ផល​ប៉ះពាល់ និង​លក្ខណៈ​សម្គាល់​ឱសថ​ក្លែងក្លាយ ដែល​គ្រប់​គ្នា​ត្រូវ​ដឹង

  • 2017-04-21 04:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឱសថ​ក្លែង​ក្លាយ​អាច​មាន​ទាំង​ឱសថ​ពិត​ប្រាកដ​ ឬ​ឱសថ​ដែល​មិន​មាន​រូបមន្ត​ផ្សំ​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា​ឱសថ​ពិត​ប្រាកដ​ទាំង​នោះ គឺ​មិន​បាន​ឆ្លង​កាត់​ការ​សុំ​អាជ្ញាប័ណ្ណ​ឱសថ ក្នុង​ស្រុក មិន​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល និង​ផលិត​ផល​អាច​បាន​មក​ពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ប្រភព​ច្បាស់​លាស់ ។

ជា​ទូទៅ​គុណភាព​នៃ​ឱកាស​ក្លែង​ក្លាយ​គឺ​មិន​ល្អ ដោយ​សារ​តែ​កត្តា​ផ្សេង​គ្នា​ដូច​ជា ការ​វេច​ខ្ចប់ ដឹក​ជញ្ជូន រក្សា​ទុក និង​ព័ត៌មាន​ពី​ប្រភព​ផលិត។ ថ្នាំ​ក្លែង​ក្លាយ​អាច​មាន​ផ្ទុក​ធាតុផ្សំ​សកម្ម​តិច​តួច ឬ​មិន​មាន​តែ​ម្តង។ ទន្ទឹម​នឹង​នេះ​ឱសថ​ក្លែង​ក្លាយ​មួយ​ចំនួន​អាច​មាន​សារធាតុ​សកម្ម​ខ្ពស់​លើស​កម្រិត​ដែល​អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើ​ប្រាស់។ ដោយ​ហេតុថា​ថ្នាំ​មួយ​ចំនួន​អាច​ផ្សំ​ពី​រុក្ខជាតិ ផ្នែក​ខ្លះ​នៃ​សត្វ ឬ​សារធាតុ​គីមី​ផ្សេងៗ វា​អាច​បង្ក​ឲ្យ​ពុល​បាន។

គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើប្រាស់​ឱសថ​ក្លែង​ក្លាយ៖

១.ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ៖

មិន​ត្រឹម​តែ​មិន​បាន​ជួយ​ស្តារ​ស្ថានភាព​ជំងឺ​ប៉ុណ្ណោះ​ទេ ថ្នាំ​ក្លែងក្លាយ​ថែម​ទាំង​បង្ក​ភាព​ស្មុគ ស្មាញ​បន្ថែម​ទៀត។ ក្នុង​ករណី​ខ្លះ​ការ​ប្រើ​ថ្នាំ​ក្លែង​ក្លាយ​ដើម្បី​ព្យាបាល​ជំងឺ​វា​កាន់​តែ​បង្កើន​ល្បឿន​នៃ​ការ​វិវត្ត​ជំងឺ ឬ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​មាន។

២.ពុល​ដល់​រាង​កាយ៖

ដោយ​ហេតុ​ថា​ថ្នាំ​ក្លែង​ក្លាយ​មួយ​ចំនួន​ផលិត​ដោយ​គ្មាន​អនាម័យ នៅ​តំបន់​ដែល​កខ្វក់ សម្បូរ​សត្វ​ល្អិត និង​បាក់​តេរី ឬ​ផ្សិត ដូច្នេះ​វា​បង្ក​គ្រោះថ្នាក់​ខ្ពស់​ចំពោះ​សុខភាព​អ្នក​ប្រើប្រាស់។ ជា​រឿយៗ​អ្នក​ប្រើប្រាស់​ថ្នាំ​ទាំង​នោះ​ប្រឈម​នឹង​ការ​ពុល​ថ្នាំ​រហូត​ដល់​ស្លាប់​ក៏​មាន។

៣.ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ៖

ករណី​ភាគ​ច្រើន​នៃ​ផល​ប៉ះពាល់​របស់​ថ្នាំ​ក្លែង​ក្លាយ​រួម​មាន ប្រតិកម្ម​ថ្នាំ ការ​រំខាន​ដល់​ក្រពះ​ពោះវៀន​ ដូចជា ក្អួត​ចង្អោរ និង​រាគ​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត​សារធាតុ​គីមី​ដែល​គ្មាន​ស្តង់ដារ និង​សារ​ធាតុ​ពុល​ដែល​មាន​នៅ​ក្នុង​ថ្នាំ​ក្លែង​ក្លាយ អាច​បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​មុខងារ​បេះដូង ប៉ះពាល់​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ពិបាក​ដក​ដង្ហើម ជា​ដើម។

លក្ខណៈ​សម្គាល់​ថ្នាំ​ក្លែង​ក្លាយ៖

ការ​វេច​ខ្ចប់ និង​ស្លាក​សញ្ញា៖ ឱសថ​ក្លែង​ក្លាយ​ភាគ​ច្រើន​មាន​ស្លាក​សញ្ញា​មិន​ល្អ​ស្អាត​ដូច​ផលិត​​ដើម។ វា​អាច​មាន​ការ​ខុស​ប្លែក​​ទៅ​លើ​ពណ៌​នៃ​ប្រអប់​ថ្នាំ​ដើម ឬ​សូម្បី​តែ​នៅ​លើ​ផលិត​ផល​ផ្ទាល់។

តម្លៃ៖ ប្រសិន​បើ​សង្ស័យ​លើ​តម្លៃ​ឱសថ​នោះ​ទាប​ខ្លាំង​ពេក គួរ​សួរ​នាំ​ឲ្យ​បាន​ច្បាស់ ឬ​ក៏ រាយការណ៍​ទៅ​កាន់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ។

ការ​ចែក​ចាយ​ថ្នាំ៖ ជា​ធម្មតា​អ្នក​ចែក​ចាយ​ផ្លូវ​ការ​ត្រូវ​បាន​ឆ្លង​កាត់​ការ​អនុម័ត និង​ការ​ត្រួត​ពិនិត្យ​គុណ​ភាព។ អ្នក​ចែក​ចាយ​ភាគ​ច្រើន​បាន​ដាក់​ស្លាក​សញ្ញា​នៅ​លើ​ផលិត​ផល​របស់​ខ្លួន ដូច្នេះ​អតិថិជន​អាច​កំណត់​អត្ត​សញ្ញាណ​បាន​យ៉ាង​ងាយ ថា​ថ្នាំ​នេះ​គឺ​ជា​ថ្នាំ​ក្លែង​ក្លាយ ឬ​មិន​មែន៕

រូបតំណាង

​បើ​​មាន​​សំណួរ​​ពាក់ព័​ន្ធ​នឹង​​អត្ថបទ​​នេះ ឬ​​​ការថែរក្សា​​សុខភាព អាច​​ទា​ក់ទង​​តាម​៖​

ចំណាំ៖ រាល់ថ្ងៃសុក្រ Kanha នឹងចេញផ្សាយអត្ថបទសុខភាព ពីអ្នកជំនាញផ្នែកសុខភាពរបស់ទស្សនាវដ្តី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH