រៀបការ​​រដូវ​វីរុស​កូរ៉ូណា​រាល​ដាល ថ្វាយ​បង្គំ​បាន​២​នាទី មិន​​អាច​ថើប​គ្នា គ្មាន​ភ្ញៀវ​សូម្បី​តែ​ម្នាក់

  • 2020-02-13 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ទោះ​បី​ជា​ថ្ងៃ​ជ័យ​របស់​កូន​កម្លោះ​កូន​ក្រមុំ​ក៏​ដោយ ប៉ុន្តែ​​​​គ្មាន​ភ្ញៀវ​​បាន​ចូល​រួម​ក្នុង​មង្គលការ​ជា​សក្ខីភាព​របស់​គូ​ស្វាមី​ ភរិយា​ថ្មី​ឡើយ។

ខណៈ​ប្រទេស​ចិន​បាន​ប្រកាស​ពី​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​នោះ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​​ចៀស​វាង​ការ​ជុំ​គ្នា​នៅ​ទី​ប្រ​ជុំ​ជន។ អាស្រ័យ​ហេតុ​នេះ​ គូ​ស្នេហ៍​មិន​តិច​ឡើយ បាន​ជ្រើស​យក​ការ​ផ្អាក​មង្គលការ​របស់​ខ្លួន។ យ៉ាង​ណា​ក្ដី ដោយ​សារ​តែ​មិន​អាច​ចៀស​​បាន ដូច​នេះ​ហើយ លោក Zhang Long និង​អ្នក​នាង Chen Xiao មក​ពី​ខេត្ត San Dong ប្រទេស​ចិន នៅ​តែ​ប្ដេជ្ញា​ចិត្ត​រៀបការ ដោយ​វិធី​ពិសេស។

តាម​នោះ​ដែរ គូ​ស្នេហ៍ខាង​លើ​​បាន​រៀបការ​យ៉ាង​ប្រថុចញ៉ុច​នៅ​មុខ​ផ្ទះ​កូន​ក្រមុំ។ មង្គលការ​ត្រូវ​ប្រព្រឹត្ត​ឡើង​ដោយ​គ្មាន​ជាង​ថត​រូប គ្មា​ន​ភ្ញៀវ​ណា​ចូល​រួម​ទាំង​អស់ មាន​តែ​ឪពុក​ម្ដាយ​សង​ខាង​ប៉ុណ្ណោះ។

កូន​កម្លោះ Zhang បាន​ឲ្យ​ដឹង​ថា៖ ពួក​យើង​កំពុង​ស្ថិត​ក្នុង​ពេល​ទប់​ស្កាត់​វីរុស​ឆ្លង ដូច​នេះ​ពួក​ខ្ញុំ​បាន​សម្រេច​ចិត្ត​មិន​អញ្ជើញ​ភ្ញៀវ​ណា​ទាំង​អស់។ ព្រោះ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មង្គលការ​ក៏​ជា​សុភមង្គល​ផ្ទាល់​ខ្លួន​របស់​ពួក​ខ្ញុំ​ប៉ុណ្ណោះ។

នៅ​ពេល​រៀបការ កូន​កម្លោះ​​កូន​ក្រមុំ​ពាក់​ម៉ាស​ឡើង​ជិត ហើយ​ពិធី​ទាំង​មូល​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​តែ​រយៈ​ពេល​២​នាទី​ប៉ុណ្ណោះ។ អ្នក​ទាំង​២​គ្មាន​ពេល​ស្បថស្បែរ​នឹង​គ្នា មិន​បាន​ថើប​គ្នា។ កូន​កំលោះ​បាន​និយាយ​លេង​សើច​ថា លោក​ថែម​ទាំង​មិន​បាន​ឃើញ​ពណ៌​ក្រែម​របស់​ប្រពន្ធ​ខ្លួន​ផង។ តាម​ផ្លូវ​ទៅ​វិញ​ គូ​ស្នេហ៍​ប្ដី​ប្រពន្ធ​ថ្មី បាន​ឆ្លង​កន្លែង​ពិនិត្យ​កម្ដៅ​៣​កន្លែង ហើយ​មន្ត្រី​នៅ​ទី​នេះ សុទ្ធ​តែ​បាន​ជូន​ពរ​ពួក​គេ​ទាំង​អស់។

សកម្មភាព​របស់ អ្នក​ទាំង​២​ខាង​លើ​ ទទួល​បាន​ការ​សរសើរ​ពី​មហាជន​ជា​ច្រើន ដ្បិត​អ្នក​ទាំង​២​មិន​អាត្មា​និយម អញ្ជើញ​ភ្ញៀវ​ច្រើន​នាក់ ដូច​មង្គលការ​ដទៃ ខណៈ​កំពុង​មាន​វីរុស​កូរ៉ូណា​រាលដាល៕

អានបន្ត៖ ​ អ្នក​គាំទ្រឆោឡោ ពេល​ឃើញ​​ធ្លាយ​រូប Xiao Zhan ថើប Yang Zi យ៉ាង​ស្និទ្ធិស្នាល

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel