ពាក្យ​កុហក​ទាំង​១០ ដ៏ពេញនិយមបំផុត ហើយទៅ​ណា​មក​ណា​តែង​តែ​ឮ

  • 2019-12-06 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​កុហក​នោះ​ទេ ហើយ​ពេល​ខ្លះ​យើង​ជ្រើស​រើស​ការ​កុហក​ទៅ​តាម​កាលៈទេសៈ ។ យ៉ាង​ណា​មិញ គ្រប់​គ្នា​ប្រហែល​ជា​ធ្លាប់​បាន​ឮ​ ឬ ប្រើ​ពាក្យ​ទាំង​នេះ ដើម្បី​គ្រប់​គ្រង​ស្ថានការ​ផ្សេងៗ​គ្នា៖

រូបតំណាង

១. “ខ្ញុំ​ចេញ​ហើយ កំពុង​នៅ​តាម​ផ្លូវ" ៖ មនុស្ស​ភាគ​ច្រើន​ចូល​ចិត្ត​កុហក​ថា​ខ្លួន​កំពុង​នៅ​តាម​ផ្លូវ​ហើយ ស្រប​ពេល​ដែល​ខ្លួន​មិន​ទាន់​ទាំង​ចេញ​ពី​ផ្ទះ​ផង ព្រោះ​ខ្លាច​អ្នក​ដែល​គេ​កំពុង​ចាំ​ខឹង។

២. “ខ្ញុំ​អត់​ស្រវឹង​ទេ អ្នក​ណា​ថា​ខ្ញុំ​ស្រវឹង" ៖ អ្នក​ផឹក​ស្រវឹង​ភាគច្រើន​មិន​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ស្រវឹង​ឡើយ ថែម​ទាំង​មិន​ចូលចិត្ត​ពេល​គេ​ថា​ខ្លួន​ស្រវឹង​ទៀត​ផង។

៣. “បង​អត់​ដែល​ស្គាល់​នាង​ទេ" ៖ នេះ​ជា​ឃ្លា​ដែល​បុរស​ចូលចិត្ត​ដោះសារ​ ឱ្យ​តែ​សួរ​ពី​ទំនាក់ទំនង​ជាមួយ​នារី​ណា​ម្នាក់ ភាគ​ច្រើន​តែង​ឆ្លើយ​ថា​មិន​ដែល​ស្គាល់​គ្នា។

៤. “ខ្ញុំ​បែក​គ្នា​ជាមួយ​សង្សា​មែន​ទែន​ហើយ​លើក​នេះ" ៖ មួយ​ឃ្លា​នេះ​គឺ​ថា ស្តាប់​ឡើង​ចង់​ភ្លេច​ទៅ​វិញ​ហើយ។ ជាពិសេស ពេល​មិត្តភក្តិ​របស់​អ្នក​និយាយ​ប្រាប់​ថា គេ​បែក​គ្នា​មែន​ទែន​ហើយ​លើក​នេះ វា​ច្បាស់​ណាស់​ថា​ជា​ពាក្យ​កុហក​ ហើយ ​គេនិយាយ​ទៅ​តាម​អារម្មណ៍​ប៉ុណ្ណោះ តែ​អ្នក​ទ្រាំ​ជឿ​សិន ព្រោះ​ដឹង​ថា​គេ​គង់​តែ​ត្រូវ​គ្នា​វិញ​ឆាប់ៗ។

រូបតំណាង

៥. “ខ្ញុំ​ស្រឡាញ់​អ្នក​" ៖ ពាក្យ​៣​ម៉ាត់​ដែល​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​បំផុត​ បែរ​ក្លាយ​ជា​ពាក្យ​ដែល​មនុស្ស​មួយ​ចំនួន​និយាយ​ឱ្យ​តែ​ផុត​ពី​មាត់​ទៅ​វិញ គេ​ចូលចិត្ត​ប្រើ​ជា​ញឹកញាប់ ​តែ​មិន​ដែល​បញ្ចេញ​នូវ​ កាយវិការ​ណា​គួរ​ឱ្យ​ជឿ​ទៅ​វិញ។

៦. អាយុ ៖ មនុស្ស​ភាគ​ច្រើន​មិន​សូវ​មាន​អារម្មណ៍​ល្អ​នោះ​ទេ ពេល​គេ​សួរ​នាំ​ពី​អាយុ​របស់​ខ្លួន ហើយ​ ច្រើន​មិន​សូវ​ប្រាប់​ពី​អាយុ​ពិត ព្រោះ​គិត​ថា​ខ្មាស់​គេ​ជាដើម។

៧. ប្រាក់​ខែ ៖ ប្រាក់​ខែ​គឺ​ជា​ប្រធានបទ​ដែល​អ្នក​ធ្វើការ​ទូទៅ​មិន​ចង់​និយាយ ព្រោះ​ជា​រឿង​សម្ងាត់​របស់​គេ។ ដូចនេះ ភាគ​ច្រើន​គេ​តែង​សូម​មិន​និយាយ ឬ ប្រាប់​មិន​ឱ្យ​ចំ​ចំនួន​ច្បាស់លាស់។

៨. “ស្បថ​ថា ឈប់​ផឹក​ហើយ" ៖ អ្នក​ច្បាស់​ជា​ធ្លាប់​ឭ​ពាក្យ​នេះ​ហើយ ហើយ​ក៏​ដឹង​ថា​ជា​ពាក្យ​មិន​អាច​ជឿ​បាន​នោះ​ដែរ។ មួយ​ឃ្លា​នេះ គឺ​គ្រាន់​និយាយ​តាម​អារម្មណ៍​មួយ​ភ្លែត​របស់​គេ​តែ​ប៉ុណ្ណោះ មិន​បាន​ប៉ុន្មាន​ផង គេ​ទៅ​ផឹក​ដដែល៕

រូបតំណាង

៩. “ចាំ​បន្តិច​ទៀត​ខ្ញុំ​តេ​ទៅ​វិញ" ៖ បើ​ឮ​ពាក្យ​នេះ ភាគរយ​តិច​ណាស់​ដែល​គេ​នឹង​តេ​មក​វិញ​ដូច​ការ​និយាយ​។ យ៉ាង​ណា​មិញ ពេល​ខ្លះ​គេ​មិន​មាន​ចេទនា​នោះ​ទេ គឺ​ច្រើន​តែ​ភ្លេច។

១០. “ខ្ញុំ​នឹង​ស្រក​គីឡូ​ឱ្យ​បាន" ៖ ឃ្លា​នេះ​ច្រើន​ឭ​ចេញ​ពី​នារីៗ ពេល​គាត់​តាំង​ចិត្ត​ចង់​ស្គម តែ​មិន​ដែល​ឃើញ​កើត​ឡើង​ពិត​មែន​នោះ​ទេ៕

រូបតំណាង

អានបន្ត៖ ជីវិត​​​នឹង​លែង​អាប់​អួ​ បើ​អ្នក​អាច​ជៀស​ផុត​ពី​​មនុស្ស​​ ១០​ ប្រភេទ​​នេះបាន​

អត្ថបទ៖ Siyou Tang

អត្ថបទថ្មី