ឈប់​ងងុយ​​ទាំង​កណ្តាល​ថ្ងៃ​ជាមួយ​គន្លឹះ​ ទាំង​៧ ​ដែល​ដាស់​ស្មារតី​​ស្វាង​ចែស

  • 2020-01-30 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ណា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ស្មារតី​មិន​ឱ្យ​ងងុយ​ទាំង​ថ្ងៃ​នោះ។ ពេល​ខ្លះ កណ្តាល​ថ្ងៃ​ចែស បែរ​ជា​មាន​អារម្មណ៍​ថា​ហត់​នឿយ អស់​កម្លាំង​បាត់​ទៅ​ហើយ។ អស់​បារម្ភ​ហើយ​ពេល​នេះ មិន​ចាំ​បាច់​រក​នឹក​វិធី​ច្រើន​ទេ! សាកល្បង​អនុវត្ត​នូវ​គន្លឹះ​ទាំង ៧ ដែល​ជួយ​បំបាត់​ការ​ងងុយ​គេង​ក្នុង​ពេល​មិន​សមស្រប​៖

១. ផឹកកាហ្វេ​

រូបតំណាង

វិធី​ដំបូង​ដើម្បី​បំបាត់​ការ​ងងុយ​គេង​ ឬ ដាស់​ស្មារតី​នោះ​គឺ ការ​ទទួលទាន​នូវ​ជាតិ​កាហ្វេអុីន ដែល​មាន​នៅ​ក្នុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង តែ ឬ កាហ្វេ។ ជាតិ​កាហ្វេអុីន​មាន​ផ្ទុក​នូវ​សារធាតុ​ដែល​ជួយ​ពង្រឹង​ស្មារតី​ ប៉ូវ​កម្លាំង និង បំបាត់​ការ​នឿយ​ហត់ ឬ ងងុយ។ វា​គឺ​ជា​វិធី​ដែល​ងាយ​ស្រួល លឿន ហើយ​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ។

២. ញុំា​ស្ករ​កៅស៊ូ

រូបតំណាង

មិន​ថា​នៅ​សាលា កន្លែង​ធ្វើការ ឬ ទី​សាធារណៈ បើ​អ្នក​មាន​អារម្មណ៍​ថា​នឿយ​ហត់ ហើយ គ្មាន​ស្មារតី​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​មួយ អ្នក​អាច​សាក​ល្បង​បាន​នូវ​វិធី​ដ៏​ងាយ​មួយ​នេះ។ ដោយ​គ្រាន់​តែ​យក​ស្ករ​កៅ​ស៊ូ​មក​ទំពារ​អាច​ធ្វើ​ឱ្យ​មុខ​របស់​អ្នក​មាន​ចលនា​សាច់ដុំ ដែល​អាច​បង្ក​ឱ្យ​ចរន្ត​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​កើន​ឡើង។ អ្នក​ប្រហែល​ជា​មិន​បាន​ចាប់​អារម្មណ៍​តែ​ការ​ទំពារ​ស្ករ​កៅស៊ូ​នេះ​ក៏​ជា​វិធី​សាស្ត្រ​មួយ​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឱ្យ​អ្នក​ផ្តោត​អារម្មណ៍​បាន​ល្អ​ជាង​មុន​ដែរ។

៣. ហាត់​ប្រាណ

រូបតំណាង

ការ​ធ្វើ​លំហាត់ប្រាណ​ក៏​អាច​ជួយ​បំបាត់​នូវ​សភាព​នឿយ​ហត់​ និង ងងុយ​​របស់​អ្នក​បាន​ដែរ។ ពេល​រាង​កាយ​អ្នក​ធ្វើ​ចលនា វា​ធ្វើ​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​ចង្វាក់​បេះដូង ព្រម​ទាំង​ធ្វើ​ឱ្យ​ឈាម​រត់​បាន​ល្អ​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នក​បាន​ដែរ។

៤. ពត់​ខ្លួន

រូបតំណាង

ពេល​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង នឿយហត់ និង ងងុយ​ខ្លាំង អ្នក​អាច​ធ្វើ​ការ​សាក​ល្បង​ងើប​ឈរ​ ហើយ ពត់​ខ្លួន​ប្រាណ​របស់​អ្នក​មួយ​សន្ទុះ​ដើម្បី​សម្រួល​នូវ​ខ្យល់​ដង្ហើម​របស់​អ្នក និង​ផ្តល់​នូវ​អុកស៊ីសែន​គ្រប់​គ្រាន់​ដល់​រាង​កាយ ដែល​ជា​ផ្នែក​មួយ​ជួយ​ដាស់​តឿន​ស្មារតី​អ្នក​បាន។ ការ​ពត់​ខ្លួន​ក៏​ជួយ​ពន្លាត​សរសៃ​ និង បំបាត់​នូវ​ភាព​តានតឹង​នៃ​សាច់ដុំ​ផង​ដែរ។ ដូច្នេះ អ្នក​អាច​ជ្រើស​រើស​វិធី​ពត់​ខ្លួន​នេះ​រាល់​ពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់​ផ្តោត​ស្មារតី​ទៅ​លើ​កិច្ចការ​អ្វី​មួយ។​

៥. ស្តាប់​ចម្រៀង

រូបតំណាង

ការ​ស្តាប់​ចម្រៀង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វិធី​បំបាត់​ការ​ងងុយ​គេង​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​គ្នា។ យ៉ាង​ណា​មិញ ដើម្បី​ទទួល​បាន​នូវ​ប្រសិទ្ធភាព​នោះ មិន​ត្រូវ​ស្តាប់​បទ​អន្លង់អន្លោច​ឡើយ គឺ​ជ្រើស​រើស​នូវ​តន្ត្រី ឬ បទ​ណា​ដែល​មាន​លក្ខណៈ​ញាប់​ ឬ ភ្លេង​បែប​ញាក់​កន្រ្តាក់​អារម្មណ៍។

៦. ផ្លាស់​ប្តូរ​ទម្លាប់​ប្រចាំថ្ងៃ

រូបតំណាង

បើ​អ្នក​ឧស្សាហ៍​ងងុយ​គេង និង ហត់​នឿយ​ជា​ញឹកញាប់ គឺ​ដល់​ពេល​ហើយ​ដែល​អ្នក​គួរ​តែ​ផ្លាស់​ប្តូរ​នូវ​ទម្លាប់​រស​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក ពោល​គឺ​ផ្លាស់​ប្តូរ​​កត្តា​៣​ សំខាន់ៗ​រួម​មាន៖ ការ​គេង ការ​ហូប​ចុក និង ការ​ហាត់​ប្រាណ។ ពេល​អ្នក​ឧស្សាហ៍​ធ្វើ​លំហាត់​ប្រាណ រាង​កាយ​របស់​អ្នក​នឹង​សុំាំ​ទៅ​នឹង​ភាព​រហ័ស​រហួន ហើយ ពោរពេញ​ដោយ​កម្លាំង។ ដូចគ្នា ជាមួយ​នឹង​ចំណី​អាហារ​ដែរ បើ​អ្នក​ជ្រើស​រើស​បរិភោគ​នូវ​អាហារ​សុខភាព​ឱ្យ​បាន​ច្រើន រាង​កាយ​របស់​អ្នក​នឹង​មាន​ផ្ទុក​នូវ​សារជាតិ​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​សកម្មភាព​ពេញ​មួយ​ថ្ងៃ​ដោយ​មិន​អស់​កម្លាំង​ទាំង​កណ្តាល​ថ្ងៃ​ឡើយ។ ចំណុច​សំខាន់​ចុង​ក្រោយ​គឺ​ រាង​កាយ​របស់​អ្នក​ត្រូវ​ការ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​បំពេញ​នូវ​តួនាទី​របស់​ខ្លួន​ពេញ​មួយ​ថ្ងៃ ដូចនេះ អ្នក​គួរ​ធ្វើ​យ៉ាង​ណា​គេង​ឱ្យ​បាន​ច្រើន​ទើប​ល្អ​ប្រសើរ។

៧. សម្រាក​រយៈ​ពេល​ខ្លី (ក្រោម២០នាទី)

រូបតំណាង

បើ​​អ្នក​មិន​ចង់​អនុវត្ត​នូវ​វិធី​ណា​មួយ​ខាង​លើ ឬ សាក​ល្បង​ហើយ​នៅ​តែ​ងងុយ អ្នក​អាច​ឆ្លៀត​ពេល​បិទ​ភ្នែក​គេង​សម្រាក​រយៈ​ពេល​ខ្លី គឺ​១០-២០នាទី។ ការ​សម្រាក​រយៈពេល​ខ្លី​នេះ​អាច​ជួយ​ដាស់​តឿន​ស្មារតី​អ្នក​ឱ្យ​ត្រឡប់​មក​សភាព​ដើម​វិញ​ និង បំបាត់​ការ​ងងុយ​គេង​ក្នុង​ពេល​មិន​សម​ស្រប។ ដូច្នេះ បើ​អ្នក​អាច​ឆ្លៀត​ពេល​សម្រាក​បន្តិច​បាន គួរ​តែ​សាកល្បង​វិធី​ចុង​ក្រោយ​នេះ។ យ៉ាង​ណា​មិញ អ្នក​មិន​គួរ​សម្រាក​លើស​ពី ២០នាទី​ឡើយ ព្រោះ​ពេល​ភ្ញាក់​ឡើង​វិញ​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​ងងុយ​គេង​លើស​ដើម៕

អានបន្ត៖ ស្មារតី​វិជ្ជមាន​ គ្រប់​គ្រងបានគ្រប់ស្ថានការណ៍ក្នុងជីវិត ជាមួយ​វិធីសាស្ត្រ ៥ យ៉ាង​នេះ

ប្រភព៖ scribendi ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម