បើមិនចង់ខ្មាសគេនៅតុបាយ គួរបោះចោលទម្លាប់ខុសឆ្គងទាំង ៦ នេះ

  • 2020-01-08 08:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 61

បើ​គ្រាន់​តែ​​ញ៉ាំ​អាហារ​​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ កាយ​វិការ​នៅ​តុ​បាយ​ មែន​ជា​រឿង​ធំ​ដុំ​ខ្លាំង​ដូច​ជា​ការ​ញ៉ាំ​នៅ​ខាង​ក្រៅ​ឡើយ។ ពេល​ខ្លះ​ អ្នក​អាច​នឹង​ភ្លេច​ខ្លួន បញ្ចេញ​កាយវិការ​គួរ​ឲ្យ​អាម៉ាស់​ និង​មិន​បាន​ផ្តល់​កិត្តិយស​ដល់​ម្ចាស់​ហាង​ឬ​បុគ្គលិក​ទាល់​តែ​សោះ​។ ហេតុ​នេះ​ហើយ​ យល់​ល្អ​ត្រូវ​ដឹង​ពី​ទម្លាប់​មួយ​ចំនួន​សិន ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ​ ទោះ​ជា​ញ៉ាំ​នៅ​ក្នុង​​ប្រទេស​ឬ​ក្រៅ​ប្រទេស​ក៏​ដោយ។

១. ទម្លាប់​ដាក់​សម​និង​ស្លាប​ព្រា​ឲ្យ​បាន​ត្រឹម​ត្រូវ

របស់​របរ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ពេល​ញ៉ាំ​ចំណី​អាហារ​មាន​ដូច​ជា ចាន ស្លាបព្រា សម​ ចង្កឹះ​ជា​ដើម​។ សំខាន់​ជាង​នេះ​ទៅ​ទៀត ការ​ដាក់​សម​និង​សា្លប​ព្រា​ នៅ​លើ​ចាន​បាយ​បន្ទាប់​​ពី​ញ៉ាំ​រួច ពិត​ជា​មាន​ស្តង់ដារ​ត្រឹម​ត្រូវ​ ដែល​បាន​ទទួល​ស្គាល់​ពេញ​​សកលលោក។ ឧទាហរណ៍​ដូច​ជា​ពេល​ដែល​អ្នក​ញ៉ាំ​អស់ ​ហើយ​​គិត​ថា​ម្ហូប​នោះ​ឆ្ងាញ់​ តែ​ចៃដន្យ​បែរ​ជា​ច្រឡំ​​ដាក់​កាំបិត​សៀត​ចូល​ទៅ​ក្នុង​សម ឬ​ដាក់​ដាក់​សម​ខ្វែង​គ្នា​ជាមួយ​​នឹង​ស្លាប​ព្រា ជា​ហេតុ​នាំ​ឲ្យ​បុគ្គលិក​ឬ​ម្ចាស់​ហាង យល់​ថា​ម្ហូប​របស់​ពួក​គេ​មិន​ឆ្ងាញ់​ ឬ​មាន​ចំណុច​ខ្វះ​ខាត​អ្វី​មួយ​ដែល​អ្នក​មិន​ពេញ​ចិត្ត។ ម្ល៉ោះ​ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ បើ​អ្នក​ចង់​សរសើរ​ដល់​ស្នាដៃ​របស់​គេ គួរ​ដាក់​សម​ ស្លាប​ព្រា​ ឬ​កាំបិត​ឲ្យ​ស្រប​គ្នា​។

២. ចាក់​ទឹក​ជ្រលក់​មិន​បាន​ត្រឹម​ត្រូវ

ការ​ញ៉ាំ​ Sushi ដែល​ជា​ម្ហូប​ជប៉ុន​ ពិត​ជា​​ពេញ​និយម​​​​ខ្លាំង​ណាស់​ គ្រាន់​តែ​ពេល​ខ្លះ មនុស្ស​មួយ​ចំនួន​​មិន​បាន​ញ៉ាំ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ធ្វើ​ឲ្យ​បាត់​​បង់​រសជាតិ​ដើម​។ ប្រសិន​បើ​អ្នក​ញ៉ាំ Shushi ដោយ​ជ្រលក់​ទឹក​ស៊ីអ៊ីវ​ច្រើន​កប់​ខ្លាំង​ពេក មើល​ទៅ​ពិត​ជា​ខុស​​ស្តង់​ដារ​ខ្លាំង​ណាស់​ ព្រោះ​ជា​ទូទៅ​គេ​ជ្រលក់​តិច​ៗល្មម បន្ទាប់​មក​ត្រូវ​លេប​ឲ្យ​អស់​ ហើយ​​គួរ​​ញ៉ាំ​បន្លែ​​ដែល​គេ​ដាក់​ឲ្យ​បន្តិច​សិន​​ ​ដើម្បី​លាង​មាត់ និង​​បន្ត​​ចូល​ដល់​ដុំ Shushi មួយ​ទៀត។

៣. ជូត​សម្អាត​តុ​ដោយ​ខ្លួន​ឯង

ហាង​មួយ​ចំនួន មិន​សូវ​មាន​អនាម័យ ទើប​ធ្វើ​ឲ្យ​អ្នក​ចង់​ជូត​សម្អាត​បន្ថែម​ដោយ​ខ្លួន​ឯង។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​ហាង​ធំៗ​ទំនើប​​ ការ​ធ្វើ​បែប​នេះ អាច​នាំ​បញ្ហា​ដល់​បុគ្គលិក​បាន​។ ដោយ​សារ​ការ​ជូត​សម្អាត ត្រូវ​មាន​ក្បួន​ខ្នាត​ជាក់​លាក់ ពុំ​ដូច្នោះ​​ទេ មេរោគ​និង​បាក់តេរី​ នឹង​អាច​កាន់​តែ​សាយភាយ​ពេញ​តុ​តែ​ម្តង។ បើ​សង្កេត​ឃើញ​ថា តុ​ដែល​អ្នក​អង្គុយ​​គ្មាន​អនាម័យ​គ្រប់គ្រាន់​ គួរ​ហៅ​បុគ្គលិក​មក​​សម្អាត​​វិញ​ ទើប​មិន​នាំ​​បញ្ហា​ដល់​ពួក​គេ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​ អាច​បម្រើ​សេវាកម្ម​​ពេញ​លេញ​សម្រាប់​អ្នក​។

៤. កុម្ម៉ង់​ម្ហូប​ដែល​គ្មាន​ក្នុង​មី​នុយ

ហាង​ខ្លះ​ អាច​ធ្វើ​តាម​អ្វី្​ដែល​អ្នក​ចង់​ញ៉ាំ​បាន​​ គ្រាន់​តែ​ការ​កុម្ម៉ង់​​ហៅ​ម្ហូប​ដែល​គ្មាន​ក្នុង​សៀវភៅ អាច​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ ពិបាក​ក្នុង​ការ​ត្រៀម​គ្រឿង​ផ្សំ​និង​តម្លៃ​ឲ្យ​បាន​សម​រម្យ។ ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​ភាព​ស្មុគស្មាញ​ច្រើន​ដល់​ខ្លួន​ឯង​និង​​អ្នក​ដទៃ​ ថែម​ទាំង​អាច​សន្សំ​សំចៃ​ពេលវេលា​​និង​​លុយ​កាក់​ទៀត គួរ​ហៅ​មុខ​ម្ហូប​ណា​ដែល​មាន​ដាក់​​ក្នុង​មីនុយ​ទៅ​បាន​ហើយ​។

៥. ញ៉ាំ​លឿន​ខ្លាំង​ពេក

ច្បាប់​​គួរ​សម​មួយ​នៅ​តុ​បាយ ដែល​​មិន​​ត្រូវ​ភ្លេច គឺ​អ្នក​អាច​ចាប់​ផ្តើម​ញ៉ាំ​បាន​ បន្ទាប់​ពី​អ្នក​​រួម​តុ​ជាមួយ​ បាន​ទទួល​អាហារ​គ្រប់​ៗ​គ្នា​។ ជាពិសេស​ មិន​ត្រូវ​ញ៉ាំ​លឿន​ទាន់​ហន់​ពេក​ទេ ស្រប​ពេល​ដែល​អ្នក​ផ្សេង​ញ៉ាំ​មិន​ទាន់​អស់​ពាក់​កណ្តាល​ផង ព្រោះ​វា​ជា​កាយ​វិការ​មិន​សមរម្យ និង​​ចៀស​វាង​​អ្នក​ដទៃ​​មើល​មក​អ្នក​ថា​ឃ្លាន​ដាច់​ពោះ​។

៦. វេច​ខ្ចប់​​អាហារ​ដែល​នៅ​សល់​យក​ទៅ​ផ្ទះ

ការ​ញ៉ាំ​ម្ហូប​​ឲ្យ​នៅ​សេសសល់​​លើ​តុ ជា​រឿង​ដែល​​ខ្ជះខ្ជាយ​បំផុត​ ប៉ុន្តែ​យ៉ាង​ណា​​​ក៏​មិន​គួរ​វេច​ខ្ចប់​យក​ទៅ​ផ្ទះ​វិញ​ដែរ។ យល់​ល្អ​​គួរ​កុម្ម៉ង់​ក្នុង​បរិមាណ​សម​ល្មម​សម្រាប់​ខ្លួន​ឯង ទើប​មិន​ខាត​បង់​លុយ ហើយ​ក៏​ពុំ​ចាំ​បាច់​ពិបាក​ក្នុង​ការ​វេច​របស់​សល់​ដែរ៕

ចុចអានបន្ត៖ មន្តស្នេហ៍ ៤យ៉ាង ដែលនារីគួរឲ្យស្រលាញ់រាប់អាន តែងយកតាមខ្លួនជានិច្ច

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី