សង្កេតមើលខ្លួនឯងជាមនុស្សឆ្លាតឬអត់ តាមរយៈបុគ្គលិកលក្ខណៈទាំងនេះ
- 2020-04-01 06:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្កេតមើលខ្លួនឯងជាមនុស្សឆ្លាតឬអត់ តាមរយៈបុគ្គលិកលក្ខណៈទាំងនេះ
ចង់ដឹងពីនរណាម្នាក់ ឬពីខ្លួនឯង ថាជាមនុស្សឆ្លាតដែរឬយ៉ាងណា អាចសង្កេតមើលដោយផ្អែកទៅលើសមត្ថភាព ទម្លាប់ ទង្វើ និងបុគ្គលិកលក្ខណៈរៀងៗខ្លួន។ ការវាស់ស្ទង់ភាពវៃឆ្លាតតាមរយៈតេស្ត IQ ក៏មិនមានភាពជាក់លាក់ទាំងស្រុងដែរ។
តាមការសិក្សាស្រាវជ្រាវពីមហាវិទ្យាល័យនៃទីក្រុងឡុងដ៍ បានបង្ហាញថា ប្រសិនបើអ្នក មានចំណុចដូចខាងក្រោម មានន័យថាអ្នកមាន IQ ខ្ពស់ និងជាមនុស្សឆ្លាតមួយរូប។
១. ចេះនិយាយលេងសើច មានភាពកំប្លុកកំប្លែង
អ្នកដែលចេះនិយាយលេងពីនេះពីនោះ និងអាចធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយ បានសេចក្ដីថា អ្នកគឺជាមនុស្សឆ្លាត។ អ្នកមានគំនិតថ្មីប្លែកៗ ទេពកោសល្យ ប៉ិនប្រសប់ខាងទំនាក់ទំនងក្នុងសង្គម មានភាពកំប្លុកកំប្លែង ប៉ុន្តែមិនដែលភ្លេចពីទំនួលខុសត្រូវឡើយ។ យោងតាមការវាស់ស្ទង់ មនុស្សទូទៅមាន IQ ចន្លោះពី៨៥-១១៥ ហើយសម្រាប់តារាកំប្លែងល្បីឈ្មោះដូចជា Phoebe Buffay មាន IQ ១៥៤ និងO'Brien មាន IQ រហូតដល់ ១៦០។
២. និយាយជាមួយខ្លួនឯង
មនុស្សដែលនិយាយជាមួយខ្លួនឯង ឬសើចតែម្នាក់ឯង សម្រាប់អ្នកផ្សេងមើលមកហាក់ដូចជាចម្លែក និងគិតអ្វីមិនល្អទាល់តែសោះ។ តាមការពិត វាគឺជាសញ្ញារបស់មនុស្សមានប្រាជ្ញាវាងវៃទៅវិញទេ។ ពួកគេមានការគិតល្អ ជំរុញការចងចាំ និងអាចវិភាគពិចារណាយ៉ាងច្បាស់លាស់។ ឧទាហរណ៍ដូចជា Albert Einstein ក៏ជាមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថា ចូលចិត្តនិយាយខ្សឹបៗទៅកាន់ខ្លួនឯងផងដែរ។
៣. ចូលចិត្តស្តាប់ចម្រៀង
តាមការស្រាវជ្រាវ នៃសាកលវិទ្យាល័យ Oxford Brookes បានអះអាងថា មិនត្រឹមតែអ្នកចេះលេងឧបករណ៍ភ្លេងប៉ុណ្ណោះទេ សូម្បីអ្នកដែលចូលចិត្តស្តាប់ចម្រៀងតន្រ្តីផ្សេងៗក៏ចាត់ទុកជាមនុស្សឆ្លាតខុសពីអ្នកដទៃ។ ភ្លេងតន្រ្តីអាចជួយសម្រួលដល់ដំណើរការនៃខួរក្បាល ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជាពិសេសបទចម្រៀងមានអត្ថន័យល្អ ឬបទភ្លេងមានចង្វាក់រណ្តំ។
៤. មានភាពខ្ជិលក្នុងខ្លួន
ភាគច្រើនសម្បូរគេគិតថា មនុស្សឆ្លាតតែងចំណាយពេលរៀនសូត្រ និងឧស្សាហ៍ជាមួយការងារណាស់។ តែការពិត អ្នកដែលមាន IQ ខ្ពស់ គឺតែងមានភាពខ្ជិលច្រអូសក្នុងខ្លួន។ យ៉ាងណាក៏ដោយ ពួកគេនៅតែអាចបញ្ចប់កិច្ចការផ្សេងៗទាន់ពេលវេលា តាមវិធីរហ័សរហួននិងច្នៃប្រឌិតនានា។
៥. ចូលចិត្តគិត ឬចង់ដឹងពីហេតុផល
អ្នកវិទ្យាសាស្រ្ត ២រូប រួមមាន Adrian Furnham and Helen Cheng មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ បានបញ្ជាក់ថា មនុស្សឆ្លាតតែងចេះឆ្ងល់ ចង់ចេះចង់ដឹងឥតឈប់ឈរ។ នៅពេលដែលពួកគេរុករកឃើញអ្វីមួយហើយ គឺមិនដែលភ្លេចពីសិក្សាស្វែងយល់ពីហេតុផលឲ្យបានច្បាស់លាស់បន្ថែមឡើយ។
៦. ទទួលស្គាល់កំហុស លោក Jeff Bezos ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Amazon បានបង្ហាញថា មនុស្សឆ្លាតវៃ តែងហ៊ានទទួលស្គាល់កំហុស និងចេះរៀនសូត្រក្រេបយកចំណុចល្អៗពីអ្នកដទៃ ដើម្បីកែប្រែខ្លួនឯងឲ្យកាន់តែប្រសើរជាងមុន។ មានតែមនុស្សល្ងង់ទេ ដែលគិតថាខ្លួនល្អឥតខ្ចោះគ្រប់រឿង និងមិនគោរពឲ្យតម្លៃ ពីគំនិតល្អៗរបស់អ្នកដទៃ។
៧. មិនចូលចិត្តនិយាយរញ៉េរញ៉ៃ ពេលធ្វើការងារ
នៅពេលធ្វើការងារ មនុស្សវៃឆ្លាត មិនសូវនិយាយស្តីរញ៉េរញ៉ៃនោះទេ។ ជាពិសេស ពួកគេមិនចូលចិត្ត តបតជាមួយនឹងរឿងឥតប្រយោជន៍នោះដែរ។ក្នុងអំឡុងពេលធ្វើការងារ ខួរក្បាលរបស់ពួកគេមានភាពមមាញឹកខ្លាំងណាស់ ដូច្នោះហើយទើបបានជាមនុស្សប្រភេទនេះ ចូលចិត្តធ្វើការដាច់ដោយឡែកតែឯង។ ចំពោះរឿងស្នេហា គឺមិនសូវជាខ្វាយខ្វល់ប៉ុន្មានទេ តែបើដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ គឺមានភាពច្បាស់លាស់បំផុត។
ជាមនុស្សឆ្លាតម្នាក់ មិនមែនមានន័យថា អ្នកត្រូវតែអាចចដោះស្រាយបញ្ហាពិបាកៗខ្លាំង ប្រឡងបានពិន្ទុខ្ពស់ ឬធ្វើរឿងអស្ចារ្យអ្វីផ្សេងទេ ព្រោះពេលខ្លះសូម្បីទង្វើនិងបុគ្គលិកលក្ខណៈពិសេសខុសប្លែកពីអ្នកដទៃ ក៏ចាត់ទុកថា អ្នកជាមនុស្សឆ្លាតបានដែរ៕
ចុះអ្នកវិញមានចំណុចពិសេសអ្វីខ្លះទៅ?
ចុចអានបន្ត៖ នារីកើតឆ្នាំ៣នេះ ត្រូវគេទាយថាជាមនុស្សក្លាហាន ពូកែរកលុយ មិនផ្អែកវាសនាលើមនុស្សប្រុស