មានន័យគួរអាន! ដឹងខ្លួនអាយុកាន់តែច្រើន ត្រូវចាប់ផ្ដើមធ្វើខ្លួនបែប ៦យ៉ាងនេះ
- 2020-02-14 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានន័យគួរអាន! ដឹងខ្លួនអាយុកាន់តែច្រើន ត្រូវចាប់ផ្ដើមធ្វើខ្លួនបែប ៦យ៉ាងនេះ
អាយុចាប់ពីសែសិប ឬហាសិបឆ្នាំឡើងទៅ យើងលែងត្រូវបានចាត់ទុកថាជាមនុស្សពេញកម្លាំងកំហែងដូចកាលនៅក្មេងទៀតហើយ ដូច្នេះរបៀបរបបក្នុងការរស់នៅពិតជាសំខាន់ណាស់ក្នុងការជួយឲ្យយើងរស់នៅបានយូរ និងប្រកបដោយសេចក្ដីសុខក្នុងវ័យនេះ។ ថ្ងៃនេះ កញ្ញាសូមចែករំលែកនូវចំណេះដឹងមួយចំនួនដែលពិតជាសំខាន់សម្រាប់អ្នកដែលមានវ័យជ្រេដើម្បីអាចប្រើជីវិតបានត្រឹមត្រូវ៖
១. ធ្វើខ្លួនដូចកូនអុក
មានន័យថាចង់ក្រោក ចង់ឈរ ចង់ដើរ ចង់អង្គុយ ត្រូវគិតឲ្យបានល្អ។ ដើរយឺតៗ គិតសន្សឹមៗ កុំបំបោល ព្រោះបើយើងដើរខុស យើងមិនមែនដួលតែម្នាក់ឯងទេ ប៉ុន្តែអ្នកផ្ទះទាំងអស់នឹងត្រូវបរាជ័យជាមួយដែរ។
២. ហូបឲ្យដូចចោរលួចសេះ
មានន័យថាហូបឲ្យដូចពួកចោរលួច ហូបតិចៗ ហូបយឺតៗ សន្សឹមៗ។ ហូបម្ដងតិចៗ ប៉ុន្តែហូបញឹកបាន កុំហូបម្ដងច្រើនៗ លោភៗ ដាក់យកៗ នោះមិនល្អឡើយសម្រាប់សុខភាពយើងជាមនុស្សចាស់។
៣. គេងឲ្យដូចពុលផ្សិត
អាយុច្រើនហើយ យើងក៏ត្រូវគេងឲ្យបានគ្រប់គ្រាន់ គេងឲ្យលក់ស៊ប់ ស្កប់ស្កល់ កុំគិតច្រើនរហូតគេងមិនលក់ មានអារម្មណ៍ងងុយត្រូវគេង ជាពិសេសនៅពេលយប់ជ្រៅ កុំចូលគេងហួសម៉ោង ១០យប់។ នៅពេលថ្ងៃត្រង់ បើមានអារម្មណ៍ងងុយ ត្រូវរកពេល គេងឲ្យបាន១០នាទី ទៅកន្លះម៉ោង នោះនឹងមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។
៤. ហាត់ប្រាណឲ្យដូចគេញៀនថ្នាំ
មានន័យថាត្រូវញៀននឹងការហាត់ប្រាណ ហាត់ឲ្យបានរាល់ថ្ងៃជាប្រចាំ បើថ្ងៃណាមិនបានហាត់ប្រាណ ចេញញើសទេ នឹងមានអារម្មណ៍មិនល្អ ស្ពឹកខ្លួនស្ពឹកប្រាណ នោះយើងនឹងក្លាយជាមនុស្សចាស់ដែលមានសុខភាពរឹងមាំហើយ។
៥. ហើរចេញពីសំបុកឲ្យដូចបក្សី
បក្សីដែលគេងនៅលើសំបុកមានតែបក្សីកំពុងក្រាបពងប៉ុណ្ណោះ បើយើងអាយុច្រើនទៅហើយ តើនៅក្រាបពងដល់ណាទៀត! ដូច្នេះត្រូវប្រញាប់ហើរចេញពីសំបុក នៅពេលដែលយើងអាចនៅហើរបាន កុំមួយថ្ងៃៗសំកុកនៅតែផ្ទះពីព្រលឹមទល់ព្រលប់។ មិនថាចេញទៅជិត ឬឆ្ងាយ យើងគួរតែចេញទៅក្រៅខ្លះ អាចទៅដើរលេងតាមខេត្ត ឬក្រៅប្រទេសក៏ល្អ។
៦. ប្រើអារម្មណ៍ឲ្យដូចមែកឈើ
អាចរេតាមខ្យល់ខ្លះ ស្ងៀមខ្លះ ស្ងាត់ខ្លះ ពេលខ្លះក៏អាចបាត់បង់មិនដូចចិត្តខ្លះ។ ត្រូវយល់ថា គ្រប់យ៉ាងជាច្បាប់ធម្មជាតិ ដែលមានទាំងកើត និងបាត់ទៅវិញ ប្រៀបដូចនៅពេលមែកឈើបាក់ ពួកវាមិនដែលយំទួញសោកអ្វីទេ ប៉ុន្តែវានឹងប្រញាប់លាស់មែកថ្មីជំនួសវិញឲ្យលឿនបំផុត។ មនុស្សយើងក៏ដូចគ្នា នៅពេលបាត់បង់អ្វីមួយពីជីវិត ក៏ត្រូវធ្វើចិត្តឲ្យបានលឿនបំផុត កុំសម្ងំបៀមទុក្ខជាមួយរឿងអតីត នោះជីវិតដែលនៅសេសសល់របស់យើងនឹងមានក្ដីសុខ ដោយការយល់ពីធម្មជាតិជីវិតនោះឯង ៕
ចុចអាន៖
មេរៀនជីវិតដែលមនុស្សអាចរៀនចេះពីរឿងអកុសលទាំង៥យ៉ាង
ក្លាយជាមនុស្សស្រីរឹងមាំ និងកាន់តែមានតម្លៃ បើអ្នកធ្វើបាន១០ចំណុចនេះ