យកប្ដីក្មេងជាងខ្លួន១៧ឆ្នាំ តារាស្រីកូរ៉េទ្រហោយំពេលមិនអាចមានកូន
- 2020-02-24 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យកប្ដីក្មេងជាងខ្លួន១៧ឆ្នាំ តារាស្រីកូរ៉េទ្រហោយំពេលមិនអាចមានកូន
តារាសម្ដែងស្រីកូរ៉េ Shim Mina និងស្វាមីចង់មានកូនខ្លួនឯងជាខ្លាំង។ អ្នកទាំង២ព្យាយាមគ្រប់វិធីសាស្ត្រហើយនៅតែមិនអាចមានកូនបាន។
បណ្ដាញព័ត៌មាន QQ បានរាយការណ៍ថា តារាសម្ដែងស្រីកូរ៉េ Shim Mina និងប្ដី Ryu Philip បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយដើម្បីចែករំលែកពីជីវិតប្រចាំថ្ងៃរបស់ពួកគេ។ នៅក្នុងកម្មវិធីនេះ តារាស្រីវ័យ៤៨ឆ្នាំបានឲ្យដឹងពីបំណងចង់បានកូនដ៏ខ្លាំងក្លារបស់នាង និងប្ដី។
តាមនោះដែរ តារាចម្រៀង និងសម្ដែងស្រីកើតឆ្នាំ១៩៧២ ចាប់ផ្ដើមឈានចូលវ័យអស់រដូវ ពិបាកមានកូន។ ដោយសារតែចង់បានកូនខ្លាំងពេក សិល្បការិនីខាងលើបានប្រើវិធី ចិញ្ចឹមមេជីវិតនៅខាងក្រៅស្បូនជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនបានសម្រេច។ នៅពេលនិយាយពីថ្ងៃអនាគត ប្ដីប្រពន្ធទាំង២នាក់នេះ បានយំទាំងអស់គ្នា។
Shim Mina បានបន្ថែមថា នាងនឹងសាកវិធីខាងលើមួយដងទៀត តែបើមិនបានសម្រេចទេ នាងនឹងទទួលយកការពិតថាមួយជីវិតនេះគឺនាងគ្មានកូននឹងគេឡើយ។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ មានប្ដីអាយុក្មេងជាងខ្លួន១៧ឆ្នាំ ដោយដើមឡើយ គ្រួសារទាំងសងខាងមិនគាំទ្រមង្គលការនេះឡើយ ប៉ុន្តែពួកគេបានពុះពាររហូតបានរៀបការនឹងគ្នា៕
អានបន្ត៖ ប្រពន្ធ Rain បង្អួតរាងក្រមុំសុំខ្មាសទោះសម្រាលកូនបាន២នាក់ហើយក៏ដោយ