អ្នកធ្លាប់ត្រូវបាននរណាម្នាក់រង់ចាំ ទាំងគេដឹងថា គ្មានសង្ឃឹមហើយឬនៅ?
- 2019-12-16 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្លាប់ត្រូវបាននរណាម្នាក់រង់ចាំ ទាំងគេដឹងថា គ្មានសង្ឃឹមហើយឬនៅ?
អ្នកដែលថាស្រលាញ់អ្នក មិនប្រាកដថាមានមនោសញ្ចេតនាជ្រាលជ្រៅ ប៉ុន្តែមនុស្សដែលអាចរង់ចាំអ្នក មានន័យថាគេស្រលាញ់អ្នកខ្លាំងណាស់។
រង់ចាំនៅទីនេះមានន័យថា នៅពេលដែលអ្នកប្រាប់គេថាអ្នកមិនទាន់ទទួលយកគេបាន គេនៅតែអត់ធ្មត់រង់ចាំអ្នក បារម្ភពីអ្នក។ ចាំដល់ថ្ងៃមួយ របួសផ្លូវចិត្តរបស់យើងជាសះស្បើយ ដំបៅលែងមាន ដើម្បីបើកចិត្តទទួលយករូបគេ។
រង់ចាំនៅទីនេះមានន័យថា ត្រូវយើងបដិសេធមនោសញ្ចេតនា គេនៅតែបន្តផ្ដល់ឲ្យនូវអ្វីដែលគេមាន មិនតវ៉ា ទាំងមិនទទួលមកវិញនូវអ្វីទាំងអស់។ មានតែសម្ងំមើលថែទាំយើង ទាំងយើងមិនឲ្យឋានៈគេជាអ្វីទាំងអស់។ ចាំដល់ថ្ងៃមួយ យើងចាប់ផ្ដើមមានចិត្តលើគេ ទោះកំឡុងពេលចាំនេះ គេបានត្រឹមឃើញរូបយើងតាមអេក្រង់ទូរសព្ទក៏ដោយ។
រង់ចាំដល់ថ្ងៃមួយ យើងប្រាប់គេថា មិនអាចទទួលយកគេ យើងធុញនឹងទង្វើរបស់គេ។ ប៉ុណ្ណឺងហើយ គេនៅតែមិនអាចកាត់ផ្ដាច់មនោសញ្ចេតនាដែលមានចំពោះយើង។ និយាយមកដល់ត្រឹមនេះ អ្នកធ្លាប់មានអ្នកណារង់ចាំហើយ ឬនៅ? គេរង់ចាំ ទាំងពេលដែលយើងប្រាប់គេថា…កុំចាំទៀត គ្មានប្រយោជន៍ទេ។
ជីវិតមួយនេះគឺខ្លីខ្លាំងណាស់ កុំទុកឲ្យនរណារង់ចាំយើងទាំងគ្មានសង្ឃឹម ហើយយើងក៏កុំរង់ចាំគេដូចគ្នា ទាំងដឹងថាគ្មានលទ្ធផល។ មនុស្សដែលយើងកំពុងស្ថិតក្នុងចំណងជាមួយ អាចនិយាយថា ស្រលាញ់យើង តែយើងវាស់ជំរៅចិត្តគេមិនបានឡើយ។ តែអ្នកដែលហ៊ានលះបង់ដើម្បីរង់ចាំយើងនោះ មានន័យថា យើងមានតម្លៃខ្លាំងណាស់ក្នុងកែវភ្នែកគេ។ ព្រោះអារម្មណ៍រង់ចាំដែលមិនដឹងថាថ្ងៃណានឹងដល់ គឺពិបាកទទួលយកខ្លាំងណាស់៕
អានបន្ត៖ ធ្លាប់ទេ? រកឃើញមនុស្សដែលស័ក្ដិសមហើយ តែពេលវេលាបែរជាមិនសមទៅវិញ