គន្លឹះ​នៃ​ការ​ថែរក្សា​ស្បែក​មុខ​ ៦​យ៉ាង​ ដែល​អ្នក​ជំនាញ​ផ្នែក​​សើរ​ស្បែក​ប្រកាន់​ខ្ជាប់​ជា​ប្រចាំ

  • 2019-12-20 08:40:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 110

ការ​ថែរក្សា​សម្រស់​គឺ​ជា​រឿង​ដែល​ចាំ​បាច់​សម្រាប់​នារី​គ្រប់​រូប តែ​ពេល​ខ្លះ​ពិបាក​ត្រង់​ថា​មិន​ដឹង​អនុវត្ត​តាម​វិធី​ណា​ទើប​សុវត្ថិភាព និង​ទទួល​បាន​នូវ​ប្រសិទ្ធភាព​។ លោក​ស្រី Sam Bunting ដែល​ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​សើរស្បែក បាន​បង្ហើប​ប្រាប់​ពី​គន្លឹះ​នៃ​ការ​វិធី​ថែរក្សា​ផ្ទៃ​មុខ​​ដោយ​ផ្ទាល់។ សម្រាប់​អ្នក​ដែល​ចង់​​បាន​ស្បែក​មុខ​ភ្លឺ​ថ្លា និង ចៀស​ផុត​ពី​បញ្ហា​ស្បែក​មុខ​នានា គួរ​អនុវត្ត​នូវ​គន្លឹះ​​ថែរក្សា​សម្រស់​ខាង​ក្រោម៖

១. កុំ​រំលង​ការ​លាង​សម្អាត​មុខ​ពេល​យប់​ឱ្យ​សោះ

រូបតំណាង

ការ​លាង​សម្អាត​ផ្ទៃ​មុខ​នៅ​ពេល​យប់​គឺ​ជា​រឿង​ចាំ​បាច់​បំផុត ពី​ព្រោះ​វា​ជួយ​លាង​សម្អាត​នូវ​គ្រឿង​សម្អាង​ ធូលី​ដី ឬ ផ្សែង​នានា​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ​ចេញ​ឱ្យ​អស់។ ជា​ធម្មតា អ្នក​គួរ​លាង​សម្អាត​មុខ​ ២​ដង ក្នុង​១​ថ្ងៃ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ស្បែក​ស្ងួត គាត់​អាច​រំលង​ការ​លាង​មុខ​នឹង​សាប៊ូ​នៅ​ពេល​ព្រឹក​បាន គឺ​លាង​តែ​ជាមួយ​ទឹក​ធម្មតា។ យ៉ាង​ណា​មិញ សម្រាប់​ពេល​យប់​គឺ​ត្រូវ​លាង​សម្អាត​គ្រប់​គ្នា​តែ​ម្តង។

២. ការពារ​​ផ្ទៃ​មុខ​ពី​ការ​​ទទួល​រង​​កម្តៅ​ថ្ងៃ

រូបតំណាង

ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​គឺ​ជា​រឿង​ដែល​មិន​គួរ​រំលង​ផង​ដែរ។ អ្នក​គប្បី​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ ព្រោះ​ជួយ​ការពារ​ស្បែក​ពី​កម្តៅ​ព្រះអាទិត្យ​ដែល​អាច​ធ្វើ​ឱ្យ​មុខ​ឡើង​ក្រហម រោល ស្មាម​អុជ​ខ្មៅ ឬ កើត​មុន​ជាដើម។

៣. កុំ​ប៉ះ​ពាល់​មុន​នៅ​លើ​មុខ

រូបតំណាង

ថ្វី​ដ្បិតតែ​វា​លំបាក​បន្តិច​មែន តែ​អ្នក​មិន​គួរ​​ប៉ះ​ពាល់ ឬ ញិច​មុន​នៅ​លើ​ផ្ទៃ​មុខ​ឡើយ។ ការ​ញិច​មុន​ដោយ​ខ្លួន​ឯង​អាច​ផ្តល់​ផល​វិបាក​ដូច​ជា​បង្ក​ស្លាក​ស្នាម​មិន​ងាយ​បាត់​ជាដើម​ ព្រោះ​ញិច​ខុស​ពេល ឬ តាម​វិធី​ដែល​មិន​ត្រឹម​ត្រូវ​តាម​ជំនាញ។

​៤. ប្រើ​ផលិត​ផល​​ដែល​មាន​ រេទីណុល (Retinol)

រូបតំណាង

រេទីណុល​ ត្រូវ​បាន​ផលិត​ចេញ​ពី​ធាតុ​ផ្សំ​ដែល​មាន​វីតាមីនA វា​មាន​តួនាទី​ជួយ​ទប់​ស្កាត់​ភាព​ជ្រីវ​ជ្រួញ និង ការពារ​ការ​ឡើង​មុន។ ដូចនេះ អ្នក​គួរ​ប្រើ​ផលិតផល​ណា​ដែល​មាន​ជាតិ រេទីណុល មិន​ថា​នៅ​តំបន់​មាន​អាកាសធាតុ​បែប​ណា ព្រោះ​វា​មាន​អត្ថ​ប្រយោជន៍​សម្រាប់​ស្បែក​មុខ។

៥. កុំ​គេង​ផ្អៀង

រូបតំណាង

ទម្លាប់​នៃ​ការ​គេង​របស់​អ្នក​ក៏​សំខាន់​ដែរ​ក្នុង​ការ​រក្សា​នូវ​ទម្រង់​មុខ​ឱ្យ​បាន​ស្អាត។ ការ​គេង​ផ្អៀង​ អាច​ធ្វើ​ឱ្យ​សាច់​ដុំ​មុខ​ទទួល​រង​នូវ​សម្ពាធ​ពេញ​មួយ​យប់ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ និង អាច​ធ្វើ​ឱ្យ​ទម្រង់​មុខ​របស់​អ្នក​មាន​សភាព​មិន​ស្មើរ​គ្នា​ជាដើម។ វិធី​នេះ​អាច​ពិបាក​បន្តិច តែ​វា​នឹង​ផ្តល់​ផល​ល្អ​ដល់​ផ្ទៃ​មុខ​របស់​អ្នក​នៅ​ថ្ងៃ​ក្រោយ បើ​មិន​ជា​អ្នក​អាច​រៀន​ទម្លាប់​គេង​បែរ​មុខ​ទៅ​ខាង​លើ​បាន។

៦. បរិភោគ​តែ​ជាតិ​ខ្លាញ់​ល្អ​ប៉ុណ្នោះ

រូបតំណាង

ជាតិ​ខ្លាញ់​ល្អ​ដែល​លោក​ស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ គឺ​សំដៅ​ទៅ​លើ​ជាតិ​អូម៉េហ្គា៣ ដែល​មាន​នៅ​ក្នុង​ត្រី គ្រាប់​ធញ្ញជាតិ និង ផ្លែ​បឺរ​ជាដើម។ ជាតិ​ខ្លាញ់​ល្អ​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង ភ្លឺ​ថ្លា។ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត អ្នក​គួរ​ទម្លាប់​ទទួល​ទាន​អាហារ​ដែល​ល្អ​សម្រាប់​ស្បែក​ ព្រោះ​ស្បែក​ស្ងួត​អាច​ងាយ​ទទួល​រង​បញ្ហា ដូចជា​ស្បែក​ជ្រីវ​ជ្រួញ និង ប្រេះ​ស្រកា ផង​ដែរ៕

រូបតំណាង
រូបតំណាង

អានបន្ត៖ វិធី​ ៣​យ៉ាង ដែល​មាន​ប្រសិទ្ធភាព​ កម្ចាត់​ស្នាម​ខ្មៅ​​ដក់​ក្រោម​ភ្នែក​ខ្ទេច​គ្មាន​សល់

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang