ក្បាលពោះអើយ ធ្វើម៉េចទើបស្រក! អស់បារម្ភជាមួយវិធីកម្ចាត់ខ្លាញ់ក្បាលពោះទាំង ៥
- 2020-02-21 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាលពោះអើយ ធ្វើម៉េចទើបស្រក! អស់បារម្ភជាមួយវិធីកម្ចាត់ខ្លាញ់ក្បាលពោះទាំង ៥
ខ្លាញ់កកនៅក្បាលពោះមិនត្រឹមតែធ្វើឱ្យអ្នកបាត់់បង់សម្រស់នោះទេ វាថែមទាំងជាប្រភពនៃការកកើតនូវជំងឺដទៃទៀតដែលរួមមាន ជំងឺបេះដូង ទឹកនោមផ្អែម ឬ សម្ពាធឈាមខ្ពស់ជាដើម ដែលសុទ្ធសឹងជាប្រភេទជំងឺដែលពិបាកព្យាបាល។ ដូច្នេះហើយ ធ្វើយ៉ាងណាអ្នកគួរថែរក្សាសុខភាពឱ្យបានល្អដោយការបរិភោគត្រឹមត្រូវ។ ការអនុវត្តនូវវិធីទាំង ៥ ខាងក្រោមនឹងជួយឱ្យអ្នកជៀសឆ្ងាយពីការកកខ្លាញ់នូវក្បាលពោះដែលនាំមកនូវបញ្ហាទាំងផ្លូវចិត្ត និង កាយ៖
**១. បរិភោគតែអាហារណាដែលល្អសម្រាប់រាងកាយ**
ជំហានដំបូងក្នុងការផ្លាស់ប្តូរទម្លាប់មិនល្អរបស់អ្នកគឺ ការរបបអាហារប្រចាំថ្ងៃ។ ការជ្រើសរើសរបបអាហារដែលល្អសម្រាប់រាងកាយត្រូវការតាំងចិត្តខ្ពស់ ក៏ប៉ុន្តែវាក៏ផ្តល់នូវអត្ថប្រយោជន៍ដល់រាងកាយ និង សុខភាពអ្នកជាទីគាប់ចិត្តដែរ។ អ្នកគប្បីប្តូរមកញុំាអាហារដែលផ្តល់កម្លាំងដល់រាងកាយ និង ប្រភេទអាហារដែលមិនជាតិសាច់តិចរួមមាន អង្ករសម្រូប នំបុ័ងស្រូវសាលី ព្រមទាំងផ្លែឈើ និង បន្លែបៃតងដែលជាប្រភពនៃជាតិកាកសរសៃ (Fiber)។
២. កុំមើលទូរទស្សន៍ស្របពេលកំពុងញុំាអាហារ
ការញុំាបាយបណ្ដើរ គេងមើលទូរទស្សន៍បណ្តើរធ្វើឱ្យអ្នកញុំាច្រើនដោយមិនដឹងខ្លួន។ ពេលអ្នកមើលកាន់តែយូរ អ្នកនឹងញុំាកាន់តែច្រើន។ ដូចនេះហើយ ប្រសិនជាអាច កុំធ្វើរឿងពីរនេះក្នុងពេលតែមួយ ពោលគឺអ្នកគួរញុំាំបាយមុនហើយសិមមើលទូរទស្សន៍តាមក្រោយទើបប្រសើរ។
៣. ទំពារអាហារឱ្យបានម៉ដ្ឋល្អ
អ្នកខ្លះចូលចិត្តញុំាំលឿន ជាពិសេសនៅពេលពួកគេឃ្លានខ្លាំងព្រោះវាធ្វើឱ្យឆាប់ឆ្អែត ហើយពេលពួកគេខំប្រឹងញុំាលឿនពេកគឺធ្វើឱ្យអាហារទំពារមិនបានម៉ដ្ឋល្អនោះទេ។ អាហារមិនម៉ដ្ឋល្អ ឬ ការញុំាលឿនពេករបស់អ្នកអាចធ្វើឱ្យមានការឡើងខ្លាញ់ផ្នែកក្បាលពោះបានយ៉ាងលឿន។
៤. បរិភោគឱ្យទៀងពេល
ការញុំាអាហារមិនទៀងម៉ោង ទៀងវេលានឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនសូវប្រក្រតីល្អ ហើយអាចធ្វើឱ្យអាហារទាំងនោះមានការកកកុញផងដែរ។ ការរំលាយអាហារគឺជារឿងសំខាន់សម្រាប់សុខភាពណាស់ដែរ ដូច្នេះអ្នកគួរទម្លាប់បរិភោគអាហារឱ្យទៀងពេលវិញ បើមិនចង់ប្រឈមនូវបញ្ហាកកខ្លាញ់នៅក្បាលពោះ ឬ បញ្ហាសុខភាពដទៃទៀត។
៥. ចៀសវាងការផឹកគ្រឿងស្រវឹង
អ្នកដែលសង្កេតឃើញទេថា អ្នកដែលចូលចិត្តផឹកគ្រឿងស្រវឹងជាប្រចាំជាមនុស្សដែលឧស្សាហ៍ជួបប្រទះនូវបញ្ហាដុះក្បាលពោះនេះ? ការផឹកគ្រឿងស្រវឹងធ្វើឱ្យរាងកាយទទួលនូវធាតុផ្សំច្រើនចូលទៅក្នុងខ្លួន ជាពិសេសពេលផឹកគ្រឿងស្រវឹង គេតែងនិយមមានអាហារសម្រន់ញុំាំក្លែមជាមួយដែលរួមផ្សំគ្នាធ្វើឱ្យកាឡូរីកាន់តែច្រើន ឱកាសនៃការកកខ្លាញ់នៅក្បាលពោះក៏កាន់តែច្រើន៕
អានបន្ត៖ ល្អហួសស្មាន! ផឹកតែអាចជួយការពារការកើតជំងឺបេះដូង និង ការដាច់សរសៃឈាមខួរក្បាល