ចង់ដឹងទេ គ្រឿងអលង្ការសម្អាតម៉េចទើបភ្លឺចែងចាំង?

  • 2017-01-25 02:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿង​អលង្ការ​ដែលមាន​ដូចជា​គ្រឿង​ប្រាក់ ​គ្រឿងមាស ​ប្លាទីន ​ត្បូង ​​ត្បូងពេជ្រ ​និង​គជ់ខ្យង​ចាំបាច់​ត្រូវការ​ការ​លាង​សម្អាត និង​ថែរក្សា​ឱ្យបាន​ត្រឹមត្រូវ​បំផុត ​ហើយ​ការលាង​សម្អាត​នោះ​ផងដែរត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ​ដើម្បី​​ចៀស​វាង​កុំឱ្យ​មានការ​ខូចខាត​ដោយប្រការ​ណាមួយ។

១. គ្រឿង​អលង្ការ​ប្រាក់៖

  • សម្រាប់​គ្រឿង​អលង្ការ​ប្រាក់​ដែល​សឹក ​និង​ប្រែ​ពណ៌៖ យក​សាប៊ូ​លាងចាន​ដែលមាន​ជាតិ​កាត់​តិចតួច​មក​លាយ​ជាមួយ​ទឹក​ រួច​យក​ក្រណាត់​ស្អាត​មួយមក​ជ្រលក់​ក្នុង​ទឹក​នោះ ​រួច​យក​ទៅ​ជូត​ត្រដុស​ពីលើ​គ្រឿង​អលង្ការ​ បន្ទាប់មក​លាងសម្អាត​នឹង​ទឹក​ស្អាត។
  • ប្រសិនបើ​វា​ស្រអាប់​ខ្លាំង៖ ​អ្នក​ត្រូវ​លាយ​មេម្សៅ​ដុតនំ ​Baking Soda ​ជាមួយ​ទឹក​បន្តិច​ បន្ទាប់​មក​យក​គ្រឿងអលង្ការ​របស់អ្នក​ទៅ​ជ្រលក់​ក្នុង​ទឹក​ឱ្យ​សើម ​រួច​យក​ក្រណាត់​ជ្រលក់​ក្នុងល្បាយ​ដែល​បាន​លាយ ​ត្រដុស​ឱ្យ​សព្វ​ រួច​លាង​សម្អាត​ជាការស្រេច។

២. គ្រឿង​អលង្ការ​មាស ​ត្បូង ​និង​ពេជ្រ៖

គ្រឿង​មាស​ដែល​មាន​ធូលី​ដីជាប់​ស្អិត៖ យក​សាប៊ូ​លាង​ចាន​មាន​ជាតិ​កាត់​តិច​តួច​លាយ​ជាមួយ​ទឹក​សូដា ​រួច​យក​គ្រឿង​មាស​របស់អ្នក​មកត្រាំ​ក្នុង​ល្បាយ​នេះ​រយៈពេល​ប្រហែល ​៥នាទី។ ​កូរ​វា​ទៅ​មក​ជា​ញឹកញាប់ រួច​យក​ច្រាស​ដុស​ធ្មេញ​មក​ដុស​ពី​លើ​ថ្នមៗ។ រួច​បើក​ទឹក​បង្ហូរ​ពី​លើ​គ្រឿង​មាស​នោះ​ទើប​កម្ទេច​ធូលី​ដី​ងាយ​នឹង​ចេញ​ស្អាត។

៣. គ្រឿង​អលង្ការ​គជ់ខ្យង៖

  • លាយ​សាប៊ូលាងចាន​ដែល​មាន​ជាតិ​កាត់​បន្តិចបន្តួច​ជាមួយនឹង​ទឹកក្ដៅ​ឧណ្ហៗ រួច​យក​ជក់​ផាត់​មុខ​ទំហំ​តូច​មួយ​មក​ជ្រលក់​ក្នុង​ល្បាយ​រួច​ត្រដុស​លើ​គជ់ខ្យង​របស់​អ្នក​ រួច​លាង​សម្អាត​ជាមួយទឹក​ស្អាត។
  • អ្នក​អាច​ប្រើ​វិធី​នេះ​លាង​សម្អាត​គ្រឿង​អលង្ការ​ផលិត​ពី​ត្បូង ​Turquoise ​ពណ៌​កា​ស្តាំង​ផងដែរ៕

ប្រភព៖ Goodhousekeeping

ប្រែសម្រួលៈ ណាលីតា