ស្រាយបំភ្លឺការយល់ខុស រវាងលាបគ្រីមនិងម៉ាសពេលយប់
- 2020-03-20 10:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយបំភ្លឺការយល់ខុស រវាងលាបគ្រីមនិងម៉ាសពេលយប់
មាននារីជាច្រើនតែងយល់ខុសថា គ្រីមនិងម៉ាសលាបពេលយប់ដូចគ្នា។ ប៉ុន្តែតាមពិតមិនដូច្នោះទេ។ ដើម្បីស្រាយបំភ្លឺការសង្ស័យនេះ កញ្ញា សូមបង្ហាញដូចខាងក្រោម។
១. អត្ថប្រយោជន៍របស់គ្រីមលាបពេលយប់
តាមការបញ្ជាក់របស់វេជ្ជ . Toral Patel ពីប្រទេសអាមេរិក ឲ្យដឹងថា គ្រីមលាបពេលយប់គឺស្រដៀងនឹងផលិតផលផ្ដល់សំណើមដែរ។ វាច្រើនតែផ្ទុកដោយសារធាតុដែលជួយស្បែកមានជាតិទឹក និងកាត់បន្ថយភាពចាស់មុនអាយុ។ លើសពីនេះ វាមានស្រទាប់ការពារក្រាស់ជាងគ្រីមលាបពេលថ្ងៃ តែគេមិនអាចយកគ្រីមលាបយប់ មកលាបពេលថ្ងៃបានឡើយ។
តាមរយៈការចែករំលែកនេះ គេសន្និដ្ឋានថា គ្រីមពេលយប់មានមុខងារសំខាន់ ទាំងផ្ដល់សំណើម ចិញ្ចឹមកោសិកាស្បែកនិងជួយដោះស្រាយបញ្ហាស្បែក។ ជាពិសេសនោះជួយទប់ស្កាត់ហានិភ័យធ្វើឲ្យស្បែកឆាប់ចាស់ទៀតផង។
២. ម៉ាសលាបពេលយប់ ( Sleeping Mask)
បើតាមការបញ្ជាក់ពីវេជ្ជ . Lorstcher ឲ្យដឹងថា ម៉ាសនេះមិនត្រឹមតែជំនួយស្បែកពេលអ្នកគេងលក់ទេ ថែមទាំងជួយបំប៉នស្បែកឲ្យមានសំណើម ដែលជាទូទៅសមាសធាតុនៅក្នុងម៉ាសពេលយប់គ្រប់គ្រាន់ឲ្យស្បែកអាចសម្រាក និងមិនសូវហត់នឿយនៅពេលយប់។
បន្ថែមពីនេះ វេជ្ជ . Toral Patel និយាយថា នៅពេលលាបម៉ាសនេះ វានឹងបង្កើតការជ្រាបបានកាន់តែជ្រៅពីសេរ៉ូមនិងជាតិសំណើមក្នុងគ្រឿងផ្សំរបស់ម៉ាស។ ដូច្នេះ សម្រាប់អ្នកមានស្បែកស្ងួត ប្រាកដជាទទួលបានគុណប្រយោជន៍ច្រើនមិនខាន ព្រោះជួយឲ្យស្បែកមុខរលោង ទន់និងមានសុខភាពល្អ។
តាមរយៈវេជ្ជបណ្ឌិតទាំងពីរ អ្នកអាចដឹងថាម៉ាសលាបពេលយប់ជាផលិតផលជួយឲ្យស្បែកទន់ ផ្ដល់សំណើមបានច្រើន ជួយឲ្យស្បែកមិនសូវហត់នឿយ និងស័ក្ដិសមបំផុតសម្រាប់អ្នកមានស្បែកស្ងួត។
ភាពខុសគ្នារវាង គ្រីមលាបពេលយប់និងម៉ាសលាបពេលយប់
ផលិតផលទាំងពីរទម្រាំផលិតចេញបាន ទាមទារការស្រាវជ្រាវច្រើន ដូច្នេះពិតណាស់វាប្រាកដជាមានភាពខុសគ្នាជាក់មិនខាន។
សម្រាប់គ្រីមលាបពេលយប់ ជាផលិតផលផ្ដល់សំណើមដ៏សំខាន់រួមទាំងជីវជាតិដល់ស្បែក និងការពារស្បែកពីស្នាមអុជខ្មៅ ជ្រួញ និងយារធ្លាក់។ ចំណែកម៉ាសលាបពេលយប់វិញ ជាផលិតផលជួយបន្ថែមសំណើមដល់ស្បែក (ពិសេសសម្រាប់ស្បែកស្ងួតខ្លាំង) ជួយឲ្យស្បែកមិនសូវនឿយហត់ មានលំនឹងបន្ទាប់ពីលាបពេញមួយយប់។
របៀបប្រើ សម្រាប់គ្រីម អ្នកអាចលាបរាល់យប់ជាប្រចាំ រីឯម៉ាសវិញក្នុងមួយសប្ដាហ៍គួរលាបត្រឹម ២ - ៣ដង ៕
ចុចអាន៖ ៥ វិធីថែទាំស្បែកមុខឲ្យមានភាពទាក់ទាញជាថ្មី បើមុខអ្នកកំពុងមានជាតិខ្លាញ់