ប្រយ័ត្ន​លង់! ទង្វើ​៥​យ៉ាង​របស់​បុរស​ដែល​ធ្វើ​ឲ្យ​​ស្រី​ៗគិត​ជ្រៅ​ តែ​ការ​ពិត​គ្មាន​អី​សោះ!

  • 2020-01-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​ងាយ​ដាក់​ចិត្ត​ស្រឡាញ់​អ្នក​ណា​ឡើយ តែ​ណាស់​តែ​បុរស​ៗ​មួយ​ចំនួន​ចូល​ចិត្ត​ធ្វើ​ឲ្យ​នាង​គិត​​ដល់​វែង​ឆ្ងាយ។ អ្នក​ណា​ក៏​ចង់​មាន​ស្នេហា ដូច្នេះ​ហើយ​នៅ​ពេល​មាន​អ្វី​កើត​ឡើង​បន្តិច​ ក៏​ធ្វើ​ឲ្យ​គិត​ខ្លួន​ឯង​ភ្លាម​ថា​គេ​ស្រឡាញ់​ខ្លួន។ មុន​នឹង​ចាញ់​បញ្ឆោត​ទៅ​លង់​ស្នេហ៍​គេ​ម្នាក់​ឯង​ ដោយ​សារ​គិត​ថា​គេ​មាន​ចិត្ត​លើ​ខ្លួន​ឯង​ដែរ នារី​ៗ​សូម​ងាក​មក​មើល​ទង្វើ​៥​យ៉ាង​របស់​បុរស​ដែល​អ្នក​អាច​យល់​ច្រឡំ​ថា​គេ​ស្រឡាញ់​អ្នក តែ​តាម​ការ​ពិត​វា​មិន​ដូច្នោះ​ទេ។  

១. មក​ជួយ​រហូត

ជឿ​ថា​មាន​នារី​ជា​ច្រើន​ដែល​ធ្លាប់​ចិត្ត​ទន់​ដោយ​សារ​បុរស​បែប​នេះ គឺ​ថា​ដំបូង​ៗ​ក៏​មិន​បាន​គិត​អ្វី​ទេ ប៉ុន្តែ​ពេល​សង្កេត​មើល​យូរ​ៗ​ក៏​យល់​ថា ហេតុ​អ្វី​បុរស​ម្នាក់​នេះ​ចូលចិត្ត​មក​ជួយ​ខ្លួន​ឯង​រហូត ទិញ​នេះ​ទិញ​នោះ​ឲ្យ អង្គុយ​ញ៉ាំ​បាយ​ជាមួយ​គ្នា​ក៏​ដួស​នេះ ថែម​នេះ​ថែម​នោះ​​ឲ្យ។ តែ​មុន​នឹង​ចិត្ត​ទន់​បាក់​ចិត្ត​លើ​គេ ត្រូវ​មើល​​ឲ្យ​បាន​ល្អិតល្អន់​សិន​ថា ការ​ពិត​គេ​ធ្វើ​បែប​នេះ​​ដាក់​មិត្តភ័ក្ដិ​ស្រី​ៗ​គ្រប់​គ្នា ឬ​ក៏​អត់។  

២. តិចៗ​ប៉ះ តិ​ចៗ​វាយ​ក្បាល

ទង្វើ​បែប​នេះ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ស្រី​គិត​ច្រើន​ដែរ។ បុរស​ឯណា​សុខ​ៗ​មក​វាយ​​ប្រលែង​​​ស្រី​ៗ បើ​មិន​បាន​គិត​អ្វី​សោះ? តែ​តាម​ការ​ពិត​ការ​វាយ​ ការ​ប៉ះ​តិច​តួច ឬ​ហៅ​ថា​ស្និទ្ធស្នាល​នេះ ជួន​កាល​គឺ​គេ​គ្មាន​បាន​គិត​អ្វី​ទេ។ បើ​គេ​ធ្វើ​បែប​នេះ​ដាក់​អ្នក អាច​មាន​ន័យ​ពីរ​យ៉ាង​ ទី​មួយ​គេ​អាច​ចាប់​អារម្មណ៍​អ្នក ទី​ពីរ​គឺ​គេ​មិនបាន​ចាត់​ទុក​អ្នក​ជា​មនុស្ស​ស្រី​ទេ តែ​ចាត់​ទុក​ដូច​ជា​មិត្តភ័ក្ដិ​ប្រុស​ៗ​ស្និទ្ធស្នាល​ធម្មតា។  

៣. ញញឹម​​ដាក់​រហូត

បើ​អត់​គិត​អី​ទេ ម៉េច​ក៏​ញញឹម​ដាក់​គេ​ញឹក​ម្ល៉េះ? មនុស្ស​ស្រី​ជា​ច្រើន​ប្រាកដ​ជា​គិត​បែប​នេះ​ហើយ​មែន​អត់។ ប៉ុន្តែ​សាក​គិត​ឲ្យ​បាន​ល្អិត​ល្អន់​សិន​ថា ជាមួយ​មនុស្ស​ដែល​យើង​​មិន​ធ្លាប់​ស្គាល់ ពេល​ជួប​គ្នា​ដំបូង យើង​ក៏​ញញឹម​ដាក់​ដែរ។ ដែល​ញញឹម​ដាក់​គឺ​ដើម្បី​កុំ​ឲ្យ​គេ​មើល​មក​ថា​យើង​ឫក​ មិន​គួរ​ឲ្យ​ចង់​រាប់​អាន​ប៉ុណ្ណឹង​ឯង។ ដូច្នេះ​បើ​គេ​ញញឹម​ដាក់​​ញឹក​ញាប់​នោះ គឺ​អាច​មាន​ន័យ​ថា​គេ​គ្រាន់​តែ​ចង់​រាប់​អាន​យើង​ធម្មតា ឬ​គ្រាន់​តែ​ចង់​បង្ហាញ​ការ​គោរព​ ឬ​ក្រែង​ចិត្ត​យើង​ប៉ុណ្ណោះ។  

៤. សម្លឹង​មើល​ភ្នែក​គេ​ហ្នឹង គិត​អី​មែន?

​ទង្វើ​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​គិត​ច្រើន​បំផុត គឺ​ការ​សម្លឹង​មើល​កែវ​ភ្នែក​គ្នា​យូរ​ៗ​នេះ​ឯង។ ធម្មតា​មនុស្ស​និយាយ​គ្នា​គឺ​មិន​សម្លឹង​មើល​ភ្នែក​គ្នា លើ​ស​ពី ៥វិនាទី​ទេ។ ភាគ​ច្រើន​ក៏​ធ្វើ​ជា​សម្លឹង​ទៅ​នេះ​ទៅ​នោះ​ខ្លះ ប៉ុន្តែ​បើ​​អ្នក​ណា​​ដែល​រាង​ពូកែ​និយាយ និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង គឺ​អាច​នឹង​សម្លឹង​មក​ត្រង់​ៗ យូរ​ៗ ពេល​និយាយ​គ្នា ដោយ​មិន​ដាក់​ភ្នែក រហូត​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ត្រូវ​ងាក​ចេញ​ដោយ​ខ្លួន​ឯង។  

៥. ឆាត​មក​ញឹកញាប់

ចំណុច​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​គិត​ច្រើន​ទៀត​ហើយ។ មិត្តភ័ក្ដិ​ធម្មតា​ឯណា ដែល​ឆាត​មកគ្នា​រហូត​បែប​នេះ ហើយ​បើ​ជា​មនុស្ស​ប្រុស​និង​មនុស្ស​ស្រី គឺ​កាន់​តែ​គួរ​ឲ្យ​សង្ស័យ។ តែ​សម្រាប់​គេ គេ​អាច​មិន​គិត​អី​ក៏​ថា​បាន​ដែរ។ ជួន​កាល​គេ​គ្រាន់​តែ​ចង់​បាន​នរណា​ម្នាក់​មក​ស្ដាប់​រឿង​ដែល​គេ​និយាយ​ធម្មតា​ៗ​ប៉ុណ្ណោះ។

គិត​ៗ​ទៅ​បុរស​មួយ​ចំនួន​ធ្វើ​អ្វី​មិន​គិត​ពី​ចិត្ត​នារី​ៗ​សោះ ប៉ុន្តែ​បន្ទោស​គេ​ក៏​មិន​បាន​ដែរ ព្រោះ​ជួន​កាល​គេ​គ្រាន់​តែ​ Friendly។ ដូច្នេះ​ហើយ​ស្រី​ៗ​យើង​កុំ​​ឆាប់​ងាយ​លង់​ដោយ​សារ​ទង្វើ​របស់​គេ​ឲ្យ​សោះ ត្រូវ​សង្កេត​​មើល​តាម​បរិបទ​ផ្សេង​ៗ​ផង​ទើប​ទទួល​បាន​ចម្លើយ​កាន់​តែ​ច្បាស់ ៕

 

ប្រភព៖ sistacafe ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម