រឿង​ពិត​៤​យ៉ាង​របស់​អ្នក​ធ្វើ​ការ​ដាច់​​លុយ​មុន​ខែ​ញឹកញាប់

  • 2020-03-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“ដាច់​ខែ​ដាច់​ខ្យល់!” អាការៈ​បែប​នេះ​ជឿ​ថា​អ្នក​ធ្វើ​ការ​ជា​ច្រើន​ប្រាកដ​ជា​ធ្លាប់​ជួប ប៉ុន្តែ​​ប្រិយមិត្ត​ធ្លាប់​សង្ស័យ​ឬ​អត់​ថា ហេតុ​អ្វី​ប្រាក់​ខែ​​បើក​មក​មិន​ទាន់​បាន​កន្លះ​ខែ​ផង​​ក៏​អស់? ហេតុផល​ងាយ​ៗ​​នោះ​គឺ ដោយ​សារ​​ការ​ចាយវាយ​លើស​ចំណូល​នោះ​ឯង។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ ៤​យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​​ប្រាក់​ខែ​អ្នក​ចាយ​មិន​ដែល​ដល់​ខែ៖

១. បើក​លុយ​ភ្លាម​​ទៅ​ទិញ​របស់​ថ្លៃ​​ភ្លែត

ប្រាកដ​ណាស់​ មនុស្ស​ភាគ​ច្រើន​តែង​មាន​របស់​ណា​​មួយ​ដែល​ខ្លួន​ប៉ង​ចង់​បាន​ដើម្បី​​ជា​កាដូ​ឲ្យ​ខ្លួន​ឯង ប៉ុន្តែ​អ្នក​គួរ​បន្ថយ​ល្បឿន​បន្តិច ហើយ​ងាក​មក​​ពិនិត្យ​​ទំហំ​លុយ​ក្នុង​កាបូប​របស់​អ្នក​សិន ព្រោះ​ប្រាក់​ខែ​ដែល​ទើប​បើក​មក​នោះ​​​គឺ​ត្រូវ​នៅ​ជាមួយ​អ្នក​យូរ​ថ្ងៃ​ទៀត។

ជាជាង​ការ​​​ប្រញាប់​ទៅ​ទិញ​របស់​តាម​ចិត្ត​ក្ដៅ យក​ល្អ​នៅ​ពេល​បើក​លុយ​ភ្លាម​ អ្នក​គួរ​គិត​គូរ​ពី​ការ​ចំណាយ​ដែល​សំខាន់ៗ​មុន​ដូច​ជា​ថ្លៃ​ផ្ទះ ថ្លៃ​សាំង ថ្លៃ​ទឹក​ ភ្លើង ថ្លៃ​ទូរសព្ទ ឬ​ថ្លៃ​ចាយវាយផ្សេងៗ ដែល​អ្នក​ត្រូវ​បង់​ជា​ខែ​ៗ។

ពេល​កាត់​សម្រាប់​ការ​ចំណាយ​អស់​នោះ​ហើយ លុយ​ដែល​នៅ​សល់​​គួរ​បែង​ចែក​ជា​៣​ចំណែក។ ចំណែក​ទី​១ គឺ​ថ្លៃ​ចាយ​វាយ​​ប្រចាំ​ថ្ងៃ​ទាំង ៣០​ថ្ងៃ ចំណែក​ទី​២ គឺ​ប្រាក់​សន្សំ ហើយ​ចំណែក​ទី​៣ គឺ​​ប្រាក់​សម្រាប់​ចាយ​តាម​ចិត្តចង់។ ​បើ​សិន​​របស់​ដែល​អ្នក​ចង់​បាន​នោះ​ថ្លៃ​ដែរ ហើយ​មិន​ចាំបាច់​ណាស់ណា​ទេ អ្នក​អាច​សន្សំ​ចំណែក​ទី​៣​នោះ​ទុក​​បណ្ដើរ​សិន ចាំ​សន្សំ​គ្រប់​ចាំ​ទិញ។ អាច​រង់​ចាំ​យូរ​ប៉ុន្តែ​វា​ក៏​ល្អ​ជាង​ការ​ចាយ​លុយ​ឲ្យ​អស់​ពី​ខ្លួន​មុន​កំណត់​ដែរ។

២. មិន​បែង​ចែក​ប្រាក់​ទុក​សន្សំ

ការ​ពិត​​គ្រប់​គ្នា​បាន​ដឹង​ណាស់​ទៅ​ហើយ​ថា​មូលហេតុអី​បាន​ប្រាក់​ខែ​យើង​ចាយ​មិន​ដែល​ដល់​ខែ​ ប៉ុន្តែ​ពេល​បាន​ប្រាក់​ខែ​មក​ភ្លាម​ៗ ក៏​ក្លាយ​ជា​អ្នក​ពូកែ​ភ្លេច​មួយ​រំពេច។ បើ​សិន​អ្នក​ស្រឡាញ់​ខ្លួន​ឯង ក៏​គួរ​រៀប​ចំ​ផែនការ​សន្សំ​ប្រាក់​ទុក​សម្រាប់​ខ្លួន​ឯង​ប្រើ​ប្រាស់​នៅ​ពេល​ចាំ​បាច់ ឬ​សម្រាប់​ជួយ​អ្នក​នៅ​ជិត​ខ្លួន​បាន​នៅ​ពេល​ពួក​គាត់​មាន​បញ្ហា។ គួរ​គិត​ថា “មាន​លើស ប្រសើរ​ជាង ខ្វះ” ដូច្នេះ​បើ​មិន​ធ្លាប់​សន្សំ គឺ​​ត្រូវ​ចាប់ផ្ដើម​សន្សំ​ចាប់​ពី​ខែ​នេះ​ត​ទៅ។

៣. ឲ្យ​មិត្ត​ខ្ចី​ប្រាក់

អ្នក​ដែល​ចិត្ត​ទន់​រមែង​មាន​អ្នក​ខ្ចី​លុយ​ញឹកញាប់ ព្រោះ​អ្នក​ដែល​ខ្ចី​នោះ​គិត​ថា​មាន​ឱកាស​ខ្ពស់​ដែល​អ្នក​នឹង​ដក​លុយ​ឲ្យ​​គេ​ខ្ចី​បាន ជា​ពិសេស​មិត្ត​ស្និទ្ធ​ៗ។ ប្រិយមិត្ត​ខ្លះ​ប្រហែល​ជា​ធ្លាប់​ជួប​ហើយ​ប្រភេទ​មិត្ត​ដែល សន្យា​ថា​សង ហើយ​ក៏​មិន​សង ឬ​មិត្ត​ដែល​​ខ្ចី​លុយ​ហើយ​ក៏​បាត់​ខ្លួន​លែង​មក​ជិត​យើង។ ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ចុកចាប់​បែប​នេះ អ្នក​ត្រូវ​រៀន​ធ្វើ​ចិត្ត​រឹង​ខ្លះ​រឿង​លុយ​កាក់ កុំ​បាច់​ធ្វើ​ចិត្ត​ល្អ​ឲ្យ​គេ​ខ្ចី​ធូរ​ៗ​ពេក ព្រោះ​ពេល​អ្នក​ត្រូវ​ការ​លុយ​បន្ទាន់​ក៏​មិន​ប្រាកដ​ថា​រក​ខ្ចី​ពី​អ្នក​ដទៃ​​វិញ​ងាយ​ៗ​ដែរ។  

៤. ពូកែ​រក​រឿង​ចាយ​លុយ

ពេល​ខ្លះ​អ្នក​ដែល​គ្មាន​ភារៈ ឬ​គ្មាន​រឿង​ត្រូវ​ចាយ​លុយ​អ្វី ក៏​រក​រឿង​​ឲ្យ​ខ្លួន​ឯង​អស់​លុយ​ទាល់តែ​បាន ដូច​ជា​​អ្នក​ដែល​ចេះ​តែ​គិត​ថា “អ្ហេ ថ្ងៃ​នេះ​គួរ​ទៅ​ទិញ​អី​ទៅ​ហ្ន៎?” ឬ “ចេញ​ទៅ​ចាយ​លុយ​​វិញ​ល្អ​ជាង” ឬ​អ្នក​ខ្លះ​ធ្ងន់ធ្ងរ​រហូត​ទៅ​ខ្ចី​បំណុល​ធនាគារ​​មក​ទិញ​ ឬ​ចាយវាយ​មិន​ចាំបាច់​ទៀត។ អ្នក​មាន​ទម្លាប់​បែប​នេះ សូម​ប្រញាប់​ផ្លាស់ប្ដូរ ព្រោះ​អ្នក​កំពុង “យក​លុយ​សម្រាប់​​អនាគត​មក​ចាយ​ក្នុង​ពេល​បច្ចុប្បន្ន” ហើយ​ការ​បន្ថែម​ភារៈ​ឲ្យ​ខ្លួន​ឯង​នេះ​គឺ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ការ​​មិន​សល់​លុយ​ទោះ​ធ្វើ​ការ​ច្រើន​ឆ្នាំ​ក៏​ដោយ ៕

ប្រភព៖ yengobuzz ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម