រោគសញ្ញា​គ្រោះថ្នាក់​​ ៧​ យ៉ាង ដែល​​ស្ត្រី​ជា​ច្រើន​មិន​សូវ​អើពើ​

  • 2019-11-28 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃ​នេះ ជំងឺ​រោគ​ស្ត្រី​កាច​សាហាវ​ជា​ច្រើន​ប្រភេទ កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ នៅ​ទូទាំង​សកលលោក។ ដូចនេះ​ស្រី​ៗ​ត្រូវ​តែ​បង្កើន​ចំណេះដឹង​ខ្លួន​ឯង​ឲ្យ​បាន​ប្រសើរ​ឡើង ដើម្បី​រៀន​សង្កេត​តាមដាន​​ដោយ​ខ្លួន​ឯង​ផ្ទាល់ ព្រោះ​ថា​បើ​អ្នក​ដឹង​​ស្ថានការណ៍​បាន​​ឆាប់​រហ័ស ជំងឺ​ទាំង​អស់​ពិត​ជា​អាច​ព្យាបាល​ទាន់​ពេល​វេលា។ សូម​កុំ​ព្រងើយ​កន្តើយ​ត​ទៅ​ទៀត​ជាពិសេស​ប្រសិន​អ្នក​ប្រទះ​ឃើញ​រោគ​សញ្ញា​ទាំង ៧ យ៉ាង​នេះ ព្រោះ​វា​ពិត​ជា​អាច​បង្ក​ហានិភ័យ​ខ្លាំង​ចំពោះ​សុខភាព​នៅ​ថ្ងៃ​ខាង​មុខ៖

១.នោម​ញឹក

ក្រៅ​ពី​ជំងឺ​ទាក់ទង​ជាមួយ​តម្រង​នោម និង​បំពង់​ទឹក​នោម​ ការ​នោម​ញឹកញាប់​ក៏​ជា​សញ្ញា​នៃ​អតុល្យភាព​ការ​ផលិត​​អ័រម៉ូន ឬ​​​​​​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ទ្វា​មាស​របស់​អ្នក​កំពុង​មាន​បញ្ហា។ មួយ​វិញ​ទៀត ប្រសិន​អ្នក​នោម​ញឹក រួច​តែងតែ​ស្រេក​ទឹក វា​ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ ចំនួន​ដង​នៃ​ការ​នោម​ជា​ទូទៅ​គឺ​នៅ​ចន្លោះ​ពី ៤ ទៅ ១០ ដង​ក្នុង​មួយ​ថ្ងៃ ប្រសិន​អ្នក​ផឹក​ទឹក​ក្នុង​បរិមាណ​ធម្មតា។

២.ស្រក​គីឡូ​​ដោយ​មិន​ដឹង​មូលហេតុ

ការ​ស្រក​គីឡូ​បែប​គំហុក ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​រលាក​ពោះវៀន ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​មហារីក​ជា​ដើម។ ប្រសិន​អ្នក​ស្រក​គីឡូ​នៅ​ចន្លោះ​ពី ៤ ទៅ ៧ គីឡូ រយៈ​ពេល​ពី ៦ ទៅ ១២ ខែ​ចុងក្រោយ​ ដោយ​អ្នក​មិន​បាន​លេង​កីឡា ឬ​ក៏​ផ្លាស់ប្ដូរ​ការ​ញ៉ាំ​អ្វី​ទេ អ្នក​គួរ​តែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

រូបតំណាង

**៣. ដុះ​រោម​នៅ​កន្លែង​ដែល​មិន​គួរ​ដុះ​**

ការ​ដុះ​រោម​ច្រើន​​ខុស​ពី​ធម្មតា បញ្ជាក់​ថា​អ័រម៉ូន​បុរស​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រាងកាយ​របស់​អ្នក។ រឿង​ដែល​រឹត​តែ​គួរ​ឲ្យ​ខ្លាច​ជាង​រូបរាង​ប្រែប្រួល​ទៀត​នោះ គឺ​អ្នក​​​អាច​ប្រឈម​មុខ​ជាមួយ​ជំងឺ​អារ (អសមត្ថភាព​ក្នុង​ការ​មាន​កូន) ជំងឺ​មេតាបូលីស ជំងឺ​មហារីក​ដោះ ឬ​ក៏​ជំងឺ​ស្បូន​ជា​ដើម។

៤.ហូរ​ឈាម​បន្ទាប់​ពី​អស់​រដូវ

ជា​ទូទៅ​មនុស្ស​ស្រី​អស់​រដូវ​នៅ​អាយុ​ចន្លោះ​ពី ៤០ ទៅ ៥០ ឆ្នាំ។ ប្រសិន​អ្នក​ស្រាប់​តែ​មាន​ឈាម​រដូវ​សា​ជា​ថ្មី​បន្ទាប់​ពី​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ វា​គឺ​ជា​សញ្ញា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ មហា​រីក​ស្បូន រលាក​មាត់​ស្បូន ដុំ​សាច់​ក្នុង​ស្បូន និង​ជំងឺ​គ្រោះថ្នាក់​ដទៃ​ទៀត​ជា​ច្រើន។

៥.បម្រែបម្រួល​សុដន់

នៅ​ពេល​ដែល​សុដន់​ចាប់ផ្ដើម​ឈឺ​ចាប់​ខ្លាំង និង​មាន​កូន​កណ្ដុរ វា​គឺ​ជា​ដំណាក់កាល​ធ្ងន់ធ្ងរ ស្ទើរ​តែ​យឺត​ពេល​ទៅ​ហើយ។ អ្នក​ត្រូវ​រៀន​សង្កេត​ដោយ​ខ្លួន​ឯង​ថា តើ​វា​មាន​លេច​ចេញ​ដុំ​ពក ស្បែក​ក្រហម ជ្រីវជ្រួញ ឬ​មាន​អ្វី​ខុស​ប្រក្រតី ឬ​អត់។ ប្រសិន​អ្នក​គ្រាន់​តែ​ឈឺ​ចាប់​បន្តិចបន្តួច​មុន​ថ្ងៃ​មក​រដូវ វា​ជា​រឿង​ទូទៅ ព្រោះ​នោះ​ជា​ឥទ្ធិពល​នៃ​បម្រែបម្រួល​អ័រម៉ូន​ប៉ុណ្ណោះ។

៦.ធ្លាក់​ស ឬ​ទឹក​រំអិល​ប្លែក​ខុស​ពី​ធម្មតា

មនុស្ស​ស្រី​ណា​ក៏​ជួប​បញ្ហា​នេះ​ដែរ ប៉ុន្តែ​ប្រសិន​អ្នក​សង្កេត​ឃើញ​ថា វា​ប្រែ​ជា​ពណ៌​ខៀវ ឬ​ក្លិន​​អាក្រក់​ខ្លាំង អ្នក​គួរ​តែ​​ប្រញាប់​ទៅ​​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​រោគ​ស្ត្រី​ជា​បន្ទាន់​។ ផ្ទុយ​ទៅ​វិញ វា​គឺ​ជា​រឿង​ធម្មតា ប្រសិន​អ្នក​សង្កេត​ឃើញ​ទឹក​ទាំង​នោះ​មាន​លាយ​ឈាម​បន្តិចបន្តួច នៅ​រយៈ​ពេល​២​សប្ដាហ៍​មុន​​ថ្ងៃ​មក​រដូវ។

៧.ធ្លាក់​ឈាម​ច្រើន ពេល​មក​រដូវ

បញ្ហា​តំណ​ពូជ ការ​សម្រប​ខ្លួន​របស់​រាងកាយ​ចំពោះ​អាកាសធាតុ ឬ​ការ​ហាត់​ប្រាណ​ខ្លាំង​ជ្រុល ក៏​អាច​បង្ក​ឲ្យ​អ្នក​ធ្លាក់​ឈាម​ច្រើន​ដែរ។ ប៉ុន្តែ​មូលហេតុ​មួយ​ទៀត​ដែល​អ្នក​គួរ​ព្រួយ​បារម្ភ​នោះ គឺ​វា​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​ស្បូន ឬ​ក៏​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ដូច្នេះ​ប្រសិន​រដូវ​របស់​អ្នក​មាន​រយៈ​ពេល​លើស​ពី ៧ ថ្ងៃ អ្នក​គួរ​តែ​​ភ័យ​ព្រួយ ជា​ពិសេស​ប្រសិន​វា​មាន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ថែម​ទៀត៕

រូបតំណាង

ចុចអាន៖ស្រីៗ​ត្រូវ​ដឹង! ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់

ប្រភព៖ Brightside ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម