ទះមានខោអាវក្មេងតូចៗជាង ១០ឈុតហាលលើស្នួរ នៅលើជញ្ជាំងមានក្ដារខៀនខ្មៅសរសេរអក្សរក្រវេមក្រវាម។ ថៅកែស៊ិនសំឡឹងមើលអ្វីៗជុំវិញខ្លួនដោយក្ដីងឿងឆ្ងល់។ ភ្លាមនោះក៏ឮសំឡេងសើចចេញពីខាងក្នុងផ្ទះ។ ពីរនាក់ឪពុកកូនដើរទៅលបមើលតាមបង្អួច ក៏ឃើញក្មេងៗពិការ ៥-៦នាក់សើចញញឹមយ៉ាងមានក្ដីសុខនៅជុំវិញស្ត្រីម្នាក់នោះ។ នាងទាញនំចេញមកចែកក្មេងៗ បន្ទាប់មកក៏ដើរទៅគ្រែ។ លើគ្រែនោះមានក្មេងម្នាក់ដេកហៀរទឹកមាត់ និងមិនអាចលើកដៃលើកជើងបាន។ នាងជួយប្ដូរកន្ទបឲ្យគេ ដោយខ្សែភ្នែកទន់ភ្លន់។ ថៅកែស៊ិនឃើញបែបនេះក៏ទប់ទឹកភ្នែកមិនបាន បែរមកមើលកូនប្រុសដែលនៅជិត កូនប្រុសក៏កំពុងលួចជូតទឹកភ្នែក ពេលឃើញឪពុកសំឡឹងមក គេក៏ធ្វើជាគ្រវីក្បាល។ ថៅកែស៊ិន និងកូនប្រុសក៏លបៗចេញមកក្រៅវិញ និងស្នាក់នៅស្រុកនោះមួយយប់ រហូតស្អែកឡើងក៏ជិះរថភ្លើងធ្វើដំណើរត្រលប់មកផ្ទះវិញពេលរសៀល។ ល្ងាចថ្ងៃនោះ ពេលស្ត្រីម្នាក់នោះពរកូនត្រលប់មកផ្ទះវិញ ក៏ឃើញមានកាបូបធ្វើដំណើរមួយនៅក្នុងផ្ទះ ដោយលើនោះមានសំបុត្រមួយច្បាប់។ ក្មេងដែលធំជាងគេក៏និយាយប្រាប់ថា កាលពីថ្ងៃត្រង់មានលោកតា និងលោកពូម្នាក់ មកប្រាប់ថាឲ្យទុកកាបូបនេះឲ្យម៉ែ ថែមទាំងពរពួកគេទៀត។ ស្ត្រីនោះទាញសំបុត្រមកអាន ដែលជួរខាងលើសំបុត្រនោះសរសេរថា “អ្នកម្ដាយចិត្តល្អ”។ នាងអានហើយក៏រំភើបចិត្ត យកដៃខ្ទប់មាត់។ ការពិតទៅស្ត្រីម្នាក់នេះ មានឈ្មោះថា វ៉ាំង សោស៊ូ។ កាលពី៥ឆ្នាំមុន បន្ទាប់ពីរៀបការថ្មីៗ នាងក៏រើសក្មេងពិការម្នាក់មកចិញ្ចឹម។ ប្ដីរបស់នាងក៏គំរាមលែងលះបើនាងនៅតែចិញ្ចឹមក្មេងពិការនេះទៀត ប៉ុន្តែនាងមិនព្រម។ ក្រោយមកនាងក៏បានទទួលចិញ្ចឹមក្មេងពិការដែលត្រូវឪពុកម្ដាយបោះបង់ចោល ៦-៧ នាក់ ធ្វើឲ្យមានបន្ទុកកាន់តែច្រើន រហូតនាងតស៊ូលែងបាន ក៏បានត្រឹមតែទៅសុំទាននៅមុខស្ថានីយរថភ្លើង រហូតដល់ល្ងាចៗក៏ត្រលប់ទៅផ្ទះមើលថែក្មេងៗវិញ បែបនេះជាង ៥ឆ្នាំមកហើយ។ វ៉ាំងសោស៊ូ រូតកាបូបមើលខាងក្នុងក៏ឃើញប្រាក់ជាង១០ម៉ឺនដុល្លារ។ នាងឱបក្មេងៗដែលអង្គុយជុំវិញទាំងស្រក់ទឹកភ្នែក។ ចំណែកកូនប្រុសរបស់ថៅកែស៊ិន ពេលត្រលប់ទៅផ្ទះវិញក៏ឈប់ទាក់ទងជាមួយមិត្តភ័ក្ដិដែលធ្លាប់ប៉ោឡែជាមួយគ្នា ហើយងាកមកជួយឪពុកធ្វើការងារក្នុងក្រុមហ៊ុនយ៉ាងឧស្សាហ៍ព្យាយាម និងតែងចូលរួមបរិច្ចាគប្រាក់សម្រាប់អ្នកទីទ័លក្រជាប្រចាំ ៕ ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន ប្រភព៖ http://www.liekr.com/post_150568.html