ទាល់​តែ​មាន​ Password​​ គ្នា​ទើប​បញ្ចាក់​ថា​ស្រឡាញ់​គ្នា​ពិត?

  • 2019-12-17 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​គូ​ស្នេហា​ច្រើន​ណាស់​ដែល​ពេល​ស្រឡាញ់​គ្នា​ តែង​មិន​ទុក​ចិត្ត​ដៃគូ​របស់​ខ្លួន ហើយ​ទាមទារ​ស្គាល់​នូវ​ Password ទូរសព្ទ ឬ Password ហ្វេសប៊ុក​គ្នា។ ពួក​គេ​គិត​ថា ការ​ធ្វើ​បែប​នេះ​គឺ​មាន​ន័យ​ថា ដៃគូ​របស់​ខ្លួន​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​ខ្លួន​។ តើ​ការ​ដែល​ស្គាល់ Password គ្នា​ពិត​ជា​បង្ហាញ​ថា​គូ​ស្នេហា​១​គូ​នោះ​ស្រឡាញ់​គ្នា​ពិត​ឬ?

រូបតំណាង

មិន​ថា​ភាគី​ជា​បុរស ឬ នារី ភាគច្រើន​មាន​ចិត្ត​ចង់​ស្គាល់​Password របស់​ដៃគូ​របស់​ខ្លួន​ ដោយ​គេ​យល់​ថា​ ពេល​ស្គាល់ Password ទៅ ពួក​គេ​អាច​ចូល​ឆែក​មើល​អ្វី​គ្រប់​យ៉ាង​ដែល​នៅ​ក្នុង​ទូរសព្ទ ឬ គណនី​ហ្វេសប៊ុក​របស់​ដៃ​គូ​ខ្លួន​ ដោយ​មិន​មាន​ការ​លាក់បាំង​នឹង​គ្នា។ មិន​មែន​ជា​ការ​គិត​អវិជ្ជមាន​ទៅ​លើ​បុគ្គល​ណា​ម្នាក់​នោះ​ទេ​ តែ​បើ​អ្នក​ពិចារណា​ឱ្យ​ច្បាស់​ទៅ​ វា​មាន​ហេតុផល​ច្រើន​ដែល​ការ​ផ្លាស់​ប្តូរ​នូវ Password គ្នា​នេះ​គឺ មិន​បាន​បញ្ចាក់​ពី​ការ​ស្រឡាញ់​ពិត ឬ មិន​ពិត​អ្វី​នោះ​ទេ​ រួមមាន៖

រូបតំណាង

- គេ​ប្រាប់​Password នោះ​ ព្រោះ​បំពេញ​បំណង​អ្នក​ប៉ុណ្ណោះ ៖ សម្រាប់​អ្នក​គឺ​ពេញ​ចិត្ត តែ​សម្រាប់​គេ​គឺ​គេ​មាន​សំពាធ​ក៏​ថា​បាន​។​ មិន​មែន​ឱ្យ​តែ​គេ​ឱ្យ មាន​ន័យ​ថា​គេ​ពេញ​ចិត្ត​នោះ​ទេ គេ​អាច​គ្រាន់​តែ​ឱ្យ​ដើម្បី​បំពេញ​ការ​ទាមទារ​របស់​អ្នក​ប៉ុណ្ណោះ។​ ដូចនេះ វា​មិន​បាន​បញ្ចាក់​អ្វី​នោះ​ទេ។

- គេ​អាច​លុប​រឿង​រ៉ាវ ឬ អ្វីៗ​ដែល​មិន​ចង់ឱ្យ​អ្នក​ឃើញ៖ អ្នក​អាច​គិត​ថា ការ​​មាន​ Password គេ ហាក់​បីដូច​មាន​អ្វី​គ្រប់​យ៉ាង ហើយ អាចដឹង​រឿង​ទាំង​អស់​បាន​ តែ​អ្នក​គួរ​ដឹង​ថា​អ្នក​មិន​មែន​នៅ​ជា​មួយ​គ្នា​ ២៤ ម៉ោង​នោះ​ទេ។ ដូចនេះ បើ​សិន​ជា​គេ​មិន​ចង់​ឱ្យ​អ្នក​ឃើញ​រឿង​អ្វី​នោះ គេ​នៅ​តែ​អាច​លុប​ចោល​បាន​។

- គេ​អាច​លាក់បាំង​នូវ​បណ្តាញ​សង្គម​ផ្សេង ឬ នៅ​ក្រៅ​តែ​ម្តង៖ មនុស្ស​បើ​ចង់​កុហក​ឬ​លាក់ គេ​អាច​រក​គ្រប់​វិធី​ធ្វើ​ទាល់​តែ​បាន​។ ជាក់​ស្តែង ឧបមាថា អ្នក​មាន​គណនី​ហ្វេសប៊ុក​របស់​គេ ដូចនេះ បើ​គេ​ពិត​ជា​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​មួយ​មិនឱ្យ​អ្នក​ដឹង គេ​អាច​ប្រើ​ប្រាស់​នូវ​បណ្តាញ​សង្គម​ផ្សេង​ដូច Instagram; Telegram; Viber ឬ Line ជាដើម។

រូបតំណាង

ជាក់​ស្តែង ក៏​មិន​មែន​មាន​ន័យ​ថា អ្នក​ដែល​ឱ្យ Password គ្នា​សុទ្ធ​តែ​មាន​គំនិត​បែប​នេះ​ទេ អ្នក​ខ្លះ​គេ​ចង់​បង្ហាញ​តាម​វិធី​ហ្នឹង​ពិត​មែន។ តែ​ហេតុផល​ដែល​លើក​ឡើង​គឺ ចង់​បញ្ចាក់​ថា​ បើ​មនុស្ស​ម្នាក់​បំរុង​នឹង​មាន​ចិត្ត​មិន​ស្មោះត្រង់ គេ​អាច​រក​គ្រប់​វិធី​ទាំង​អស់ មិន​មែន​គ្រាន់​តែ​រឿង​ស្គាល់​Password ប៉ុណ្ណឹង​អាច​ឃាត់​ឃាំង​ចិត្ត​គេ​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត ចង់​បញ្ចាក់​ថា បើ​ដៃគូ​របស់​អ្នក​មិន​ព្រម​ឱ្យ​ Password ក៏​មិន​មែន​មាន​ន័យ​ថា​គេ​មាន​អ្វី​លាក់​បាំង​នោះ​ដែរ គឺ​គេ​គ្រាន់​ចង់​ស្រឡាញ់​គ្នា​ដោយ​មាន​សេរីភាព​រៀង​ខ្លួន​ មិន​ចង់​មាន​អារម្មណ៍​ដូច​គេ​តាម​ដាន​គ្រប់​សកម្មភាព​នោះ​ទេ។

រូបតំណាង

គួរ​ចាំ​ថា អ្នក​មិន​អាច​ចង​ចិត្ត​អ្នក​ដែល​ចង់​លាក់​បាន​នោះ​ទេ។​ កាល​បើ​អ្នក​កាន់​តែ​តាម គេ​កាន់​តែ​រក​វិធី​ថ្មី​។ ដូចនេះ បើ​ស្រឡាញ់​គ្នា​ពិត កុំ​ហួងហែង​ខ្លាំង​ជ្រុល ត្រូវ​ផ្តល់​សេរីភាព និង​ ពេលវេលា​ឱ្យ​គ្នា​ឱ្យ​បាន​គ្រប់​គ្រាន់ នោះ​ជា​ការ​ល្អ៕​​​​

​ អានបន្ត៖ គ្មាន​នរណា​ម្នាក់​ចង់​បែក​បាក់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ទេ លុះ​ត្រា​តែ​អស់​ទ្រាំ

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម