ឈប់យល់ច្រឡំទៀតទៅ របស់ទាំងនេះមិនអាចការពារអ្នកពីវីរុសកូវីដ-១៩បានឡើយ

  • 2020-03-16 06:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រប​ពេល​ដែល​ជំងឺ​បង្ក​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ ឬ​ហៅ​ថា កូវីដ-១៩ ​ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង​វូហាន​ ប្រទេស​ចិន ហើយ​បាន​រាល​ដាល​ដល់​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​នៅ​រយៈ​ពេល​ថ្មី​ៗ​នេះ​​ គេ​សង្កេត​ឃើញ​​មានការ​ផ្សព្វផ្សាយ​ពី​វិធី​សាស្ត្រ​ការពារ​មួយ​ចំនួន​ដែល​មិន​ត្រឹមត្រូវ​ គ្មាន​វេជ្ជបញ្ជា​ច្បាស់​លាស់​ពី​ក្រុម​សុខាភិបាល​ ​វា​កាន់​តែ​​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​​ថែម​ទៀត​។​ តួយ៉ាង​ការ​ការពារ​ខ្លួន​ពី​វីរុស​កូរ៉ូណា​មិន​ត្រឹម​ត្រូវ​មួយចំនួន ដែល​អ្នក​ទាំងអស់​គ្នា​​គួរ​ដឹង​​រួមមាន៖​​

​ជាក់ស្ដែង​យោង​តាម​ការ​អះ​អាង​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO ​បាន​បញ្ជាក់​ថា​ ការ​ការ​ពារ​ខ្លួន​ដោយ​ការ​មុជទឹក​ក្ដៅ​មិន​បាន​ជួយ​អ្នក​​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩ ​បាន​ឡើយ​។​ ជាទូទៅ​ខ្លួន​ប្រាណ​​របស់​អ្នក​មាន​កម្ដៅ​ខ្លួន​ថេរ​ពី​ ៣៦,៥ អង្សារ​ ទៅ​ ៣៧អង្សារ​ ហើយបើ​អ្នក​​មុជ​ទឹក​ក្ដៅ​ខ្លាំង ឬ​ទៅស្ទីមស៊ូណាលើសកម្រិតសុខភាពខ្លួនឯង វា​នឹង​ធ្វើ​ឲ្យ​អ្នក​គ្រោះ​ថ្នាក់​។ យ៉ាង​ណា​មិញ​ ​ការសម្អាត​រាង​កាយ​ជា​មួយ​​ទឹក​ក្នុង​សីតុណ្ហភាព​ធម្មតា ដែល​មាន​សាប៊ូ​ គឺ​អាច​កម្ចាត់​មេរោគ​លើ​ខ្លួន​របស់​អ្នក​​។​​​​​

ជាង​នេះ​ទៀត​ នៅ​លើ​បណ្ដាញ​សង្គម​ ក៏​ឃើញ​មាន​បង្ហោះ​​ពី​វិធី​ការពារ​គ្មាន​​ក្បួន​ខ្នាត​ត្រឹម​ត្រូវ​ជា​ច្រើន​ទៀត​ដូច​ជា ការ​ញ៉ាំ​ខ្ចី​ ខ្ទឹម​ ស​ ម្ទេស​ ម្រេច​ និង​ការ​ផឹក​ទឹក​អាល់កុល​ជា​ដើម ​ទាំងអស់​នេះ​​​សុទ្ធតែ​​គ្មាន​ប្រសិទ្ធភាព​ និង​​ប៉ះពាល់​ដល់​សុខភាព​ជា​យថាហេតុ​។

បញ្ជាក់​ វិធី​បញ្ចៀស​ហានិភ័យ​​​ពី​វីរុស​កូរ៉ូណា​​ពី​អ្នក​ជំនាញ​សុខភាព​ណែនាំ​​​ ដែល​អ្នក​និង​គ្រួសារ​អាច​អនុវត្ត ​ដើម្បី​ការពារ​ខ្លួន​រួមមាន​៖​​

១. លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ទឹក​លាងដៃ​ដែល​មាន​ជាតិ​អាល់កុល​

២. ខ្ទប់​មាត់​ និង​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​កែងដៃ​ ឬ​ក្រដាស​ជូត​មាត់​ នៅ​ពេល​ក្អក​ឬ​កណ្តាស់​ ហើយ​បោះចោល​ក្រដាស​ជូត​មាត់​ទៅ​ក្នុង​ធុង​សំរាម​បិទ​ជិត​

៣. ជៀស​វាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​រោគសញ្ញា​ដូចជា​ ផ្តាសាយ ឬ​គ្រុន​ក្តៅ​

៤. ទៅ​ជួប​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​ក្តៅ​ខ្លួន ក្អក ​ឬ​មាន​អារម្មណ៍​ថា​ពិបាក​ដក​ដង្ហើម​។

គួរ​​បន្ថែម​ថា​ ចំពោះ​ការ​ពាក់​ម៉ាស​ត្រូវ​បាន​ណែ​នាំឲ្យ​ប្រើប្រាស់ ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ (ក្អក ឬ​កណ្តាស់)​ ដើម្បី​កុំ​ឲ្យ​ឆ្លង​ទៅ​អ្នក​ដទៃ​ ។ ប្រសិន​បើ​អ្នក​គ្មាន​រោគសញ្ញា​អ្វី​ទេ​ នោះ​អ្នក​មិន​ចាំបាច់​ពាក់​ម៉ាស់​ឡើយ។

ចុចអានបន្ថែម៖ អ្នកអាចកើតវីរុសកូវីដ-១៩ ដោយមិនដឹងខ្លួន បើមានអាការៈដំបូងៗទាំងនេះ

​​​​​​​​​​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត