ស្រីៗ​ចូលចិត្ត​ដើរ​ផ្សារ មានជំងឺចង់ចាយលុយ?

  • 2016-12-29 03:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​មើល​ពី​រូបភាព​ខាង​ក្រៅ ស្ត្រី​ចូល​ចិត្ត​ដើរ​ផ្សារ​ច្រើន គឺ​ពិត​ជា​ស្ត្រី​ដែល​ចាយ​លុយ​ខ្ជះខ្ជាយ ប៉ុន្តែ​ជាក់​ស្តែង វា​ផ្ទុយ​ពី​នេះ​ទៅ​វិញ។ សាក​អាន​ពី​ទស្សនៈ​របស់​ស្ត្រី​មួយ​ចំនួន​ខាងក្រោម​បន្តិច​មើល៍ ហេតុអ្វី​បាន​ជា​នាង​ចូលចិត្ត​ដើរ​ផ្សារ ឬ Shopping?

មាលា អាយុ ២៧ឆ្នាំ ធ្វើការ​នៅ​ធនាគារ បាន​ប្រាប់​ថា កញ្ញា​ចូលចិត្ត​ដើរ​ផ្សារ ហើយ​ក៏​មិន​ចាំបាច់​ដើរ​មាន​គ្នា​កំដរ​ទេ «ខ្ញុំ​ចូលចិត្ត​ដើរ​ផ្សារ​ម្នាក់​ឯង ទោះ​ជា​មិន​ប្រាកដ​ថា​ទិញ​ទំនិញ​អ្វី ប៉ុន្តែ​វា​ជា​ការ​សម្រាក​លំហែ​មួយ​របស់​ខ្ញុំ បន្ទាប់​ពី​តប់​ប្រមល់​នឹង​ការងារ​ពេញ​មួយ​ថ្ងៃ​នោះ ខ្ញុំ​អាច​ដើរ​មើល​ទំនិញ​ល្អៗ ស្អាតៗ បើ​ត្រូវ​ចិត្ត និង​តម្លៃ​សមរម្យ​គឺ​ខ្ញុំ​អាច​ទិញ ដោយ​មិន​ចាំ​បាច់​មាន​ផែន​ការ​ទុក​មុន​នោះ​ទេ»។

នាង​បាន​បដិសេធ​យ៉ាង​ខ្លាំង​នៅ​ពេល​សួរ​ថា តើ​នេះ​គឺ​ជា​ការ​ចាយ​ខ្ជះខ្ជាយ​មែន​ទេ ព្រោះ​ទិញ​ទំនិញ​ដោយ​មិន​មាន​ផែនការ​ចង់​បាន​ផង​នោះ? «ខ្ញុំ​មិន​យល់​ស្រប​ទេ​ ព្រោះ​ខ្ញុំ​យល់​ថា​ខ្ញុំ​សន្សំ​សំចៃ​បាន​ច្រើន​ទៅ​វិញ ព្រោះ​មិន​ទិញ​ដោយ​ប្រញាប់​ប្រញាល់ ដែល​ធ្វើ​ឲ្យ​អ្នក​លក់​កាត់​ថ្លៃ​ខ្ពស់ និង​មិន​ចុះ​តម្លៃ​ច្រើន ឬ​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ទិញ​ទាំង​មិន​សូវ​ពេញ​ចិត្ត ប៉ុន្តែ​បើ​យើង​មាន​ពេល​វេលា​ដើរ​ផ្សារ​ច្រើន​ យើង​អាច​ស៊ើប​សួរ​តម្លៃ​បាន​ច្រើន​តូប ដឹង​តម្លៃ​សមរម្យ​ងាយ​ស្រួល​តថ្លៃ និង​ទទួល​បាន​ទំនិញ​គុណភាព​ល្អ​ថែម​ទៀត»។

ងាក​មក​ស្ត្រី​មាន​ស្វាមី និង​កូន ដែល​ធ្វើការ​នៅ​អង្គការ អ្នកស្រី​ ដាណា វិញ​ក៏​បាន​ចូលរួម​យោបល់​ថា «ទោះបី​ជា​ខ្ញុំ​មាន​កូន ក៏​នៅ​តែ​ឆ្លៀត​ពេល​ដើរ​ផ្សារ​ញឹក​ញាប់ អាច​១អាទិត្យ​២ដង​ដែរ ព្រោះ​បើ​មិន​ដើរ​ផ្សារ ធ្វើ​ម៉េច​មាន​របស់​ប្រើប្រាស់ ដូចជា​ខោ​អាវ ស្បែក​ជើង គ្រឿង​តែង​ខ្លួន​ខ្លួន​ឯង​ផង កូន​ផង និង​ប្តី​ទៀត»។

ការ​ចាយ​ខ្ជះខ្ជាយ​មិន​អាច​សំដៅ​លើ​អ្នក​ដើរ​ផ្សារ​ច្រើន​ទេ ព្រោះ​អ្នក​ចូល​ចិត្ត shopping គឺ​ជា​មនុស្ស​ដែល​ស្វែង​រក​ជម្រើស​ច្រើន​ហើយ​កាន់​តែ​ល្អ ដែល​ផ្តល់​មក​នូវ​តម្លៃ​ធូរ​ថ្លៃ និង​ទំនិញ​គុណភាព​ខ្ពស់ នេះ​ជា​អាថ៌​កំបាំង​របស់​អ្នក​នាង សត្យា ដែល​ធ្វើការ​ផ្នែក​ពាណិជ្ជកម្ម បាន​បង្ហើប​ប្រាប់ ហើយ​នាង​ថា​សកម្មភាព​នេះ គឺ​ជា​ចំណូល​ចិត្ត​របស់​ស្ត្រី ទោះ​មិន​មាន​លុយ​ទិញ​ឲ្យ​តែ​បាន shopping ក៏​សប្បាយ​ចិត្ត។

រីឯ សុភា និស្សិត​ឆ្នាំទី២ នៃ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ ប្រាប់​ដោយ​ឥត​លាក់​លៀម​ថា ទោះបី​ជា​នាង​គ្មាន​លុយ​ច្រើន ក៏​នាង​ចូល​ចិត្ត shopping ហើយ​នាង​អាច​សួរ​តម្លៃ​ទុក រួច​សន្សំ​លុយ​ទិញ​របស់​ដែល​នាង​ស្រឡាញ់​នោះ នៅ​កន្លែង​លក់​មួយ​ដែល​នាង​ដឹង​ថា​លក់ធូរ​ថ្លៃ​ជាង​គេ។

បទ​ពិសោធន៍ និង​ការ​យល់​ឃើញ​របស់​ស្រ្តី​ទាំង​៤នាក់​ខាង​លើ​បញ្ជាក់​ថា​ការ​ដើរ​ផ្សារ Shopping វា​មិនមែន​ជា​ជំងឺ​ចង់​ចាយ​លុយ​របស់​ស្ត្រីៗ​នោះ​ទេ តែ​វា​វិធីសាស្ត្រ​សន្សំ​លុយ​របស់​ស្ត្រី​សម័យ​ថ្មី​នេះ។ ប៉ុន្តែ​បើ​ស្ត្រី​ខ្លះ​ចូលចិត្ត​ដើរ​ទិញ​ទំនិញ​រាល់ថ្ងៃ ហើយ​ទិញ​មក​មិន​ប្រើប្រាស់ គិត​តែ​ទិញ​យក​មក​ទុក​ចោល នោះ​ហើយ​បាន​ជា​ធ្វើ​ឲ្យមនុស្ស​ភាគច្រើន​យល់​ថា ការ​ដើរ​ផ្សារ​ជា​ការ​ចាយ​លុយ​ខ្ជះ​ខ្ជាយ។

ចុះ​ប្រិយមិត្ត​ស្រីៗ​យើង​ផ្សេង​ទៀត មាន​អី​ចង់​ចូល​រួម? ១​អាទិត្យ​ដើរ​ផ្សារ​ប៉ុន្មាន​ដង? មក​ពី​ចង់​ចាយ​លុយ​ឬ​បានជា​ចង់​ដើរ​ផ្សារ?  

អត្ថបទៈ ជូ ជូ

អត្ថបទពេញនិយម