ប្រវត្តិ​ពិត ​និ​ងជីវិត​ស្នេហា Kim Tae Hee ភរិយា​ដ៏​ស្រស់​ស្អាត​របស់ Rain

  • 2017-01-20 08:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​ធំ​ជាង​គេ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ​នៅ​ពេល​នេះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ព័ត៌មាន​រៀបការ​របស់​គូ​ស្នេហ៍​តារា​ចម្រៀង​និង​សម្ដែង Rain និង Kim Tae Hee នោះ​ទេ។ បន្ទាប់​ពី​ស្រឡាញ់​ មើល​ចិត្ត​គ្នា​អស់​រយៈ​ពេល ៤ឆ្នាំ​ តា​រា​ចម្រៀង​ប្រុស​វ័យ ៣៤ឆ្នាំ និង​តារា​ស្រី​វ័យ ៣៦ឆ្នាំ​ក៏​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​មករា។ នៅ​ថ្ងៃ​នេះ​ដែរ ក្រុម​ការងារ កញ្ញា សូម​លើក​​ជីវប្រវត្តិ​ខ្លះ​ៗ​របស់​តារា​សម្ដែង​ស្រី Kim Tae Hee ដែល​ជា​កូន​ក្រមុំ​របស់​ Rain ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​កាន់​តែ​ច្បាស់​តែ​ម្ដង។

Kim Tae Hee កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​១៩៨០ នៅ​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង​ មាន​បង​ស្រី​ម្នាក់ និង​ប្អូន​ប្រុស​ម្នាក់។ Kim Tae Hee គឺ​ជា​សិស្ស​ពូកែ​ម្នាក់ ហើយ​តាម​រយៈ​លទ្ធផល​សិក្សា​ល្អ ធ្វើ​ឲ្យ​នាង​អាច​ប្រឡង​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ជាតិសេអ៊ូល (Seoul National University) ផ្នែក​ច្នៃ​ម៉ូដ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០០៥។

សម្រាប់​ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ Kim Tae Hee បាន​ចាប់​ផ្ដើម​ដោយ​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ និង​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ផ្សេង​ៗ។ បន្ទាប់​ពី​នោះ នៅ​ឆ្នាំ​២០០១ នាង​ក៏​បាន​ទទួល​សម្ដែង​ភាពយន្ត​រឿង "Last Present” តែ​រឿង​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​នាង​ល្បី​ឈ្មោះ​បោះសំឡេង​ភ្លាម​នោះ​ដែរ។ ត​មក​ នៅ​ឆ្នាំ​២០០២ នាង​បាន​ទទួល​សម្ដែង​រឿង​ភាគ "Let's Go” ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​នាង​ចាប់​ផ្ដើម​ល្បី​ខ្លាំង​នោះ​គឺ​រឿង​ភាគ "Stairways To Heaven” ដែល​តាម​រយៈ​រឿង​នេះ​ធ្វើ​ឲ្យ​នាង​ត្រូវ​បាន​គេ​ស្គាល់​ទូទាំង​ប្រទេស​កូរ៉េ ព្រម​ទាំង​នៅ​អាស៊ី និង​បាន​ទទួល​ពាន​រង្វាន់​ Best New Actress ពី​កម្មវិធី SBS Drama Awards។

ក្រៅ​ពី​ស្នាដៃ​សម្ដែង​ល្អ​គួរ​ឲ្យ​កោត​សរសើរ​ហើយ រូប​សម្រស់​របស់​នាង​ក៏​ជា​រឿង​មួយ​ដែល​គ្រប់​គ្នា​លើក​មក​និយាយមិន​ឈប់​​ដែរ ព្រោះ Kim Tae Hee មាន​ទម្រង់ និង​ផ្ទៃ​មុខ​ស្រស់​ស្អាត កែវ​ភ្នែក​ខ្មៅ​ថ្លា រហូត​ទទួល​បាន​រហស្សនាម​ថា​ជា​រាជិនី​សម្រស់​មួយ​រូប​របស់​កូរ៉េ​ខាង​ត្បូង​ថែម​ទៀត។

​ចំពោះ​រឿង​ស្នេហា Kim Tae Hee និង Rain បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ពេល​ថត​រូប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១២ ដោយ​ចាប់​ផ្ដើម​រាប់​អាន​គ្នា​ពី​មិត្តភ័ក្ដិ រហូត​ក្លាយ​ជា​មិត្ត​យល់​ចិត្ត។ ព័ត៌មាន​​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ខាង​ត្បូង ដោយ​សារ Rain មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​នៅ K-pop រី​ឯ Kim Tae Hee ក៏​ជា​តារា​ស្រី​កំពូល​សម្រស់​​ទៅ​ទៀត។

ទោះ​យ៉ាង​ណា អំឡុង​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា Rain ក៏​កំពុង​ជាប់​ភារកិច្ច​ចូល​បំពេញ​កាតព្វកិច្ច​យោធា ប៉ុន្តែ​បាន​បែក​ធ្លាយ​រូបភាព​ណាត់​គ្នា​ជាមួយ Kim Tae Hee ធ្វើ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ល្បី​រន្ទឺ​ថា Rain បាន​យក​ពេល​វេលា​រាជការ​មក​ដើរ​លេង​ជាមួយ​មិត្ត​ស្រី។ ទី​បំផុត Rain ត្រូវ​គេ​ពិន័យ​ដោយ​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ជំរុំ​ទាហាន​រយៈ​ពេល ៧ថ្ងៃ។

ព័ត៌មាន​ចចាមអារ៉ាម​ពី​ការ​រៀបការ​របស់​ Kim Tae Hee និង Rain បាន​កើត​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​ប៉ុន្តែ​សាម៉ី​ខ្លួន​បាន​ចេញ​មក​បដិសេធ​ជានិច្ច រហូត​មក​ដល់​ពេល​នេះ​វាក៏​បានក្លាយ​ជា​ការ​ពិត ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​ចូល​រោង​ការ​យ៉ាង​ស្ងប់ស្ងាត់​បំផុត ព្រោះ​ចង់​រក្សា​ភាព​ឯកជន។ នៅ​ពេល​ប្រកាស​ពី​ដំណឹង​រៀបការ Rain បាន​បញ្ជាក់​​ក្នុង​សំបុត្រ​​​មួយ​ច្បាប់​ថា៖ "នាង​គឺ​ជា​កាដូ​ដ៏​ពិសេស​បំផុត ក្នុង​ជីវិត​ខ្ញុំ”។

ប្រវត្តិ​ខ្លី​ៗ៖

ឈ្មោះ​ពិត៖ Kim Tae Hee

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ថ្ងៃ​២៩ ខែ​មីនា ឆ្នាំ​១៩៨០

ទី​កន្លែង​កំណើត៖ ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង

កម្ពស់៖ ១៦២សម

ទម្ងន់៖ ៤៥គីឡូក្រាម

ការ​សិក្សា៖ សាកលវិទ្យាល័យ​ជាតិ​សេអ៊ូល

ស្នាដៃ​សម្ដែង​រឿង​ភាគ៖

2015: ยงพัล (SBS)

2013: Jang Ok Jung (SBS)

2011: My Princess (MBC)

2009: Iris (KBS)

2004: Love Story in Harvard (SBS)

2004: Forbidden Love (KBS)

2003: Stairway to Heaven (SBS)

2003: A Problem At My Younger Brother's House (SBS)

2003: Screen (SBS)

2002: Let's Go (SBS)

ស្នា​ដៃ​សម្ដែង​ភាពយន្ត៖

2010: Grand Prix

2007: Venus and Mars

2006: The Restless

2002: New Citizen (short film)

2001: Last Present (short appearance)  

ប្រភព៖Kapook  

ប្រែសម្រួលៈ វ៉ាន់ថន