កែវ វាសនា ថា ភរិយា​លោក​ពូកែ​លើ​ការ​រក​ស៊ី​អនឡាញ ទើប​មាន​​បាន​លឿន​យ៉ាង​នេះ

  • 2020-01-18 04:56:19
  • ចំនួនមតិ 7 | ចំនួនចែករំលែក 29

ទោះ​បី​ជា ការងារ​សិល្បៈ​​មាន​ជា​បន្ត​បន្ទាប​ស្ទើរ​តែ​គ្មាន​ថ្ងៃ​សម្រាក​​បែប​ណា​​ក្ដី តារា​ចម្រៀង លោក កែវ វាសនា បាន​សារភាព​​ថា ​ចំណូល​ពី​ការងារ​សិល្បៈ​​របស់​ខ្លួន បើ​ប្រៀបធៀប​ជា​មួយ​ប្រពន្ធ​វិញ គឺ​ខ្លួន សូម​សារភាព​ថា ប្រពន្ធ​លោក​ខ្លាំង​ខាង​រកស៊ី​តាម​អនឡាញ​នេះ និង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​លោក​ដាច់។

នេះ​ជា​ការ​លើក​ឡើង របស់​តារា​ចម្រៀង លោក កែវ វាសនា ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក្នុង​ថ្ងៃ​​​បើក​សម្ពោធ​ហាង​​ជូន​ប្រពន្ធ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ពួក​គេ​ទាំង​ពីរ មិន​បាន​​បញ្ចេញ​ទូរលេខ​លំអិត​​ណា​មួយ​ឡើយ​ជុំ​វិញ​​ចំណូល​នេះ ដោយ​គ្រាន់​តែ ភាគី​ខាង​ប្ដី​​សារភាព​ភាព​ថា ប្រពន្ធលោក​រក​បាន​ច្រើន​ជាង ត្បិត​អី​​នាង​ចេះ​បង្កើត​កម្លាំង​លក់(អ្នក​ទទួល​សិទ្ធិ​ចែក​ចាយ​បន្ត​) ដែល​មក​ដល់​ពេល​នេះ ប្រពន្ធ​លោក​​មាន​អ្នក​ទទួល​លក់​បន្ត​រហូត​ដល់​រាប់​ពាន់​អ្នក​ ក្នុង​រយៈ​ពេល​​ខ្លី​ប៉ុណ្ណោះ ដែល​នេះ​គឺ​ប្រភព​ចំណូល​ធំ​បំផុត សម្រាប់​គ្រួសារ។

ដំបូង​ឡើយ ប្រពន្ធ លោក កែវ វាសនា គ្រាន់​តែ​ជា​អ្នក Live វីដេអូ លក់​ផលិត​ផល​ធម្មតា​ៗ​​នៅ​ផ្ទះ បន្ទាប់​ពី​ទំនេរ​ពី​ការងារ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ភាព​ជឿជាក់​របស់ អតិថិជន ធ្វើ​ឲ្យ​មុខ​ជំនួញ​មួយ​នេះ កាន់​តែ​ជោគជ័យ​ជា​បន្ត​បន្ទាប់ រហូត​កាល​ពី​ពេល​ថ្មីៗ​នេះ ពួក​គេ​ទាំង​ពី​បាន​សម្រេច​បើក​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​ឈ្មោះ chy chy lim co.ltd នាំ​ចូល​ផលិតផល​ពី​ក្រៅ​ប្រទេស ក្រោម​ទុន​វិនិយោគ ជិត​៣០​ម៉ឺន​ដុល្លារ​ឯណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ មុន​ថ្ងៃ​សម្ពោធ ពួក​គេ​ទាំង​ពីរ​បាន​ទិញ ​រថយន្ត​Lexus 570 ស៊េរី​2020ថ្មី​ស្រឡាង​ថែម​ទៀត​ផង និង​បាន​ទិញ​ផ្ទះ​ជា​ច្រើន​កន្លែង​ទៀត។

ជា​មួយ​នឹង​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​រក​ស៊ី​នេះ ឯកឧត្ដម ​នាយ​ឧត្ដមសេនីយ៍​ មៀច សុផាន់ណា រដ្ឋលេខា​ធិការ​ក្រសួងមហាផ្ទៃ នឹង​ជា​ប្រធាន​គណៈ​ធម្មាធិការ​ប្រយុទ្ធ ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ថ្ងៃ​​កាត់​ខ្សែបូ​សម្ពោធ​ហាង​របស់​អ្នក​ទាំង​ពីរ ក៏​បាន​សរសេរ​សើ​ចំៗ ទៅ​ភរិយា តារា​ចម្រៀង​រូប​នេះ​ដែរ។ ឯកឧត្តម​សរសើរ​ចំ​ៗ​ថា តារា​ចម្រៀង​លោក កែវ វាសនា ពិត​ជា​សំណាង​ណាស់ ចេះ​រក​បាន ប្រពន្ធ​ស្អាត ហើយ​ពូកែ​រក​ស៊ី​ថែម​ទៀត។

តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​បន្ត​លើក​ឡើង​ទៀត​ថា ដោយសារ​តែ​មុខ​ជំនួញ​របស់​ប្រពន្ធ​កាន់​តែ​ទទួល​ការ​គាំទ្រ​ខ្លាំង​ឡើងៗ លោក​មិន​អាច​ឈរ​មើល​បាន​ឡើយ ជា​មេ​គ្រួសារ​ត្រូវតែ​ចេញ​មុខ​ជួយ ដូច​ជា ការ​ចេញ​ទៅ​កម្មង់​អីវ៉ាន់​ពី​រោងចក្រ និង​ការ​សម្របសម្រួល លើ​កិច្ចការ​​ជា​ច្រើន​ទៀត។

ត្រង់​ចំណុច​នេះ កែវ វាសនា បាន​សារភាព​ថា ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​ខ្លួន​រាង​ទម្លាក់​ដៃ​បន្តិច ប៉ុន្តែ​បែប​នេះ​​ក្ដី លោក​មិន​ទម្លាក់​ចោល​ទាំង​ស្រុង​ឡើយ គឺ​លោក​នៅ​តែ​បន្ត​ការ​ច្រៀង​តាម​ខន​ស៊ីត ជា​ហូរហែ ហើយ​បទ​ចម្រៀង​ថ្មី​ក៏​កំពុងតែ​សម្រុក​ផលិត​ជា​បន្ត​បន្ទាប់​ដែរ៕

អត្ថបទ៖ ទារិកា