សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន
- 2020-01-20 03:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ភារៈតុបតែងមានលាភហុងស៊ុយ គួរត្រៀមឲ្យត្រូវក្បួនក្នុងថ្ងៃចូលឆ្នាំចិន
ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកចូលមកដល់ ជនជាតិចិននិងអ្នកកាត់សែស្រលាយចិនកំពុងត្រៀមរៀបចំសម្ភារៈដើម្បីតុបតែងទទួលឆ្នាំថ្មី។ ក្នុងឆ្នាំកណ្ដុរមាសនេះ បើតាមហុងស៊ុយគឺជាឆ្នាំដែលពោរពេញដោយថាមពលនិងកម្លាំងដ៏អស្ចារ្យ។ ម្ល៉ោះហើយក្បួនតុបតែងទៀតសោត ក៏ត្រូវរៀបចំ ដើម្បីស្រូបទាញលាភសំណាង ថាមពលវិជ្ជមាននិងទ្រព្យសម្បត្តិពីឆ្នាំកណ្តុរមាសនេះដូចខាងក្រោម៖
**១. ចង្កៀងគោមក្រហម**
គ្រឿងតុបតែងដ៏ពេញនិយមនិងសំណាងបំផុតសម្រាប់បុណ្យចូលឆ្នាំចិន គឺចង្កៀងគោមក្រហមនេះហើយ។ អ្នកអាចព្យួរនៅទីណាក៏បានដើម្បីទាញលាភសំណាង មិនថាលើដើមឈើ ទ្វារ ឬ ជញ្ជាំងផ្ទះជាដើម។
២. ក្រដាសបិទជញ្ជាំងពណ៌ក្រហម
ដើម្បីអូសទាញលាភសំណាង តាមជំនឿចិនគេបិទក្រដាសក្រហមទាំងនេះលើទ្វា ឬតាមបង្អួចជាដើម។ ក្រដាសនេះ នាំមកនូវសុខភាពល្អ សុភមង្គល ទ្រព្យសម្បត្តិ សំណាងល្អ និងអាយុយឺនយូរ។ ក្រៅពីនេះ គេអាចបិទរូបសត្វផ្សេងៗដូចជា ត្រី ឬរូបដែលទាក់ទងតាមឆ្នាំនីមួយៗ។ ឧ៖ ឆ្នាំនេះ គេនិយមតាំងរូបកណ្ដុរ ដោយសារជាឆ្នាំជូត។
៣. ផ្កាស្រស់ និងដើមឈើ
សម្រាប់ឆ្នាំចិន ផ្កាជានិមិត្តសញ្ញានៃកំណើតម្ដងទៀត ដូច្នេះផ្ទះនីមួយៗត្រូវតុបតែងដោយផ្កា១ថូ ឬ ២ថូ។ ក្នុងរដូវការនេះ ផ្កាអង្គាសីល ដើមឫស្សី ដើមក្រូចគឺពេញនិយមបំផុត។ ប្រសិនបើដើមទាំងនោះចេញផ្កា ឬ ផ្លែ គឺមានន័យថា មានទ្រព្យហូរជាប់រហូត។
.៤ ម្ហូបអាហារ និងផ្លែឈើ
តាមប្រពៃណីចិន ផ្លែឈើពណ៌មាស ឬលឿងគឺទាក់ទាញលាភសំណាង។ ដូច្នេះគេនិយមសែនផ្លែក្រូចឃ្វិច។ លើសពីនេះ ក៏មានដូចជាបង្អែម ជាដើមដើម្បីស្រូបយកថាមពលសំណាង។ ម្ហូបវិញ មានដូចជា មីឆា មាន់ស្ងោ សម្លចាប់ឆាយជាដើម។ យ៉ាងណាក៏ដោយ ទាំងអស់នេះអាចធ្វើតាមលទ្ធភាព និងតាមការចូលចិត្ត។
ពាក់ព័ន្ធនឹងជំនឿនាំលាភសំណាងចូលផ្ទះក្នុងឱកាសបុណ្យឆ្នាំចិន គេអាចតុបតែងបន្ថែមដោយកាក់លោហៈព្យួរនៅតាមមាត់បង្អួចឬមាត់ទ្វារព្រោះយល់ថា វាស្រូបយកថាមពលអាចបំពេញក្តីស្រមៃរបស់អ្នកឲ្យក្លាយជាការពិត។ ក្នុងហុងស៊ុយចិន គេណែនាំឲ្យជ្រើសពណ៌មាស និងប្រផេះ។ ម្យ៉ាងទៀត បើចង់មានលាភសំណាង និងលុយកាក់ នៅពេលបុណ្យចូលឆ្នាំចិន យកល្អអ្នកត្រូវតាំងរូបល្ពៅនៅក្បាលដំណេក ដែលអាចការពារពីជំងឺ និងរក្សាផ្លូវចិត្តឲ្យបានស្ងប់។
ចំណែកអំឡុងពេលយប់ជិតឈានចូលបុណ្យចូលឆ្នាំចិនវិញ ជនជាតិចិន ឬអ្នកកាត់សែស្រលាយចិនមិនត្រូវឲ្យចូលគេងភ្លាមៗទេ ព្រោះដើម្បីលាឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី។ ពួកគេតែងបើកទ្វារនិងបង្អួចចំនួន១០នាទី ដើម្បីឲ្យឆ្នាំចាស់ចាកចេញទៅ ហើយអនុញ្ញាតឲ្យឆ្នាំថ្មីចូលមក។ បន្ថែមពីនេះ ពួកគេក៏ត្រៀមបាញ់កាំជ្រួចដើម្បីស្វាគមន៍ឆ្នាំថ្មីផងដែរ ដើម្បីទទួលអំណរឆ្នាំថ្មី៕
អានបន្ត៖ កំប៉ុងដាក់ជើងធូបមានសញ្ញាទាំងនេះ ប្រញាប់ប្ដូរចេញភ្លាម ប្រយ័ត្នអាសន្នជាន់ខ្លួន