ត្រឹម​តែជា​​អ្នក​ស្គាល់​គ្នាប៉ុណ្ណោះ យើង​មាន​សិទ្ធិ​អី​ទៅ​ប្រចណ្ឌ​គេ​

  • 2020-02-21 03:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​មួយ​ដែល​ឃើញ​មនុស្ស​ខ្លួន​ឯង​កំពុង​លួច​ស្រឡាញ់​ Post ពី​អ្នក​ផ្សេង និយាយ​ពី​អ្នក​ផ្សេង ពេល​នោះ​ដូច​ជា​គេ​យក​បន្លា​មក​ចាក់​ដោត​ចំ​បេះដូង​ខ្ញុំ​អីចឹង តែ​ខ្ញុំ​មាន​តែ​ទ្រាំ​ឃើញ ទ្រាំ​ស្ដាប់​ទាំង​ក្នុង​ទ្រូង​ស្ទើរ​ធ្លាយ​មក​ក្រៅ​ទៅ​ហើយ។

ខ្ញុំ​ចង់​ខឹង​គេ​ណាស់ ខ្ញុំ​ចង់​ប្រចណ្ឌ​គេ​ណាស់ ខ្ញុំ​ចង់​ប្រាប់​គេ​ថា​ខ្ញុំ​អន់​ចិត្ត​ណាស់​ តែ​គិត​ចុះ​គិត​ឡើង​ខ្ញុំ​គ្មាន​ឋានៈ​អី​ទាំង​អស់​ក្រៅ​ពី​ពាក្យ​ថា «ត្រឹម​​អ្នក​ស្គាល់​គ្នា»។ បែប​នេះ​គឺ​គ្មាន​សិទ្ធិ​អី​ទាំង​អស់ គ្មាន​អី​ត្រូវ​ទៅ​អន់​ចិត្ត​ជាមួយ​គេ​ឡើយ គេ​ធ្វើ​អី​ ទាក់ទង​អី​ជាមួយ​អ្នក​ណា​ក៏​ខ្ញុំ​គ្មាន​សិទ្ធិ​រវីរវល់​ទាំង​អស់។

អារម្មណ៍​ដែល​ទ្រាំ​ឈរ​មើល​បែប​នេះ​ខ្ញុំ​ពិបាក​ទ្រាំ​ណាស់ តែ​សួរ​ថា​ខ្ញុំ​អាច​ធ្វើ​អី​កើត? ម៉េច​មិន​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ទៅ? ធ្វើ​សង្សារ​គ្នា​បាន​ដោយ​របៀប​ណា បើ​មនុស្ស​មាន​ចិត្ត​តែ​ម្ខាង សួរ​ថា​វា​វេទនា​ប៉ុណ្ណា។ ខ្ញុំ​មិន​យល់​ខ្លួន​ឯង​ដូច​គ្នា ហេតុ​អី​ទៅ​ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ស្រឡាញ់ ហេតុអី​ទៅ​ស្រឡាញ់​មនុស្ស​ដែល​គ្មាន​ផ្លូវ​អាច​ជួប​គ្នា​បាន?

ហេតុ​អី​មិន​ដើរ​ចេញ​? មិន​មែន​មិន​ដើរចេញ​ទេ តែ​ដើរ​ចេញ​មិន​រួច កាន់​តែ​ដក​ខ្លួន​កាន់​តែ​ឈឺចាប់​ កាន់​តែ​ស្រឡាញ់​គេ​លើស​ដើម។ គិត​ទៅ​ហេតុ​អី​មក​ជួប​រឿង​បែប​នេះ?​ កាន់​តែ​គិត​ខ្ញុំ​កាន់​តែ​ពិបាក​ចិត្ត។

មិន​មែន​ជា​សង្សារ​នឹង​គ្នា​ទេ ដូច្នេះ​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ធ្វើ​ខ្លួន​ធម្មតា នឹង​ព្យាយាម​កាត់​ចិត្ត​តែ​ប៉ុណ្ណោះ។ កុំ​បង្ខំ​ខ្ញុំ​ឲ្យ​ឈប់​ស្រឡាញ់​ភ្លាមៗ​អី ព្រោះ​ពេល​នេះ​ខ្ញុំ​កំពុង​ព្យាយាម​បន្តិច​ម្ដងៗ រហូត​ថ្ងៃ​មួយ​វា​អាច​ជា​សះ​ស្បើយ។

រក​សុភមង្គល​អ្នក​ឲ្យ​ឃើញ​ទៅ កុំ​ខ្វល់​ថា​ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា​ព្រោះ​ខ្ញុំ​នឹង​រីករាយ​នៅ​ពេល​អ្នក​រក​ឃើញ​ភាព​រីករាយ​ដូច​គ្នា។ ខ្ញុំ​ជឿ​ថា​ថ្ងៃ​មួយ​ខ្ញុំ​គង់​តែ​ឈប់​ស្រឡាញ់​អ្នក​ទេ ដូច្នេះ​កុំ​បារម្ភ​អី ព្រោះ​យើង​ត្រឹម​តែ​ជា​មនុស្ស​ស្គាល់​គ្នា​តែ​ប៉ុណ្ណោះ។

ស្រឡាញ់​មនុស្ស​ដែល​មិន​គួរ​ស្រឡាញ់​គឺ​ជា​កំហុស​មួយ​ តែ​យើង​មិន​អាច​បន្ទោស​អ្នក​ណា​បាន​ទាំង​អស់ ព្រោះ​រឿង​វា​បាន​កើត​ឡើង​ទៅ​ហើយ អ្វី​ដែល​អាច​ធ្វើ​គឺ​ព្យាយាម​លាង​កំហុស​នេះ​ឲ្យ​អស់​ទៅ​គឺ​បាន​ហើយ៕

ចុចអាន៖កុំ​ឆោត​ទៀត​អី! មនុស្ស​ស្រី​កាន់​តែ​លះបង់​ម្នាក់​ឯង នឹង​​កាន់​តែ​ត្រូវ​គេ​បន្ទាប​តម្លៃ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម