កុំច្រលំ! ឡេការពារកម្តៅថ្ងៃមាន SPF កាន់តែខ្ពស់ កាន់តែយ៉ាប់យ៉ឺនដល់ស្បែក
- 2020-01-23 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំច្រលំ! ឡេការពារកម្តៅថ្ងៃមាន SPF កាន់តែខ្ពស់ កាន់តែយ៉ាប់យ៉ឺនដល់ស្បែក
មនុស្សជាច្រើនបានយល់ច្រលំថា ជ្រើសរើសឡេការពារកម្ដៅថ្ងៃមាន SPF កាន់តែខ្ពស់ កាន់តែល្អចំពោះស្បែក ។ ប៉ុន្តែនេះជាការយល់ខុសទាំងស្រុង ព្រោះវាអាចធ្វើឲ្យស្បែកកាន់តែយ៉ាប់យ៉ឺន និងបណ្ដាលឲ្យកើតមុនថែមទៀតផង។
ជាការពិត SPF របស់ឡេការពារកម្ដៅថ្ងៃ ពិតជាមានលទ្ធភាពការពារស្បែកពីកាំរស្មី UVB របស់ព្រះអាទិត្យបានយ៉ាងល្អប្រសើរ។ ១ ជាន់របស់ SPF អាចការពារស្បែកបានដល់ទៅ១០នាទី ពីការដុតកម្លោច ដែលបណ្ដាលឲ្យស្បែករលាករោលបាន។ ក្រៅពីនេះ SPF កម្រិត ៣០ជាន់ អាចការពារស្បែកបានប្រហែល ៩៧% ពីកាំរស្មី UVB ហើយ ៥០ ជាន់វិញ អាចការពារបាន ៩៨%។ កម្រិត SPF កាន់តែច្រើន មានប្រសិទ្ធភាពការពារកាំរស្មីព្រះអាទិត្យបានប្រសើរ តែវាមិនសូវជាខុសគ្នាខ្លាំងប៉ុន្មាននោះទេ។
បន្ថែមពីលើនេះ លោក វេជ្ជបណ្ឌិត Steven Q. Wang ដែលមានមូលដ្ឋានសិក្សាលើមហារីកស្បែក ពន្យល់ថា ការពឹងផ្អែកលើកម្រិត SPF របស់ឡេការពារកម្ដៅថ្ងៃខ្លាំងពេកថាកាន់តែខ្ពស់កាន់តែអាចការពារស្បែកបានទាំងស្រុង គឺមិនត្រឹមត្រូវទេ។ មនុស្សជាច្រើនជឿជាក់ទាំងស្រុងលើឡេការពារកម្ដៅថ្ងៃ ហើយមិនរវីរវល់ការពារស្បែកបន្ថែមពេលដើរចេញក្រៅ ដែលនេះកាន់តែធ្វើឲ្យស្បែករងការប៉ះពាល់ ខ្មៅខ្លោចពីកាំរស្មីព្រះអាទិត្យ ដោយមិនដឹងខ្លួន។ មួយវិញទៀត ក្នុងសមាសធាតុផ្សំរបស់ឡេការពារកម្ដៅថ្ងៃមាន SPF ខ្ពស់ពេក ពេលលាបលើស្បែកមុខក្រាស់ខ្លាំង ធ្វើឲ្យស្ទះរន្ធញើស បណ្ដាលឲ្យកើតមុនទៀតផង។
ម្ល៉ោះហើយ លោកវេជ្ជបណ្ឌិត ផ្ដល់ដំបូន្មានថា កុំជ្រើសរើសឡេការពារកម្ដៅថ្ងៃមានកម្រិត SPF ខ្ពស់ពេក តែគួរជ្រើសយកត្រឹមកម្រិតពី ៣០ទៅ ៥០ជាន់ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ លើសពីនេះ ដើម្បីការពារស្បែកបានរឹតតែល្អ អ្នកត្រូវលាប Cream បន្ថែមលើស្បែករាល់២ម៉ោងម្ដង ក្រោយរងកម្ដៅព្រះអាទិត្យ ទោះអ្នកប្រើឡេការពារកម្ដៅថ្ងៃមានកម្រិត SPF ប៉ុន្មានជាន់ក៏ដោយ៕
ចុចអាន៖ មកសម្អាតមុខឲ្យបានស្អាត និងត្រឹមត្រូវជាមួយនឹងក្បួនអាថ៌កំបាំងទាំង ៨ យ៉ាងនេះ