ទុក្ខ​លំបាក​របស់​​ប្រពន្ធ​ក្នុង​និង​ក្រោយ​ពេល​សម្រាល​ដែល​អាច​ឈាន​ដល់​​ជំងឺ​ផ្លូវ​ចិត្ត បើ​ប្ដី​មិន​ចាប់​អារម្មណ៍

  • 2020-01-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ទាំង​ឡាយ...

ប្រហែល​អ្នក​មិន​ដែល​ធ្លាប់​យល់​ឡើយ​ពី​ភាព​ឈឺចាប់​របស់​ស្ត្រី​​តាំង​ពី​ពេល​ពពោះ​រហូត​ដល់​សម្រាល​គ្រប់​៩​ខែ​១០​ថ្ងៃ!

ពេល​កូន​​ទើប​នឹង​កើត...

មនុស្ស​ភាគ​ច្រើន​ខ្វល់ខ្វាយ​តែ​ពី​ទារក​មិន​ថា​អ្នក​ណា​ក៏​ដូច​អ្នក​ណា ខ្លាច​តែ​ទារក​សុខភាព​មិន​ល្អ ឬ​កើត​មក​មិន​ស្អាត​រួម​ទាំង​អ្នក​ដែល​ជា​ឪពុក​ផង តែ​មាន​មនុស្ស​តិច​នាក់​ណាស់​ក្នុង​គ្រួសារ​ដែល​ចាប់​អារម្មណ៍​មក​មើល​ថែ​នារី​ម្នាក់​ដែល​ទើប​តែ​ផ្ដល់​កំណើត​ដល់​កូន​តូច​មួយ​នេះ។ មនុស្ស​ប្រុស​ភាគ​ច្រើន​សប្បាយ​ចិត្ត​ណាស់ ពេល​បាន​មុខ​កូន ចង់​ថើប​កូន ចង់​បី​កូន តែ​ពេល​កូន​យំ មិន​ដែល​ជួយ​លួង មិន​ដែល​ក្រោក​យប់​ឆុង​ទឹក​ដោះ​គោ​ឱ្យ​កូន មិន​ដែល​ជួយ​បោក​កន្ទប​កូន មិន​ដែល​ជួយ​ប្ដូរ​ខោ​ទឹក​នោម​កូន​ឡើយ។

ពេល​កូន​កើត​​មក​មិន​ប្រក្រតី ឬ​សុខភាព​មិន​ល្អ...

គ្រប់​គ្នា​ស្ទើរ​តែ​ពិភពលោក​ទាំង​មូល​នឹង​ដាក់​ការ​ស្ដី​បន្ទោស​តែ​ទៅ​លើ​ម្ដាយ​ម្នាក់​តែ​ប៉ុណ្ណោះ​ថា​​ពេល​ពពោះ​មិន​ធ្វើ​ស្អី​សោះ មិន​ចេះ​ថែ​ទាំ​ខ្លួន​និង​កូន​ក្នុង​ផ្ទៃ ឬ​ប្រហែល​ទៅ​ធ្វើ​នេះ​ធ្វើ​នោះ​ហើយ​ទើប​កូន​កើត​មិន​ល្អ​បែប​នេះ។

ប៉ុន្តែ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​យល់​ពី​ទុក្ខ​លំបាក​ដ៏​មហិមា​របស់​មនុស្ស​ស្រី ជា​ពិសេស​ក្នុង​អំឡុង​ពេល​ពពោះ និង​ដល់​ថ្ងៃ​ឆ្លង​ទន្លេ​នេះ?

បុរស​ទាំង​ឡាយ​អើយ!! នារី​ម្នាក់​ដែល​តែង​តែ​ប្រាប់​អ្នក​ថា ខ្លាច​ម្ជុល ខ្លាច​ឈាម​ ពេល​ទៅ​ចាក់​ថ្នាំ​ម្ដងៗ តែ​នាង​បែរ​ជា​ហ៊ាន​ប្ដូរ​ជីវិត​នឹង​មច្ចុរាជ​ដើម្បី​បង្កើត​កូន​ឱ្យ​អ្នក នាង​សុខ​ចិត្ត​រ៉ាប់រង​ការ​ឈឺ​ចាប់​ដែល​មាន​ទាំង​ឡាយ​ក្នុង​ពេល​បង្កើត​កូន​ដើម្បី​អ្នក តែ​ចុងក្រោយ​បែរ​ជា​ត្រូវ​ទទួល​ពាក្យ​ស្ដី​បន្ទោស​ថា​មិន​ចេះ​រៀប​ចំ​ផ្ទះ ឬ​មិន​ចេះ​មើល​កូន​ ដោយ​សារ​តែ​គ្មាន​ការ​ជួយ​រំលែក​ភាព​លំបាក​ពី​អ្នក​ទៅ​វិញ។

បុរស​ទាំង​ឡាយ!! សូម​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​ភរិយា​របស់​អ្នក​ឱ្យ​បាន​កាន់​តែ​ច្រើន​លើស​មុន​រាប់​រយ​ដង​ដើម្បី​ឱ្យ​នាង​មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ក្នុង​ជីវិត​គ្រួសារ​មួយ​នេះ និង​ទៅ​ថ្ងៃ​មុខ​ទៀត ព្រោះ​មាន​រឿង​ច្រើន​ទៀត​ណាស់​ដែល​អ្នក​មិន​បាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​មនុស្ស​ស្រី ហើយ​​បែរ​ជាយក​លេស​ថា ប្រពន្ធ​អ្នក​ប្រែ​ប្រួល​ហើយ ពិបាក​រស់​នៅ​ចុះ​សម្រុង​គ្នា​ណាស់ ទើប​ត្រូវ​ចេញ​ទៅ​រក​ស្រី​ខាង​ក្រៅ។ ប៉ុន្តែ​មុន​នឹង​ហា​មាត់​និយាយ​បែប​នេះ សូម​សួរ​ខ្លួន​ឯង​សិនថា "តើ​អ្នក​ណា​ជា​អ្នក​ធ្វើ​ឱ្យ​នាង​ប្រែប្រួល​បែប​នេះ? មិន​មែន​អ្នក​ជា​ប្ដី​គេ​ទេ​អ្ហេស? តើ​អ្នក​មាន​បាន​ផ្ដល់​ភាព​កក់​​ក្ដៅ​ដល់​នាង​ យក​ចិត្ត​ទុក​ដាក់ ជួយ​រំលែក​​ទុក្ខ​ព្រួយ​របស់​នាង​ដូច​ពេល​ដែល​តាម​​ស្រលាញ់​នាង​ដែរ​ឬ​អត់?"

សូម​គិត​ឡើង​វិញ​ចំពោះ​បុរស​ដែល​ដាក់​បន្ទុក​លើ​ភរិយា​ដោយ​មិន​មើល​លើ​កំហុស​របស់​ខ្លួន!!

ចុចអាន៖ ការ​សិក្សា​ថ្មី​៖ ​ប្ដី​ប្រពន្ធ​​ចេះ​ជួយ​លាង​ចាន​គ្នា​ ទើប​ស្នេហា​គង់វង្ស​យូរ​អង្វែង

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម