រៀនសង្កេតមើលចិត្តមនុស្សឲ្យបានច្បាស់ តាមរយៈទម្លាប់ប្រចាំថ្ងៃ ១០ យ៉ាង

  • 2020-03-11 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

មិន​មែន​​ជា​ការ​សន្និដ្ឋាន​ផ្តេសផ្តាស មិន​មែន​ជា​ពាក្យ​ចចាមអារ៉ាម​ដែល​គេ​និយាយ​តៗ​គ្នា ប៉ុន្តែ​ជា​អំណះអំណាង​ដែល​បាន​មក​ពី​ការ​សិក្សា​ស្រាវជ្រាវ​​ជា​ច្រើន ​ដើម្បី​វាស់​ស្ទង់​​ដឹង​ពី​ចិត្ត​មនុស្ស តាម​រយៈ​ទម្លាប់​ប្រចាំ​ថ្ងៃ។ ចង់​ដឹង​​ចិត្ត​នរណា​ម្នាក់​​កាន់​តែ​ច្បាស់​ ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ពេល​យូរ​​ ឬ​សួរ​ដេញ​ដោល​ច្រើន អាច​សង្កេត​​ទៅ​លើ​សកម្មភាព​ទាំង​ ១០ នេះ​បាន​។

១. ទម្លាប់​នៃ​ការ​សរសេរ

សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​សរសេរ​សង្កត់​ដៃ​ តែង​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ចេះ​បត់​បែន​បាន​លឿន​ស្ទើរ​គ្រប់​​ស្ថានភាព​ទាំង​អស់​។ ពួក​គេ​​ជា​មនុស្ស​ដែល​មិន​សូវ​តឹង​តែង​ខ្លាំង ហើយ​ក៏​មាន​ភាព​រួសរាយ​រាក់ទាក់​ផង​ដែរ។

រូបតំណាង

សម្រាប់​អ្នក​ដែល​​ចូលចិត្ត​សរសេរ​​អក្សរ​ធំៗ ភាព​ច្រើន​ជា​មនុស្ស​ចិត្ត​ទូលាយ ​ងាយ​ស្រួល និង​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​អ្នក​ដទៃ។ ចំណែក​ឯ​អ្នក​និយម​សរសេរ​អក្សរ​តូច​វិញ តែង​ជា​មនុស្ស​មិន​សូវ​​ចេះ​​និយាយ​ស្តី​រញ៉េរញ៉ៃ​ច្រើន និង​ពូកែ​យក​ចិត្ត​ទុក​ដាក់​រាល់​ពេល​ធ្វើ​កិច្ចការ​ផ្សេងៗ។

សម្រាប់​អ្នក​ដែល​សរសេរ​ដៃ​ស្តាំ តែង​ជា​មនុស្ស​រួសរាយ ហើយ​​ពេល​ខ្លះ​ក៏​ឆាប់មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ផង​ដែរ។ រី​ឯ​អ្នក​សរសេរ​ដៃ​ឆ្វេង​វិញ តែង​ចេះ​ប្រើ​ជីវិត​រស់​នៅ​ដោយ​ប្រុង​ប្រយ័ត្ន និង​ឯករាជ្យ។ ពួក​គេ​ចូល​ចិត្ត​និយាយ​ត្រង់​ៗ និង​ធ្វើ​អ្វី​មួយ​ប្រកប​ដោយ​ហេតុផល។

២. ទម្លាប់​នៃ​ការ​ថត​រូប​ Selfie

​​អ្នក​សិក្សា​ស្រាវជ្រាវ​​នៅ​សាកលវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា Nanyang បាន​បង្ហាញ​ថា មនុស្ស​ដែល​មាន​ចរិត​រាង​ស្លូត​សុភាព​ តែង​ថត​រូប​ Selfie ពី​ក្រោម​​​ឡើង​ដល់​លើ។ សម្រាប់​អ្នក​ដែល​មាន​ភាព​ស្មោះត្រង់ ហ៊ាន​លះបង់ និង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​អ្នក​ដទៃ មិន​សូវ​ចូលចិត្ត​បង្ហាញ​មុខ​រាល់​ពេល Selfie នោះ​ទេ​។

រូបតំណាង

អ្នក​ដែល​ចូលចិត្ត​សើច​​ចេញ​ពី​ចិត្ត បង្ហាញ​​អារម្មណ៍​ល្អ ​និង​កាយវិការ​បែប​កំប្លែង​ពេល Selfie តែង​ជា​មនុស្ស​ដែល​ចង់​ក្រេប​យក​បទ​ពិសោធន​ថ្មីៗ​ក្នុង​ជីវិត។ ផ្ទុយ​ពី​អ្នក​ដែល​ស្ងប់ស្ងៀម​ធ្វើ​ស្រងូតស្រងាត់​ពេល​ថត​ Selfie ដែល​​អាច​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​ស្មុគស្មាញ​និង​គ្មាន​លំនឹង​ផ្លូវ​ចិត្ត​។

៣. ទម្លាប់​មិន​អាច​ចោល​បាន

ការ​សិក្សា​មួយ​​​ពី​​បុគ្គលិកលក្ខណៈ​​និងចិត្តវិទ្យាសង្គមនៅ​ក្នុង​ឆ្នាំ ២០១៥ បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ទម្លាប់​មិន​អាច​ចោល​បាន​ដូចជា ទាញ​សក់ ខាំ​ក្រចក....តែង​ជា​មនុស្ស​ដែល​ធ្វើ​អ្វី​មួយ​ចង់​ឲ្យ​ល្អ​ឥត​ខ្ចោះ​។

ពួក​គេ​ធ្វើ​បែប​នេះ ដោយ​សារ​តែ​ចង់​កាត់​បន្ថយ​ភាព​ធុញទ្រាន់ អារម្មណ៍​មិន​ល្អ និង​ការ​មិន​ពេញ​ចិត្ត​គ្រប់​យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន ព្រោះ​បើ​អង្គុយ​នៅ​ស្ងៀម​ៗ​មិន​ធ្វើ​អ្វី​សោះ អាច​​នាំ​មក​នូវ​ភាព​អាប់អួ​កាន់​តែ​ខ្លាំង។

៤. ទម្លាប់​នៃ​ការ​ញ៉ាំ

​សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​យឺត គឺ​ជាមនុស្ស​ដែល​មាន​សមត្ថភាព​អាច​គ្រប់គ្រង​​ខ្លួន​ឯង​បាន​យ៉ាង​ល្អ ហើយ​សម្រាប់​អ្នក​ញ៉ាំ​លឿន​វិញ​ តែង​មិន​សូវ​ចេះ​អត់ធ្មត់ និង​មាន​មហិច្ឆតា​​​ធំ​។

រូបតំណាង

ប្រសិន​បើ​​អ្នក​ហ៊ាន​​ញ៉ាំ​ឬ​ផឹក​​អ្វី​ដែល​អ្នក​ផ្សេង​មិន​ហ៊ាន មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ក្លាហាន​​និង​ចូលចិត្ត​ផ្សង​ព្រេង។ ប្រសិន​បើ​អ្នក​អៀន​រាល់​ពេល​ញ៉ាំ​អាហារ​ផ្សេង​ៗ បញ្ជាក់​ថា​​អ្នក​ជា​មនុស្ស​ចេះ​ប្រុង​ប្រយ័ត្ន និង​មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ជីវិត។

៥. ទម្លាប់​នៃ​ការ​ចាប់​ដៃ​ស្វាគមន៍​

សម្រាប់​អ្នក​ដែល​​ចាប់​ដៃ​​ណែន​ មាន​ន័យ​ថា​ជា​មនុស្ស​ចិត្ត​ទូលាយ ពោរពេញ​ដោយ​ភាព​​ជឿជាក់ និង​សុទិដ្ឋិនិយម​ខ្លាំង​ណាស់​។ រី​ឯ​អ្នក​មាន​ទម្លាប់​ចាប់​ស្រាល​ៗ​ហើយ​ឆាប់​ប្រលែង អាច​បង្ហាញ​​ពី​ការ​ខ្វះ​ទំនុក​ចិត្ត ស្ទាក់ស្ទើរ និង​គ្មាន​ស្ថិរភាព​ផ្លូវ​ចិត្ត​។

៦. ទម្លាប់​នៃ​ការ​កាន់​កែវ​ផឹក

រូបតំណាង

ភ្នែក​សម្លឹង​ទៅ​កែវ​នៅ​ពេល​ផឹក៖ ជា​មនុស្ស​មាន​ការ​បេ្តជ្ញា​ចិត្ត​មុតមាំ​រាល់​ពេល​ធ្វើ​អ្វី​មួយ និង​ចេះ​ប្រុងប្រយ័ត្ន​បាន​យ៉ាង​ល្អ​។

​ភ្នែក​សម្លឹង​ចេញ​ពី​​កែវ​នៅ​ពេល​ផឹក៖ ​ជា​មនុស្ស​ដែល​ងាយ​នឹង​ទុក​​ចិត្ត​អ្នក​ដទៃ មិន​សូវ​ខ្វាយខ្វល់ និង​ចូលចិត្ត​​ពឹង​ផ្អែក​លើ​គំនិត​​អ្នក​ដទៃ​ផង​ដែរ។

៧. ទម្លាប់​នៃ​ការ​ដើរ

ប្រសិន​បើ​អ្នក​​ដើរ​ដោយ​យក​ចិត្ត​ទុក​ហើយ​​បោះជំហានលឿនៗ អ្នក​គឺ​ជាមនុស្ស​សកម្ម និង​ចេះ​គិតគូរ​ប្រកប​ដោយ​ហេតុផល​។ យ៉ាង​ណា​មិញ​ ពេល​ខ្លះ​អ្នក​មាន​ចិត្ត​ត្រជាក់​និង​ឆាប់​ឆេវឆាវ​ភ្លាម​ៗ​ផង​ដែរ។

រូបតំណាង

​​​ប្រសិន​បើ​អ្នក​ដើរ​ត្រង់ៗ ពើង​ទ្រូង​បន្តិច និង​ងើយ​ក្បាល​មើល​ទៅ​មុខ​​ មាន​ន័យ​ថា​ ជា​មនុស្ស​​សប្បាយ​រីករាយ​ ពេញ​ចិត្ត​នឹង​ជីវិត និង​​ពូកែ​ផ្នែក​ទំនាក់​ទំនង​ក្នុង​សង្គម។

ប្រសិន​បើ​អ្នក​ដើរ​​ផ្តោត​ចិត្ត​លើ​តែ​ជើង​ទាំង​សង​ខាង ដោយ​មិន​បាន​ពង្រឹង​ដង​ខ្លួន​ឲ្យ​ត្រង់​ឡើង មាន​ន័យ​ថា​​​ជា​មនុស្ស​​​ដែល​ពិបាក​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង ប្រើ​មនោសញ្ចេតនា​ច្រើន និង​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​​ ច្រើន​ជាង​​លុយកាក់​និង​អាជីព​ការងារ។

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរ​ឱន​មុខ​ចុះ​មើល​ទៅ​ដី​ មាន​ន័យ​ថា​ជាមនុស្ស​មិន​សូវ​មាត់​ក ប៉ុន្តែ​គិត​ច្រើន​។

៨. ទម្លាប់​នៃ​ការ​ងូត​ទឹក

​ងូតទឹក​​យូរ៖ ជា​មនុស្ស​ដែល​មាន​ចិត្ត​​ត្រជាក់ ដោះ​ស្រាយ​បញ្ហា​តាម​លំដាប់លំដោយ ប្រយ័ត្នប្រយែង មិន​សូវ​​និយាយ​ស្តី​​ច្រើន​ប៉ុន្តែ​មាន​ភាព​រួសរាយ​ក្នុង​ខ្លួន​។

គ្រាន់​តែ​ងូត​ទឹក​និង​ដុសធ្មេញ​ជា​ការ​ស្រេច​៖ ជា​មនុស្ស​ពោរពេញ​​ដោយ​​​ថាមពល ចេះ​រៀប​ចំ​ចាត់​ចែង​ពេលវេលា​បាន​ល្អ​សម្រាប់​កិច្ច​ការ​ងារ​ផ្សេងៗ​ ប៉ុន្តែ​មិន​​ចេះ​អត់ធ្មត់​ប៉ុន្មាន​ទេ។

ច្រៀង​ពេល​ងូត​ទឹក៖ ជា​មនុស្ស​មាន​ទំនុក​ចិត្ត​ខ្ពស់ ចិត្ត​ល្អ និង​សម្បូរ​មិត្តភ័ក្តិ​រាប់​អាន​ច្រើន​។

រូបតំណាង

ងូត​ទឹក​លឿន​៖ ជា​មនុស្ស​ពូកែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នក​ដទៃ និង​ចូល​ចិត្ត​ជួយ​គេ​ឯង​ ច្រើន​ជាង​កិច្ចការ​ផ្ទាល់​ខ្លួន​ទៅ​ទៀត។

ប្រើ​ប៉ុង​ដុស​ខ្លួន​ពេល​ងូត​ទឹក៖ ជាមនុស្ស​ពោរពេញ​ដោយ​ក្តី​ស្រលាញ់ ធ្វើ​អ្វី​មួយ​មាន​ភាព​មោះមុត និង​ស្មោះត្រង់​ខ្លាំង​ណាស់​។

ពូកែ​ស្រមើស្រមៃ​ពេល​ងូត​ទឹក៖ ជា​មនុស្ស​មាន​គំនិត​ច្នៃ​ប្រឌិត មាន​ដុង​ផ្នែក​សិល្បៈ និង​ចេះ​យល់​ចិត្ត​អ្នក​ដទៃ​បាន​ល្អ​។

៩. ទម្លាប់​នៃ​ការ​ប្រើ​ក្រដាស​ក្នុង​បន្ទប់

រូបតំណាង

ចិត្ត​វិទូ​មាន​ឈ្មោះ​ថា Gilda Carle បាន​ធ្វើ​ការ​ស្ទង់​មតិ​លើ​មនុស្ស​ ២០០០​នាក់​ ពី​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ក្រដាស​​ក្នុង​បន្ទប់​ទឹក​។ លទ្ធផល​បាន​បញ្ជាក់​ថា​ អ្នក​ដែល​ដាក់​ក្រដាស​ជូត​ទាញ​ចេញ​មក​ក្រៅ (ដូច​រូប​ទី​២)​ គឺ​ជា​មនុស្ស​ដែល​មាន​ភាព​​ដឹក​នាំ​ ស្រប​ពេល​ដែល​​អ្នក​ផ្សេង​ដាក់​ត្រលប់​ចូល​ក្នុង(ដូចរូប​ទី​១)​ ចូល​ចិត្ត​ធ្វើ​តាម​ការ​បញ្ជា​របស់​គេ។

១០. ទម្លាប់​នៃ​ការ​ជ្រើសរើស​ស្បែក​ជើង

​ស្បែក​ជើង​ផ្ទាត់​ឬ​ចំហ៖ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ភាព​ងាយ​ស្រួល រីករាយ មិន​សូវ​​កើត​ទុក្ខ។

ស្បែក​ជើង​ឃ្លុប​ឬ​ក​​វែង៖ ជា​មនុស្ស​រឹងមាំ មិន​ងាយ​ចុះ​ចាញ់​ងាយ​ៗ​។

ស្បែក​ជើង​កែង​ឬ​​មាន​ម៉ូដ​ច្រើន​៖ ជាមនុស្ស​​មាន​ចិត្ត​ត្រជាក់ ទាក់ទាញ និង​ចង់​បាន​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន។

អ្នក​ដែល​ចង់​ថែស្បែក​ជើង​ឲ្យ​មើល​ទៅ​នៅ​តែ​​ថ្មី​និង​ប្រើ​បាន​យូរ៖ ជា​មនុស្ស​តែង​មាន​ក្តី​បារម្ភ​ ឆាប់​ភ័យ​ខ្លាច ​ងាយ​ទទួល​រង​នូវ​ភាព​ឈឺចាប់​៕

រូបតំណាង

ចុចអានបន្ត៖ តេស្ត៖ សត្វដែលអ្នកឃើញក្នុងរូបនេះអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី