គូស្នេហ៍​​មាន​ជំងឺ​ចម្លែក​ដូច​គ្នា​ប្រារព្ធ​ខួប​អាពាហ៍ពិពាហ៍​២២​ឆ្នាំ​ កំពុង​ល្បី

  • 2017-02-25 08:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្ដី​ប្រពន្ធ​មួយ​គូ​​បាន​កើត​ជំងឺ​កម្រ​ម្យ៉ាង​ពី​កំណើត​​ធ្វើ​ឲ្យ​មាន​មុខ​មាត់​ជ្រួញ និង​ភ្នែក​​មើល​ទៅ​ស្រឡេវ​ទាំង​ពីរ​នាក់​ ហើយ​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រិះគន់ ​មាក់ងាយ​រាប់​ឆ្នាំ តែ​ពួក​គេ​នៅ​រឹងប៉ឹង​​ជា​និច្ច​។

អ្នក​ស្រី Maryanne អាយុ​៤៥ឆ្នាំ និង​លោក​ Tommy Pilling អាយុ​៥៩​ឆ្នាំ ត្រូវ​បាន​​ជឿ​ថា​​ជា​គូស្នេហ៍​​ដំបូង​គេ​កើត​ជំងឺ​​មាន​​អវយវៈ​ខុស​ប្លែក​ធម្មតា ឬ​ហៅ Down Syndrome ដែល​​យក​គ្នា​​ធ្វើ​ជា​ប្ដី​ប្រពន្ធ ដោយ​បាន​រៀប​ការ​​តាំង​ពី​ឆ្នាំ​ ១៩៩៥​។

ងាក​​ទៅ​មើល​ប្រវត្តិ​ស្នេហ៍​របស់​ពួក​គាត់​បន្តិច គឺ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​​១៨​ខែ រួច​សម្រេច​រៀប​ការ​​​នៅ​ខែ​កក្កដា ​ឆ្នាំ១៩៩៥ នៅ​វិហារ St Mary ក្នុង​សង្កាត់​ Shoeburyness ទីក្រុង Essex ប្រទេស​អង់គ្លេស។ ​កាល​​ថ្ងៃ​ Tommy សារភាព​សុំ​រៀបការ គឺ​ជា​ថ្ងៃ​អ្នក​ស្រី​​រំភើប​ចិត្ត​ខ្លាំង រហូត​​​ញញឹម​បិទ​មាត់​មិន​ជិត​។

អំឡុង​​កំពុង​ស្រលាញ់​គ្នា ពេល​ពួក​គេ​ដើរ​កាន់​ដៃ​គ្នា​តាម​ទី​សាធារណៈ តែង​តែ​​មាន​អ្នក​ជុំវិញ​​សម្លឹង​មើល​លើ​ក្រោម និង​ថា​ពួក​គេ​មិន​អាច​រៀបការ​បាន​ទៀត​ផង។ មនុស្ស​ជា​ច្រើន​ព្រួយ​បារម្ភ​ពី​កំណើត​កូន ឬ​ចៅ​របស់​ពួក​គេ​ ថា​​អាច​កើត​ជំងឺ​បន្ត​​បែប​នេះ​មក​ទៀត​។

​អ្នក​ស្រី​និយាយ​ថា៖ "ថ្ងៃ​រៀបការ​របស់​ខ្ញុំ​ ជា​ថ្ងៃ​​ល្អ​បំផុត​ក្នុង​មួយ​ជីវិត​នេះ។ ពេល​ Tommy សារភាព​ ខ្ញុំ​រំភើបចិត្ត ហើយ​ក៏​មិន​បង្អង់​យូរ​​នឹង​ឆ្លើយ​តប​ជាមួយ​ពាក្យ​​យល់ព្រម​ដែរ។​ ប្ដី និង​ខ្ញុំ​មិន​ដែល​​ទាស់​ទែង​គ្នា​ទេ។ ខ្ញុំ​ស្រលាញ់​ប្ដី​ខ្ញុំ​ខ្លាំង​ណាស់​។"

ទោះ​ជា​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ការ​យក​គ្នា​ជា​គូ​យ៉ាង​នេះ​ក្ដី​ ក៏​ពួក​គេ​អាច​​រស់​នៅ​​ប្រកប​ដោយ​សុភមង្គល​រយៈពេល​​២​ទសវត្ស​​ដែរ។ ចំណែក​នា​ថ្ងៃ​ខួប​​​អាពាហ៍ពិពាហ៍​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ពួក​គេ​បាន​ទទួល​ពាក្យ​ជូន​ពរពី​មនុស្ស​ជុំវិញ និង​តាម​អ៊ីនធឺណិត​យ៉ាង​ច្រើន​​ទៀត​ផង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឡេង ភារុណ