រោគ​សញ្ញា​លើ​រាងកាយ​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់ មិន​អ៊ីចឹង​អាច​មាន​គ្រោះ​ថ្នាក់

  • 2017-03-02 09:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​តែង​យល់​ខុស​ថា ទាល់​មាន​ការ​ឈឺចាប់​ត្រង់​ណា​ ទើប​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​មិន​សូវ​ស្រួល។ ប៉ុន្តែ​មាន​អាការៈ​​​ខ្លះ​ដែល​កើត​មាន​លើ​រាងកាយ​យើង អាច​បង្ហាញ​ពី​ការ​ចាប់​ផ្ដើម​នៃ​ជំងឺ​មួយ​ចំនួន​ តែគ្មាន​ការ​ឈឺចាប់ ហើយ​យើង​បែរ​ជា​មិន​បាន​ចាប់អារម្មណ៍ ​​គិត​ថា​ជា​រឿង​ធម្មតា។ កុំ​បណ្ដែត​បណ្ដោយ​អី បើ​អ្នក​កំពុង​ជួប​អាការៈ​ដូច​ខាង​ក្រោម​នេះ គួរ​តែ​ស្វែង​រក​វិធី​ព្យាបាល ឬ​ទៅ​ជួប​គ្រូ​ពេទ្យ​ទើប​ជា​ការ​ប្រសើរ។​

១- ​​ចង្អូរ​ស្នាម​សើច​ឬ​ស្នាម​ជ្រួញ​លេច​ច្បាស់​​ជុំវិញ​មាត់

មិន​មែន​បាន​ន័យ​ថា មក​ពី​អ្នក​សើច​ច្រើន​នោះ​ទេ តែ​វា​ជា​សញ្ញា​បញ្ជាក់​ថា រាងកាយ​អ្នក​កំពុង​ខ្វះ​ជាតិ​វីតា​មីន​ B ចំណែក​បើ​បបូរ​មាត់​ប្រេះ​បង្ហាញ​ថា ខ្វះ​ជាតិ​វីតាមីន​ C។ ញ៉ាំ​បន្លែ​បៃតង​ ផ្លែ​ក្រូច និង​ម្ទេស​ប្លោក​ឱ្យ​បាន​ច្រើន​ដើម្បី​កែប្រែ​បញ្ហា​ទាំង​នេះ។

២- រង្វង់​ភ្នែក​ឡើង​ខ្មៅ

បណ្ដាល​ពី​ការ​គេង​មិន​បាន​គ្រប់​គ្រាន់ ឬ​ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល។ ត្រូវ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់ ៨​ម៉ោង/ថ្ងៃ ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ជា​ប្រចាំ និង​កែ​ប្រែ​ទម្លាប់​មិន​ល្អ​ពី​មុន​មក​ចេញ​។

៣- មុន

បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ស្ករ​ច្រើន​ពេក ឬ​ក៏​មក​ពី​ការ​ប្រែ​ប្រួល​អ័រម៉ូន​ក្នុង​រាងកាយ។ ធ្វើ​យ៉ាង​ណា​ឱ្យ​ផ្ទៃ​មុខ និង​ដង​ខ្លួន​ស្អាត​ជានិច្ច ត្រូវ​ប្រាកដ​ថា គ្មាន​ធូលី​នៅ​លើ​រាងកាយ និង​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់។

៤- ស្បែក​ឡើង​លឿង

អ្នក​អាច​នឹង​មាន​បញ្ហា​ថ្លើម ឬ​កង្វះ​ឈាម​ក្រហម​ក្នុង​រាង​កាយ។ ពិគ្រោះ​ជា​គ្រូពេទ្យ​ជំនាញ ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ថា​ស្បែក​ចាប់ផ្ដើម​ប្រែ​ពណ៌​ខុស​ពី​ធម្មតា។

៥- ស្បែក​ឡើង​ស្លេក​ស្លាំង

ជា​សញ្ញា​មួយ​បញ្ជាក់​ថា រាងកាយ​អ្នក​ខ្វះ​ជាតិ​ដែក​ធ្ងន់ធ្ងរ។ ព្យាយាម​បង្កើន​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ដែក ដូចជា សាច់ និង​បន្លែ។ ហើយ​ក៏​កុំ​ភ្លេច​វីតាមីន C ព្រោះ​វា​ជួយ​សម្រួល​ការ​ស្រូប​យក​ជាតិ​ដែក​ចូល​ទៅ​ក្នុង​រាងកាយ​។

​ប្រភព៖ IFAI

ប្រែសម្រួល៖ សុគន្ធី