៤ វិធី ជួយការពារស្បែកមិនឲ្យឡើងមុន ពេលត្រូវពាក់ម៉ាសយូរជាប្រចាំ
- 2020-03-24 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ វិធី ជួយការពារស្បែកមិនឲ្យឡើងមុន ពេលត្រូវពាក់ម៉ាសយូរជាប្រចាំ
ក្នុងអំឡុងពេលដែលអ្នក ត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារធូលីដី ជាតិពុលរួមទាំងវីរុសផ្សេងៗ ប៉ុន្តែសម្រាប់ស្បែកមុខមួយចំនួន បែរជាមានបញ្ហាទៅវិញ។ ដោយសារតែញើស ជាតិកខ្វក់ និងការហប់ អាចធ្វើឲ្យប៉ះពាល់ដល់ស្បែក បណ្តាលទៅជាការកើតមុន ឬរោលជាដើម។ ប្រសិនបើអ្នកត្រូវពាក់ម៉ាស់យូរម៉ោងជាប្រចាំ គួរដឹងវិធីខាងក្រោមនេះ ដើម្បីថែរក្សាស្បែកឲ្យនៅតែស្អាតស្រស់ថ្លា។
១. សម្អាតមុខឲ្យបានស្អាតល្អ
ប្រសិនបើអ្នកត្រូវពាក់ម៉ាស់យ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយថ្ងៃ នោះកម្តៅលើផ្ទៃមុខរបស់អ្នកនឹងកើនឡើង ហប់ ចេញញើស នាំជាតិកខ្វក់ចូលទៅក្នុងស្បែក។ ទម្រាំទៅដល់ផ្ទះដោះម៉ាស់ចេញ មុខអ្នកក៏ឡើងប្រេងថែមទៀត។ ហេតុនេះត្រូវផ្តោតលើការសម្អាតផ្ទៃមុខ ឲ្យបានស្អាតល្អ ប្រើប្រាស់ផលិតផលត្រឹមត្រូវ ទើបអាចការពារមុខមិនឲ្យកើតមុន។
២. ប្រើវិធីផ្សេងបន្ថែម ក្រៅពីការលាងជាមួយហ្វូមតែមួយមុខ
ការលាងមុខនឹងហ្វូមតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះវាបានសម្អាតតែផ្នែកស្រទាប់ខាងលើប៉ុណ្ណោះ។ គួរជ្រើសរើសប្រភេទម៉ាស់ភក់ឬផលិតផលណា ដែលអាចចូលទៅសម្អាតជ្រៅ ដើម្បីស្រូបយកជាតិពុល កោសិកាចាស់ៗ ធ្វើឲ្យស្បែកភ្លឺស្អាតចេញពីខាងក្នុង។ អ្នកអាចប្រើ ២-៣ ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានប្រសិទ្ធភាព ជួយឲ្យស្បែកមុខទន់រលោងបែបធម្មជាតិ។
៣. ផ្តល់សំណើមដល់ស្បែក
ដោយសារតែស្បែកមុខត្រូវប៉ះជាមួយនឹងម៉ាស់យូរម៉ោង ដូច្នេះអ្នកត្រូវផ្តល់សំណើមឲ្យបានគ្រប់គ្រាន់ ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ។ ជ្រើសរើសផលិតផល ដែលអាចរក្សាសំណើមបានយូរ អាចទប់ជាតិខ្លាញ់លើមុខ ធ្វើឲ្យស្បែកមានតុល្យភាព និងជៀសផុតពីបញ្ហានានា។
៤. ប្រើផលិតផលធម្មជាតិដែលអាចការពារមុន
ពាក់ម៉ាស់យូរ ហើយអាកាសធាតុក៏ក្តៅទៀត ជាហេតុធ្វើឲ្យមុខឡើងប្រេង រន្ធញើសស្រូបយកសារធាតុមិនល្អ បង្កឲ្យចេញមុន។ បើជៀសបានគួរផ្អាកការផាត់មុខមួយរយៈសិន ហើយងាកមកយកចិត្តទុកដាក់ លាបផលិតផលបែបធម្មជាតិ មានតួនាទីការពារបាក់តេរី ការរោលរមាស់ មិនធ្វើឲ្យស្ទះរន្ធញើសវិញប្រសើរជាង៕
ចុចអានបន្ត៖ គ្មានឱកាសចេញទៅខាងក្រៅ តែអាចលេងស្ទីល Cute Cute នៅផ្ទះបាន