ជ្រើសរើសត្បូងគជ់មួយគ្រាប់ ដើម្បីដឹងពីតម្រូវការពិតប្រាកដរបស់អ្នក
- 2020-03-11 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសត្បូងគជ់មួយគ្រាប់ ដើម្បីដឹងពីតម្រូវការពិតប្រាកដរបស់អ្នក
មានតេស្តសាកល្បងជាច្រើន អាចជួយឲ្យអ្នកដឹងពីចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែម។ សម្រាប់ថ្ងៃនេះដែរ វិបសាយ កញ្ញា នឹងលើកយកត្បូងគជ់ ៦គ្រាប់ ដើម្បីវាស់ស្ទង់ពីតម្រូវការពិតប្រាកដរបស់អ្នក។ ដំបូងត្រូវសម្រួលចិត្តឲ្យស្រឡះបន្តិចសិន បន្ទាប់មកជ្រើសរើសត្បូងគជ់មួយគ្រាប់ ដែលគិតថាអាចទាក់ទាញចិត្តអ្នកបានខ្លាំងជាងគេ។
ត្បូងទី១ (Ruby)
ប្រសិនបើអ្នកជាប់ចិត្តលើត្បូង Ruby មានន័យថា អ្នកកំពុងតែត្រូវការកម្លាំងចិត្តបន្ថែម។ ដោយសារតែកាលពីខែកន្លងទៅ អ្នកបានចំណាយថាមពល និងលះបង់ខ្លាំងពេក ទៅលើកិច្ចការអ្វីមួយឬដើម្បីនរណាម្នាក់។ ហេតុនេះហើយ ទើបបានជាអ្នកត្រូវការបង្កើនទំនុកចិត្តនិងភាពរឹងមាំសម្រាប់ខ្លួនឯងសារជាថ្មី។
ត្បូងទី២ (Turquoise)
បើអ្នកសម្រេចចិត្តរើសយក ត្បូង Turquoise មានន័យថា អ្នកកំពុងតែធ្វេសប្រហែសនឹងខ្លួនឯង។ អារម្មណ៍ក៏រសាត់អណ្តែតមិននឹងន ពោរពេញដោយស្រ្តេសឥតល្ហែ។ អ្វីដែលអ្នកត្រូវធ្វើ គឺការយកចិត្តទុកដាក់មើលថែរក្សាខ្លួន ដើម្បីបង្កើនកម្លាំងថាមពលឲ្យបានគ្រប់គ្រាន់ ក្នុងការប្រឈមជាមួយនឹងបញ្ហា និងអាចកែប្រែស្ថានការណ៍ឲ្យស្រស់បំព្រងឡើងវិញ។
ត្បូងទី៣ (Agate)
បើអ្នកជ្រើសរើសត្បូង Agate មានន័យថា អ្នកត្រូវការផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានល្អប្រសើរជាមួយធម្មជាតិ មនុស្សជុំវិញខ្លួនរួមទាំងខ្លួនឯងផងដែរ។ ប្រហែលមកពីអ្នកកំពុងតែជួបប្រទះនឹងបញ្ហា ដូច្នេះហើយអ្នកត្រូវតែពង្រឹងក្តីសង្ឃឹម ការជឿជាក់ ដើម្បីដើរឆ្ពោះទៅមុខបន្តទៀត។
ត្បូងទី៤ (Moonstone)
ត្បូងមួយគ្រាប់នេះវិញ អាចបញ្ជាក់ថា អ្នកកំពុងមានទុក្ខអ្វីមួយនៅតោងទាមជាប់ប្រាណ និងដល់ពេលត្រូវជម្រុះចោលបណ្តើរៗហើយ។ កុំព្យាយាមលាក់ទុកភាពហ្មងសៅតែម្នាក់ឯងអី ព្រោះវាអាចនឹងបំផ្លាញអ្នកដោយមិនដឹងខ្លួន។ ត្រូវស្រលាញ់ខ្លួនឯងឲ្យច្រើនៗ ស្វែងរកចំណុចខ្លាំងដែលខ្លួនមាន និងជឿជាក់ថាអ្នកអាចធ្វើបាន។
ត្បូងទី៥ (Obsidian)
ចំណែកឯត្បូងនេះវិញ មានរូបរាងខ្មៅរលើបរលោងតំណាងឲ្យធាតុដីនិងភពផ្កាយ។ អ្វីដែលអ្នកកំពុងតែចង់បាន គឺការរៀបចំទុកដាក់ផ្លូវជីវិតឲ្យបានល្អប្រសើរ ការពារមិនឲ្យច្របូកច្របល់វិលវល់នាថ្ងៃអនាគត។ ទន្ទឹមគ្នានេះដែរ អ្នកត្រូវតែបង្កភាពសប្បាយរីករាយ ឲ្យបានច្រើនជាងទុក្ខកង្វល់ ។
ត្បូងទី៦ (Amethyst)
សម្រាប់ត្បូងមួយគ្រាប់ចុងក្រោយគេនេះ មានន័យថា អ្នកអាចទទួលរងឥទ្ធិពលនិងគ្រោះថ្នាក់ផ្លូវអារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ។ យ៉ាងណាមិញ ដំណោះស្រាយដ៏ល្អ មានតែការខិតខំពង្រឹងជំហរផ្ទាល់ខ្លួន រក្សាតម្លៃ បន្តគំនិតវិជ្ជមាន ដោយមិនខ្វល់ខ្វាយពីអ្នកដទៃខ្លាំងពេក៕
ចុះអ្នកវិញបានជ្រើសរើសត្បូងគជ់មួយណាដែរ?
ចុចអានបន្ត៖ ល្បែងចិត្តសាស្ត្រ៖ ដឹងពីចំណុចខ្លាំងខ្លួនឯង តាមរយៈរបៀបរៀបស៊ុតក្នុងប្រអប់ខាងក្រោម