មនុស្សស្រីរឹងមាំ មានឯករាជ្យភាពលើខ្លួនឯង មិនដែលយកស្នេហាដាក់មុខទេ
- 2020-02-17 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីរឹងមាំ មានឯករាជ្យភាពលើខ្លួនឯង មិនដែលយកស្នេហាដាក់មុខទេ
បើអ្នកជ្រុលដាក់ចិត្តស្រឡាញ់មនុស្សស្រីដែលមានគោលចំហច្បាស់លាស់ មានភាពក្លាហាន និង រឹងមាំក្នុងជីវិត អ្នកគួរយល់ច្បាស់ថានាងមិនមែនជាប្រភេទនារីដែលយកស្នេហាដាក់មុខឡើយ។ យ៉ាងណាមិញ មិនមែនមានន័យថានាងមិនបានស្រឡាញ់អ្នកទេ ទោះជានាងស្រឡាញ់អ្នកប៉ុណ្ណាក៏មិនអាចយកអ្នកសំខាន់ជាងខ្លួនឯងដែរ។ មនុស្សស្រីប្រភេទនេះ ជានារីដែលបុរសៗស្រមៃចង់បានប៉ុន្តែមិនងាយមាននរណាហ៊ានតាមស្រឡាញ់ឡើយ ព្រោះនាងជាមនុស្សដែលពូកែពេក។
ជាក់ស្តែង នារីដែលមានអត្តចរិតបែបនេះ បើស្រឡាញ់អ្នកណាហើយគឺស្រឡាញ់ខ្លាំង តែនាងមិនត្រូវការស្នេហាដល់ថ្នាក់ភ្លេចពីខ្លួនឯងនោះឡើយ។ ចំពោះនាង មនុស្សម្នាក់ដែលមានសារៈសំខាន់ខ្លាំងជាងគេក្នុងឆាកជីវិតនាងគឺជា ខ្លួនឯង ពីព្រោះគ្រប់ពេលនាងជួបប្រទះនឹងបញ្ហា ឬ ឧបសគ្គនៅក្នុងជីវិត អ្នកដែលជួយនាងឱ្យក្រោកឈរឡើងវិញគឺជានាង។ នៅពេលនាងត្រូវការមនុស្សនៅក្បែរ និង លើកទឹកចិត្តបំផុតគឺមានតែនាងខ្លួនឯងដែលជួយស្រោចស្រង់ខ្លួនឯងចេញពីរឿងរ៉ាវមិនល្អក្នុងផ្លូវជីវិតដ៏លំបាកមួយ។ ហេតុផលទាំងអស់នោះហើយធ្វើឱ្យនាងក្លាយទៅជានារីម្នាក់ដែលស្រឡាញ់ខ្លួនឯងជាងនរណាទាំងអស់។
ដូច្នេះហើយ នាងមិនមែនចេះតែដាក់ចិត្តជឿនរណាម្នាក់ងាយៗនោះទេ ហើយ ក៏មិនអាចយកនរណាម្នាក់សំខាន់ជាងសេចក្តីសុខរបស់ខ្លួនឯងដែរ។ នាងអាចនឹងសុខចិត្តចំណាយពេលវេលារបស់ខ្លួនដើម្បីទំនាក់ទំនងរបស់អ្នកទាំងពីរ ប៉ុន្តែមិនមែនទាំងស្រុងដល់គ្មានពេលសម្រាប់ខ្លួនឯងនោះឡើយ។ នាងមិនចេះអង្គុយទ្រាំទ្រនូវទង្វើមិនល្អរបស់អ្នកណាមកលើខ្លួនទេ ជាពិសេសក្នុងរឿងស្នេហា នាងសុខចិត្តនៅម្នាក់ឯងជាងការនៅជាមួយមនុស្សដែលមិនយល់ពីនាង។
បើតាមចំណុចទាំងឡាយខាងលើ អ្នកអាចគិតថានាងជាមនុស្សដែលរាងអាត្មានិយម តែមិនមែនឡើយ។ វិធីសាស្រ្តដ៏ល្អបំផុតដើម្បីរស់នៅបានយូរអង្វែងជាមួយគ្នាគឺត្រូវតម្រូវឱ្យភាគីខាងប្រុសផ្តល់ពេលវេលា និង សិទ្ធសេរីភាពគ្រប់គ្រាន់ដល់នាង។ បើអ្នកចូលចិត្តមនុស្សស្រីដែលរឹងមាំ និង មានឯករាជ្យភាពលើខ្លួនឯង អ្នកគួរចងចាំថា ស្នេហាមិនមែនជាអ្វីដែលនាងត្រូវការឡើយ ដូច្នេះ បើនាងជ្រើសរើសនៅជាមួយអ្នក មានន័យថានាងស្រឡាញ់អ្នកខ្លាំងហើយ តែត្រូវអនុញ្ញាតឱ្យនាងធ្វើជាខ្លួនឯង ព្រោះនារីដែលមានអត្តចរិតបែបនេះគឺចូលចិត្តសេរីភាពពេញលេញ៕