មនុស្សប្រុសល្អពេក មនុស្សស្រីបែរជាមិនសូវចាប់អារម្មណ៍ មែនឬមិនមែន?
- 2019-12-19 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសល្អពេក មនុស្សស្រីបែរជាមិនសូវចាប់អារម្មណ៍ មែនឬមិនមែន?
មានដែលមានចិត្តឆ្ងល់ដែរទេថា ហេតុអ្វីបានជានារីមួយចំនួនសុខចិត្តស្រលាញ់មនុស្សដែលមិនអើពើនឹងខ្លួន ហើយ មើលរំលងមនុស្សល្អដែលនៅនឹងមុខទៅវិញ? មនុស្សប្រុសមួយចំនួនតែងនិយាយថា នារីចូលចិត្តបុរសដែលរៀងខូចហើយខិលបន្តិច នាងមិនងាយចាប់អារម្មណ៍ទេមនុស្សប្រុសដែលសុភាពរម្យទម ឬ ល្អពេកនោះ។ ជាក់ស្តែង វាមិនមែនការគិតរបស់ពួកគេឡើយ។
នារីក៏មានការគិតផ្សេងគ្នា ហើយបុរសក្នុងក្តីស្រមៃរបស់ពួកគេក៏មានលក្ខណៈសម្បត្តិផ្សេងគ្នាដែរ។ អ្នកខ្លះចូលចិត្ត បុរសមិនសូវនិយាយស្តី សុភាព រម្យទម និង មិនហួងហែងច្រើន ឯ អ្នកខ្លះទៀតគាត់ពេញចិត្តមនុស្សប្រុសដែលចូលចិត្តនិយាយលេងសើច ចេះបង្កើតបរិយាកាសល្អៗពេលនៅជាមួយគ្នា ហើយ ចេះយកចិត្តទុកដាក់ និង ខ្វល់ខ្វាយពីនាងជាដើម។
យ៉ាងណាមិញ ពេលខ្លះ នារីមើលឃើញថាបុរសម្នាក់នោះគឺល្អហើយព្រោះពីដំបូងគេខិតខំយកចិត្តខ្លាំងណាស់ តែពេលនាងមានចិត្តស្រឡាញ់ដែរ ស្រាប់តែផ្លាស់ប្តូរអត្តចរិតតែម្តង ហើយបែរជាមិនសូវរវល់នឹងនាង តែងចេញទៅក្រៅផឹកស៊ី ទុកនាងចោល ឬ អាចឈានដល់ការលួចលាក់នឹងអ្នកថ្មីទៀតផង។ ដូចនេះ នាងមានតែទ្រាំសិនមិនចង់បាត់បង់មនុស្សដែលខ្លួនស្រឡាញ់នោះទេ តែវាក៏មិនមែនមានន័យថានាងចូលចិត្តមនុស្សប្រុសបែបនោះឡើយ។ ការអត់ធ្មត់គឺមានកំណត់ មិនយូរមិនឆាប់ នាងគង់ចាកចេញពីអ្នកដែលមិនអើពើនឹងនាង។
នារីណាក៏ប្រាថ្នាចង់បានមនុស្សដែលចេះស្រឡាញ់ថ្នាក់ថ្នមនាងដែរ តែបើនាងធ្លាប់ឆ្លងកាត់នូវបទពិសោធន៍មិនល្អជាមួយអ្នកចាស់ ឬ តែងជួបនូវបុរសដែលធ្វើល្អបានតែដំបូងនោះ ការគិតរបស់នាងនឹងចាប់ផ្តើមផ្លាស់ប្តូរជាមិនខាន។ នាងនឹងមានការចងចាំមួយថា បុរសដែលមកធ្វើល្អខ្លាំងពីដំបូង ថ្នាក់ថ្នមនាង យកចិត្តនាង ខ្វល់ខ្វាយពីនាងនោះ គឺប្រាកដជាបានតែពីដំបូងតែប៉ុណ្ណោះ ពេលនាងចាប់ផ្តើមមានចិត្តស្រឡាញ់ គេនឹងផ្លាស់ប្តូរចរិតដូចអ្នកមុនៗដែរ។ បទពិសោធន៍មិនល្អទាំងអស់នោះហើយដែលបានបង្រៀនឱ្យនាងខ្លាចនូវបុរសដែលមកធ្វើល្អដាក់ខ្លួន គឺមិនមែនមកពីនាងមិនចាប់អារម្មណ៍នឹងមនុស្សល្អនោះទេ ប៉ុន្តែគឺមកពីនាងខ្លួនឯងខ្លាចទៅវិញទេ។
ដូច្នេះ ទោះពេលខ្លះនាងបានជួបនឹងបុរសល្អដែលស្រឡាញ់នាងពិត តែនាងបែរជាខ្លាចរហូតមើលរំលងគេជាដើម។ យ៉ាងណាមិញ នេះបញ្ចាក់ឱ្យឃើញថា មិនមែនមកពីនាងមិនចាប់អារម្មណ៍នោះទេ គឺខ្វះភាពក្លាហាន និង ការជឿទុកចិត្ត។ ចំពោះបុរសៗ ក៏ដូចគ្នា បើមាននារីដែលស្រឡាញ់យកចិត្តទុកដាក់នឹងអ្នកហើយ ត្រូវថែរក្សានាងឱ្យបានល្អ និង បន្តធ្វើល្អដាក់នាងតទៅមុខរហូត មិនមែនល្អតែពីដំបូងនោះទេ ធ្វើបែបនោះ នារីៗនឹងអាចកសាងទំនុកចិត្តឡើងវិញដើម្បីបើកចិត្ត និង ទទួលយកនូវមនុស្សប្រុសល្អៗដែលនៅចំពោះមុខខ្លួន៕
អានបន្ត៖ សាមញ្ញៗ ៥យ៉ាង បុរសតែងធ្វើដោយមិនដឹងខ្លួន តែនារីគិតថាទាក់ទាញ