ស្មារតី​វិជ្ជមាន​ គ្រប់​គ្រងបានគ្រប់ស្ថានការណ៍ក្នុងជីវិត ជាមួយ​វិធីសាស្ត្រ ៥ យ៉ាង​នេះ

  • 2020-01-30 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា ក្នុង​ជីវិត​មនុស្ស​ម្នាក់​តែង​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ផ្សេងៗ​គ្នា ហើយ​រឿង​ទាំង​នោះ​​ទៀត​សោត សុទ្ធ​សឹង​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា គឺ​ពោរ​ពេញ​ដោយ​ក្តី​សុខ​លាយ​នឹង​ក្តី​ទុក្ខ​ ពោល​គឺ​មាន​ឡើង​ មាន​ចុះ។ ផ្ទុយ​ទៅ​វិញ មិន​ថា​ជួប​រឿង​បែប​ណា​ក្នុង​ជីវិត​ មនុស្ស​ម្នាក់ៗ​គប្បី​មាន​ស្មារតី​នឹងន​ និង គិត​ទៅ​ផ្លូវ​វិជ្ជមាន​ជានិច្ច​ ទើប​អាច​គ្រប់​គ្រង​បាន​គ្រប់​ស្ថានការណ៍​ដែល​ខ្លួន​កំពុង​ប្រឈម។ ខាង​ក្រោម​គឺ ​វិធីសាស្រ្ត​ទាំង​ ៥ ដែល​ជួយ​ឱ្យ​អ្នក​ប្រមូល​អារម្មណ៍ និង ស្មារតី​បាន​ល្អ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏​ដោយ៖

១. នៅ​ក្បែរ​មនុស្ស​ដែល​មាន​ស្មារតី​​សុទិដ្ឋិនិយម

រូបតំណាង

នៅ​ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​ចំពោះ​អ្នក​ ឬ អ្វីៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន បុគ្គល​ដែល​អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​គឺ​ ប្រភេទ​បុគ្គល​ដែល​តែង​គិត​អ្វីៗ​ក្នុង​ផ្លូវ​វិជ្ជមាន បុគ្គល​ដែល​មិន​ធ្វើ​ឱ្យ​រឿង​កាន់​តែ​ពិបាក បុគ្គល​ដែល​តែង​ផ្តល់​យោបល់​ល្អៗ​ និង ជួយ​អ្នក​ឱ្យ​មាន​ស្មារតី​សុទិដ្ឋិនិយម​គ្រប់​វេលា។ ខណៈ​មាន​រឿង​ឈឺ​ក្បាល​ត្រូវ​ដោះ​ស្រាយ អ្នក​មិន​គួរ​នៅ​ក្បែរ​មនុស្ស​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ឈឺ​ក្បាល​ជាង​នោះ​ទៀត​ទេ ដូច្នេះ អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​ប្រភេទ​បុគ្គល​ណា​ដែល​នាំ​មក​នូវ​អារម្មណ៍​ល្អៗ​ដល់​អ្នក ស្រប​ពេល​អ្នក​កំពុង​ត្រូវ​ការ​កម្លាំង​ចិត្ត​បំផុត។

២. ទទួល​យក​ការ​ពិត ហើយ រក​មធ្យោបាយ​ដោះ​ស្រាយ

រូបតំណាង

គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​ខុស ហើយ ក៏​គ្មាន​នរណា​ម្នាក់​មិន​ធ្លាប់​ជួប​ការ​ឈឺចាប់​ដែរ តែ​អ្វី​ដែល​អ្នក​អាច​ប្រាប់​ខ្លួន​ឯង​បាន​នៅ​ពេល​ជួប​រឿង​ទាំង​នោះ​គឺ ទទួល​យក​ការ​ពិត។ ពេល​ខ្លះ រឿង​មួយ​ចំនួន​ធ្វើ​ឱ្យ​អ្នក​ពិបាក​នឹង​ទទួល​យក​ ប៉ុន្តែ​វា​ជា​រសជាតិ​នៃ​ជីវិត​ ហើយ​គ្មាន​បុគ្គល​ណា​អាច​គេច​ផុត​បាន​ឡើយ។ ដូច្នេះ ជំនួស​ឱ្យ​ការ​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​លើ​រឿង​ដែល​បាន​កើត​ឡើង អ្នក​គប្បី​តាំង​ស្មារតី​ទទួល​យក​វា ហើយ ស្វែង​រក​នូវ​ដំណោះ​ស្រាយ​វិញ​ទើប​ប្រសើរ។

៣. ហ្វឹកហាត់​ស្មារតី​ឱ្យ​បាន​ល្អ

រូបតំណាង

នៅ​គ្រប់​កាលៈទេសៈ អ្នក​គប្បី​ដឹង​ថា​ អ្នក​មិន​អាច​គ្រប់​គ្រង​រឿង​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក​ឡើយ ក៏​ប៉ុន្តែ​អ្នក​អាច​គ្រប់​គ្រង​ការ​ឆ្លើយ​តប​របស់​អ្នក​ទៅ​នឹង​រឿង​អស់​ទាំង​នោះ​បាន មាន​ន័យ​ថា អ្វី​ដែល​កើត​ឡើង​លើ​អ្នក​អាច​មាន​ល្អ មាន​អាក្រក់ ព្រោះ​អ្នក​មិន​មែន​ជា​អ្នក​កំណត់ តែ​ចំពោះ​វិធី​ដោះ​ស្រាយ​បញ្ហា​នីមួយៗ គឺ​អ្នក​ជា​អ្នក​កំណត់។ ដូច​ដែល​អ្នក​បាន​ដឹង រឿង​ខ្លះ​ដែល​កើត​ឡើង​ហើយ​គឺ​មិន​អាច​បក​ថយ​ក្រោយ​បាន​ឡើយ ដូច្នេះ​វា​អាស្រ័យ​ទៅ​លើ​អ្នក​ជា​អ្នក​ហ្វឹក​ហាត់​ស្មារតី​ខ្លួន​ឯង​ ថា​គួរ​​យក​វា​ជា​មេរៀន​សម្រាប់​ជីវិត​រួច​បន្ត​ដំណើរ​ទៅ​មុខ ឬ ត្រូវ​មាន​វិប្បដិសារី​ជាមួយ​វា​រហូត។

៤. ត្រូវ​មាន​ចិត្ត​អបអរ​នឹង​អ្វី​ដែល​ខ្លួន​មាន​​

រូបតំណាង

មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​មនុស្ស​មួយ​ចំនួន​គ្មាន​ក្តី​សុខ​ក្នុង​ជីវិត​របស់​ខ្លួន ​គឺ​ព្រោះ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន។ ក្រុម​គ្រួសារ មិត្ត​ភក្តិ ទ្រព្យ​សម្បតិ្ត ការងារ និង បុណ្យ​សក្តិ សុទ្ធ​សឹង​ជា​អ្វីៗ​ដែល​គ្រប់​គ្នា​ប៉ង​ប្រាថ្នា ហើយ​ ពេល​ដែល​វា​មិន​បាន​សម្រេច​ដូច​ការ​ប៉ង វា​ធ្វើ​ឱ្យ​អ្នក​គ្មាន​ក្តី​រីករាយ​នឹង​អបអរ​នូវ​ឆាក​ជីវិត​មួយ​នោះ​ឡើយ។ បើ​មនុស្ស​ម្នាក់ៗ​អាច​បញ្ឈប់​នូវ​ការ​ប្រៀប​ធៀប​រវាង​​ជីវិត​ខ្លួន​ និង អ្នក​ដទៃ ហើយ​ចាប់​ផ្តើម​ស្រឡាញ់ និង ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន ពេល​នោះ​ជីវិត​របស់​អ្នក​នឹង​កាន់​តែ​ប្រសើរ។

៥. ធ្វើ​លំហាត់​ប្រាណ​ទាំង​រាង​កាយ និង ស្មារតី

រូបតំណាង

ការ​ហាត់​ប្រាណ​ផ្នែក​រាង​កាយ​គឺ​ល្អ​ប្រសើរ​ស្រាប់​ទៅ​ហើយ តែ​ពេល​ខ្លះ​អ្នក​អាច​នឹង​ភ្លេច​ខ្លួន​ថា​ខួរ​ក្បាល​របស់​អ្នក​ក៏​ត្រូវ​ការ​ការ​ហ្វឹកហាត់​ផង​ដែរ។​ ប្រសិន​ជា​មាន​ពេល អ្នក​គួរ​សាក​ល្បង​ហាត់​យោហ្គា ដែល​ជា​លំហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ទាំង​សម្រាប់​រាង​កាយ និង ខួរ​ក្បាល។ ក្បាច់​មួយ​ចំនួន​នៃ​យោហ្គា​គឺ​បង្កើត​ឡើយ​ក្នុង​គោល​បំណង​ជួយ​សម្រាល​នូវ​ទុក្ខ​កង្វល់ និង ភាព​តានតឹង​នៃ​ខួរ​ក្បាល ភាគ​ច្រើន​សម្រាប់​អ្នក​គិត​ច្រើន ឬ គេង​មិន​លក់​ជាដើម។ ដូច្នេះ មិន​ថា​ក្នុង​ស្ថានភាព​បែប​ណា បើ​អាច​ឆ្លៀត​ពេល​បាន អ្នក​គួរ​ថែរក្សា​ទាំង​សុខភាព​ខួរក្បាល និង រាងកាយ៕

រូបតំណាង
រូបតំណាង

អានបន្ត៖ បើ​ចង់​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ កុំ​ប្រាប់​រឿង​ទាំង​ ៨​យ៉ាង​នេះ​ឲ្យ​គេ​ដឹង​ឲ្យ​សោះ

ប្រភព៖ lifehacks ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម