ស្រឡាញ់​ប៉ុណ្ណា​ក៏​គួរ​ដើរ​ចេញ​ដែរ បើ​គេ​ស្ដែង​ចេញ​ទង្វើ​ទាំង ៤ នេះ​

  • 2020-03-31 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ ភាគី​​ទាំង​សង​ខាង​គួរណា​តែ​មាន​ក្ដី​ស្រឡាញ់​ឲ្យ​គ្នា​ទៅវិញទៅមក ទោះ​ក្ដី​ស្រឡាញ់​នោះ​មិន​បាន​ស្មើ​គ្នា ១០០% ក៏​ដោយ។ យ៉ាងណាមិញ មាន​នារី​មួយ​ចំនួន ដោយ​សារ​តែ​ការ​ស្រឡាញ់​បុរស​ម្នាក់​ពេញ​បេះដូង ធ្វើ​ឲ្យ​ពួកគេ​បែរ​ជា​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង​ រហូត​​ព្រម​សម្ងំ​ទទួល​យក​គ្រប់​យ៉ាង​ដោយ​ស្ងាត់ស្ងៀម​ទាំង​ឈឺចាប់។ គួរ​រំលឹក​ថា​ កុំ​ឲ្យ​ក្ដី​ស្រឡាញ់​លើ​នរណា​ម្នាក់​យក​ឈ្នះ​នូវ​ក្ដី​ស្រឡាញ់​លើ​ខ្លួន​អ្នក​ឲ្យ​សោះ។ ទោះ​ស្រឡាញ់​គេ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ នារី​គួរ​ដើរ​ចេញទៅ បើ​គេ​បញ្ចេញ​នូវ​ទង្វើ​ទាំង ៤ នេះ៖

រូបតំណាង

**១. លែង​ខ្វាយខ្វល់​ពី​អ្នក**

ចង់​ដឹង​ថា​មនុស្ស​ម្នាក់​ខ្វល់​ពី​អ្នក​ឬ​ក៏​អត់​​ គឺ​ជា​រឿង​ងាយ​ប៉ុណ្ណោះ​ ព្រោះ​គេ​នឹង​បង្ហាញ​ចេញ​តាម​រយៈ​កាយវិការ និង ពាក្យ​សម្ដី​ឲ្យ​ឃើញ​ស្ដែងៗ​តែ​ម្តង។ មនុស្ស​ប្រុស​ខ្លះ បាន​ត្រឹម​តែ​និយាយ​សម្ដី​ដែល​ផ្ទុយ​ពី​ទង្វើ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​អាច​យក​ជា​ការ​បាន​តែ​ម្តង។ បុរស​ខ្លះ​ទៀត គឺ​ពូកែ​ដោះ​សារ​ពី​មូលហេតុ​ដែល​គេ​ហាក់​ដូចជា​ព្រងើយ​កន្តើយ​ដាក់​អ្នក រក​លេស​មួយ​ហើយ​មួយ​ទៀត​មិន​ចេះ​ចប់។ ដូច្នេះ អ្នក​ត្រូវ​ចាំ​ថា បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​ដូច​អ្នក​ស្រឡាញ់​គេ​មែន នោះ​គេ​នឹង​បង្ហាញ​ថា​គេ​ខ្វល់​ខ្វាយ យក​ចិត្ត​ទុក​ដាក់ និង បារម្ភ​ពី​សុខ​ទុក្ខ​របស់​អ្នក​ជា​មិន​ខាន។

២. បិទ​សិទ្ធ​អ្នក

ចំណុច​សំខាន់​មួយ​អ្នក​គួរ​ដឹង​គឺ ការ​ស្រឡាញ់ និង ការ​គ្រប់គ្រង​ជា​រឿង២ ផ្សេង​គ្នា។ ក្នុង​ទំនាក់​ទំនង​ស្នេហា​ក៏​ដូចគ្នា ការ​ហួងហែង​ជ្រុល​ហួសហេតុ​អាច​ក្លាយ​ទៅ​ជា​ការ​បញ្ជា​គ្រប់គ្រង​លើ​ជីវិត​ផ្ទាល់ខ្លួន​នៃ​ភាគី​ម្ខាង​ទៀត ដោយ​មិន​ដឹង​ខ្លួន​ ទោះ​ជា​វា​ផ្ដើម​ចេញ​ពី​ការ​ស្រឡាញ់​ក្ដី។ ដូចនេៈ ដៃគូ​ទាំង​សង​ខាង​គប្បី​មាន​សិទ្ធ​សេរីភាព​គ្រប់គ្រាន់​រៀង​ៗ​ខ្លួន និង មិន​ត្រូវ​ទ្រាំ​ទ្រ​នូវ​ទំនាក់ទំនង​ណា​មួយ​ដែល​គ្មាន​ផ្ដល់​អ្វី​ឲ្យ​អ្នក​ក្រៅ​ពី​សម្ពាធ​ឡើយ។

រូបតំណាង

៣. ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ល្អ​គ្រប់គ្រាន់

បុរស​ដែល​ស្រឡាញ់​អ្នក ជានិច្ច​កាល​គួរ​តែ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​នឹង​ខ្លួន​ឯង ព្រមទាំង ទំនាក់​ទំនង​ដែល​អ្នក​ទាំង​ពីរ​កំពុង​មាន។ បើ​អ្នក​សង្កេត​ឃើញ​ថា គេ​ហាក់​ចង់​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​គេ នោះ​គេ​មិនមែន​ជា​បុរស​ដែល​អ្នក​គួរ​ដាក់​ចិត្ត​លើ​ឡើយ។ បុរស​ដែល​ស្រឡាញ់​អ្នក​ពិត ជា​មនុស្ស​ដែល​ព្រម​ទទួល​យក​គ្រប់​យ៉ាង​ដែល​ជា​អ្នក ហើយ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​បន្ទាប​តម្លៃ​ខ្លួនឯង ដើម្បី​បំពេញ​តាម​ចិត្ត​របស់​គេ​ឡើយ។

៤. លួច​លាក់​មាន​អ្នក​ផ្សេង

ចំណុច​ចុង​ក្រោយ​ហើយ​ជា​ចំណុច​ដែល​ធំ​ជាង​គេ​នោះ​គឺ ការ​លួច​ទាក់ទង​អ្នកទី ៣។ បើ​គេ​លេច​ចេញ​ទង្វើ​ក្បត់​បែប​នេះ ដាច់​ខាត​អ្នក​គួរ​ដើរ​ចេញ​ពី​ទំនាក់ទំនង​នោះ​ទៅ ព្រោះ​បើ​គេ​អាច​តាំង​ចិត្ត​ក្បត់​អ្នក​ពី​ក្រោយ​ខ្នង​បាន​ នោះ​មាន​ន័យ​ថា​គេ​មិន​បាន​ឲ្យ​តម្លៃ​អ្នក​បន្ដិច​សោះ ហើយ ក៏​គ្មាន​ចិត្ត​សេស​សល់​អ្វី​ឲ្យ​អ្នក​ទៀត​ដែរ៕

រូបតំណាង
រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ វិធី ៥ យ៉ាងរបស់នារី ដាស់សតិមនុស្សប្រុសមិន​ឲ្យ​សម្លឹងអ្នកផ្សេង

អត្ថបទ៖ Siyou Tang