ចង់បានស្បែកមុខទន់រលោង ការពារស្នាមជ្រួញ គួររៀនពីតិចនិកម៉ាស្សាបែបជប៉ុន
- 2020-01-08 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានស្បែកមុខទន់រលោង ការពារស្នាមជ្រួញ គួររៀនពីតិចនិកម៉ាស្សាបែបជប៉ុន
រៀនពីក្បាច់ម៉ាស្សាមុខងាយៗ តាមជនជាតិជប៉ុន និងអនុវត្តជារៀងរាល់ថ្ងៃ ជាពិសេសមុនពេលចូលគេង ដើម្បីជួយឲ្យស្បែកមុខ កាន់តែទន់រលោងស្រស់ថ្លា កាត់បន្ថយនិងការពារស្នាមជ្រីវជ្រួញ ថែមទាំងជួយឲ្យចលនាឈាមដើរស្រួលទៀតផង។ លើសពីនេះទៅទៀត វិធីខាងក្រោមពេញនិយមខ្លាំងណាស់សម្រាប់ជនជាតិជប៉ុន ព្រោះវាមានប្រសិទ្ធភាព និងងាយស្រួលធ្វើទៀតផង។
ចំណាំ៖ មុនធ្វើការម៉ាស្សា ត្រូវលាងដៃឲ្យបានស្អាតល្អ និងគួរប្រើជាមួយប្រេងឬឡេលាបមុខជាមុនសិន ដើម្បីធ្វើឲ្យមុខទន់ងាយស្រួលម៉ាស្សា។
ជំហានដំបូងត្រូវប្រើបាតដៃទាំងពីរ ម៉ាស្សាអូសថ្នមៗពីសៀតផ្កាចុះមកដល់ត្រឹមក ធ្វើឲ្យបានបីដង។
បន្ទាប់មក ត្រូវប្រើម្រាមដៃនាងកណ្តាល សង្កត់ថ្នមបំផុត និងត្រូវម៉ាស្សាជារង្វង់ៗ ដើម្បីជួយកាត់បន្ថយស្នាមជ្រួញនៅជុំវិញរង្វង់ភ្នែក។
ជំហានបន្ទាប់ទៀត ត្រូវដាក់ដៃទាំង២ ឲ្យចំកណ្តាលថ្ងាស រួចធ្វើការអូសចុះឡើង រហូតមកដល់ផ្នែកសៀតផ្កា។ វិធីនេះជួយឲ្យឈាមរត់បានល្អ និងកាត់បន្ថយអាការៈឈឺក្បាលផងដែរ។
យកម្រាមដៃបី ដាក់ត្រង់ចង្កានិងអូសឡើងលើបបូរមាត់ ម៉ាស្សាជារង្វង់ បន្ទាប់ទាញឡើងលើត្រង់ផ្នែកខ្ទង់ច្រមុះ ដោយធ្វើការអូសចុះឡើងៗ និងត្រូវទាញចេញពីខ្ទង់ច្រមុះមកផ្នែកថ្ពាល់វិញ ជាការស្រេច។ ក្បាច់នេះអាចជួយបំបាត់ស្នាមជ្រួញ នៅបរិវេណបបូរមាត់។
ប្រើម្រាមដៃបី អូសពីផ្នែកកណ្តាលនៃចង្កា រហូតដល់ផ្នែកគល់ភ្នែកទាំងសងខាង បន្ទាប់មក ត្រូវបិទភ្នែក និងប្រើម្រាមបួន ដើម្បីម៉ាស្សាទាញពីផ្នែកថ្ពាល់ ចេញទៅដល់កន្ទុយភ្នែកវិញ។ ក្បាច់នេះដែរ អាចជួយកាត់បន្ថយស្នាមដក់ខ្មៅក្រោមភ្នែកបានយ៉ាងល្អ។
ដំណាក់កាលបន្ទាប់ទៀត ត្រូវយកដៃម្ខាងទ្រថ្ពាល់ ហើយដៃម្ខាងទៀតអូសពីក្រោមថ្គាមឡើងដល់គល់ភ្នែក ហើយត្រូវទាញចេញមកដល់សៀតផ្កា និងផ្លាស់ប្តូរធ្វើនៅផ្នែកម្ខាងទៀត។
ដាក់បាតដៃទាំងសងខាងត្រង់ថ្ពាល់ ហើយម៉ាស្សាអូសចេញមកដល់គុម្ពត្រចៀក។
ដើម្បីជួយឲ្យទម្រង់មុខនៅតឹងណែន និងរំលាយខ្លាញ់បឿ មិនគួររំលងក្បាច់ចុងក្រោយនេះខាត។ ដោយគ្រាន់តែដាក់បាតដៃទាំង២ អូសពីចង្កាឡើងទៅដល់ឆ្អឹងថ្ពាល់ជាការស្រេច។
ថ្វីត្បិតក្បាច់ខាងលើ ទាមទារឲ្យអ្នកមានភាពអត់ធ្មត់និងត្រូវការពេលវេលាយូរបន្តិច ប៉ុន្តែលទ្ធផលនឹងទទួលបានពិតៗ ប្រសិនបើអ្នកមិនបោះបង់ការអនុវត្តជាប្រចាំ៕
ចុចអានបន្ត៖ មិនចង់ពាក់ធំពេកនាំតែធ្ងន់ក ត្រឹមម៉ូដខ្សែតូចៗ ក៏ស្អាតមិនធម្មតាដែរ